ជាតិ
ការជួសជុលខ្លោងទ្វារតាកាវ ក្រុងអង្គរធំ សម្រេចបានប្រមាណ៧០ភាគរយ
09, Apr 2022 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ គម្រោងជួសជុលខ្លោងទ្វារតាកាវ​ ក្រុងអង្គរធំ កំពុងដំណើរការដោយទៅមុខដោយរលូន និងរំពឹងថា អាចរួចរាល់នាពេលឆាប់ៗនេះ។  ក្រុមការងារបច្ចេកទេស បញ្ជាក់ថា ការជួសជុលគិតមកទល់បច្ចុប្បន្ននេះ សម្រេចបានប្រមាណ៧០ភាគរយហើយ។

 
សូមទស្សនាវីដេអូសកម្មភាពការងារ នៅខ្លោងទ្វារតាកាវ ក្រុងអង្គរធំ ដែលក្រុមការងារសារព័ត៌មានថ្មីៗ ចុះទៅថតនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២៖ 
 
 
ស្ថាបត្យករ កញ្ញា ម៉េង​ សុវណ្ណលីលីន បានឱ្យដឹងថា ការងារសំខាន់ៗនៃគម្រោងជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ សម្រេចបានជិតរួចរាល់តាមផែនការការងារហើយ ក្នុងនោះដូចជា ដំរី កំពូលខ្លោងទ្វារ និងស្លាបដំបូលជាដើម ក៏ជិតរួចរាល់ហើយដែរ។ 


 កញ្ញា ម៉េង សុវណ្ណលីលីន ជាស្ថាបត្យករ និងអ្នកបច្ចេកទេសជួសជុលសំណង់ប្រាសាទ នៃអាជ្ញាធរជាតិអប្សរា

 
ចំណែកនៅផ្នែកខាងក្រោមនៃផ្នែកច្រាំងស្ពានខាងលិចវិញ មានការបកស្រទាប់ដី ដើម្បីពិនិត្យមើលស្ថានភាពថ្មដែលរលួសធ្លាក់ក្នុងទឹក។ ក្រុមការងារនៃគម្រោង ចង់បញ្ជាក់ពីវត្តមាននៃថ្ម ថាពិតជានៅទីតាំងដើម ឬមានការបាត់បង់ទៅណាខ្លះ។ល។ 


 
ក្រៅពីការងារជួសជុលនេះដែរ អាជ្ញាធរជាតិអប្សរា តាមរយៈនាយករដ្ឋានជំនាញ កំពុងស្ថាបនាផ្លូវក្រាលកៅស៊ូថ្មី នៅច្រកទ្វារខាងកើត នៃក្រុងអង្គរធំនេះ ដោយរំពឹងថា អាចជំនួសចរាចរណ៍ចេញចូលសម្រាប់យានយន្តគ្រប់ប្រភេទ ខណៈពីមុខធ្វើដំណើរបានត្រឹមម៉ូតូប៉ុណ្ណោះ ព្រោះមានការបិទចរាចរណ៍សម្រាប់រថយន្ត ដោយសារស្ថានភាពខ្លោងទ្វារមានសភាពទ្រុឌទ្រោម។ 


 
សូមរំឭកថា គម្រោងជួសជុលខ្លោងទ្វារតាកាវ ជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលបានចាប់ផ្តើមដំណើរការពីខែ កុម្ភៈ ឆ្នាំ២០២១ មក៕




 
 

Tag:
 ខ្លោងទ្វារតាកាវ
  ក្រុងអង្គរធំ
© រក្សាសិទ្ធិដោយ thmeythmey.com