អន្តរជាតិ
ហុងគ្រី នឹងប្រើប្រាក់រូប្លិ៍ទិញហ្គាសតាមការកំណត់របស់រុស្ស៊ី ទោះ EU ប្រឆាំងក្ដី
07, Apr 2022 , 10:20 am        
រូបភាព
នាយករដ្ឋមន្ត្រីហុងគ្រី វិកទ័រ អបាន។ រូបថត Xinhua
នាយករដ្ឋមន្ត្រីហុងគ្រី វិកទ័រ អបាន។ រូបថត Xinhua
ដោយ:
នាយករដ្ឋមន្រ្តីហុងគ្រី វិកទ័រ អបាន បញ្ជាក់នៅថ្ងៃទី៦ ខែមេសាថា ហុងគ្រីនឹងត្រៀមទូទាត់ជាប្រាក់រូប្លិ៍ក្នុងការទិញហ្គាសពីរុស្ស៊ី។ ហុងគ្រីជារដ្ឋសមាជិកសហភាពអឺរ៉ុប (EU) ដំបូងគេដែលប្រកាសយល់ព្រមតាមការទាមទាររបស់រុស្ស៊ី ដោយច្រានចោលជំហររួមរបស់ EU ។

 
ជាការសងសឹកចំពោះទណ្ឌកម្មលើខាងលិច ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចេញកំណត់ឱ្យរដ្ឋ និងដែនដីទាំង៤៨ ក្នុងបញ្ជីអមិត្តដែលក្នុងនោះក៏មានប្លុកសហភាពអឺរ៉ុប (EU) ត្រូវប្រើប្រាក់រូប្លិ៍ក្នុងការទិញឧស្ម័នពីរុស្ស៊ី ចាប់ពីថ្ងៃទី១ ខែមេសា។ បើមិនដូច្នោះទេ ប្រទេសទាំងនេះត្រូវប្រឈមនឹងការកាត់ផ្តាច់ហ្គាសផ្គត់ផ្គង់ពីរុស្ស៊ី។ 
 
យ៉ាងណាមិញ EU ប្រកាសថា ខ្លួនមិនធ្វើតាមការទាមទាររបស់រុស្ស៊ីឡើយ ដោយអះអាងថាជាការបំពានកិច្ចសន្យាដែលបានព្រមព្រៀងគ្នាក្នុងប្រើប្រាក់អឺរ៉ូ ឬដុល្លារ។ មិនតែប៉ុណ្ណោះ គណៈកម្មការ EU ក៏បានស្នើឱ្យរដ្ឋសមាជិកប្រកាន់ខ្ជាប់កិច្ចសន្យាដើមផងដែរ។ ប៉ុន្តែ ហុងគ្រីដែលជារដ្ឋសមាជិក EU មិនយល់ស្របតាមសំណើររបស់ EU ឡើយ.
 
«យើងគ្មានបញ្ហាអ្វីក្នុងការប្រើប្រាក់រូប្លិ៍ដើម្បីទូទាត់ហ្គាសពីរុស្ស៊ីឡើយ។ ប្រសិនបើរុស្ស៊ីស្នើឱ្យធ្វើដូច្នោះ យើងនឹងទូទាត់ការទិញហ្គាសរុស្ស៊ីជាប្រាក់រូប្លិ៍»។ នាយករដ្ឋមន្រ្តីហុងគ្រី វិកទ័រ អកបាន ថ្លែងបែបនេះនៅសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែមេសា។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto អះអាងថា អាជ្ញាធរ EU គ្មានតួនាទីអ្វីក្នុងកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នរបស់ហុងគ្រីជាមួយរុស្ស៊ីទេ ពីព្រោះវាផ្អែកលើកិច្ចសន្យាទ្វេភាគីរវាងក្រុមហ៊ុនរដ្ឋហុងគ្រី MVM និងក្រុមហ៊ុនរុស្ស៊ី Gazprom ប៉ុណ្ណោះ។
 
ហុងគ្រីដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេង និងហ្គាសពីរុស្ស៊ី ជាប្រទេសមួយក្នុងចំណោមរដ្ឋសមាជិក EU មួយចំនួនទៀតដែលមិនគាំទ្រការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលរុស្ស៊ី។ មកទល់ពេលនេះ ក្រៅពីការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន EU នៅតែមិនទាន់យល់ស្របគ្នាលើទណ្ឌកម្មផ្នែកថាមពលនៅឡើយ ខណៈបណ្តាប្រទេស EU ពឹងផ្អែកការផ្គត់ផ្គង់ហ្គាសពីរុស្ស៊ីប្រហែល១ភាគ៣នៃការផ្គត់ផ្គង់សរុប។ 
 
លោក អបាន ដែលទើបជាប់ឆ្នោតនាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៤ជាប់ៗគ្នាមកនេះ បានបន្តទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស្អិតល្មួតជាមួយទីក្រុងមូស្គូអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ក្នុងការជាប់ឆ្នោតអាណត្តិទី៤ នៅថ្ងៃទី៣ ខែមេសានេះ លោកបានសន្យារក្សាសន្តិសុខហ្គាសសម្រាប់ប្រជាជនហុងគ្រីផងដែរ៕

Tag:
 ហុងគ្រី
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com