ជាតិ
វគ្គបណ្ដុះបណ្ដាលឥតគិតថ្លៃលើសេវាម្ហូបអាហារ និងភេសជ្ជៈ ដើម្បីត្រៀមទទួលទេសចរមូស្លីម
09, Apr 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសជ្រើសរើសសិស្ស និស្សិត ឬបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ឱ្យចូលរៀនវគ្គបណ្ដុះបណ្ដាលលើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដើម្បីត្រៀមទទួលទេសចរមូស្លីម។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ វគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃនេះ នឹងរៀនតាមប្រព័ន្ធអនឡាញ និងរៀនដោយផ្ទាល់។

 
ដើម្បីត្រៀមទទួលទេសចរមូស្លីមនាពេលខាងមុខ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នឹងរៀបចំវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃ លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈដល់សិស្ស និស្សិត និងបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍។ វគ្គបណ្ដុះបណ្ដាលនេះ ចាប់ផ្ដើមចូលរៀននៅថ្ងៃទី២៤ មេសា នាស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដែលរៀនជាភាសាអង់គ្លេស និងបង្រៀនដោយសាស្រ្តាចារ្យជនជាតិឥណ្ឌូនេស៊ី។ 
 
សម្រាប់សិស្ស និស្សិត ឬបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ អាចចុះឈ្មោះតាមអាសយដ្ឋាន https://www.tptd.org។ វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយចូលរួមលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងចូលរួមជំរុញការអភិវឌ្ឍជំនាញ ជាពិសេសជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។
 
សូមបញ្ជាក់ថា ទេសចរមូស្លីម ជាការជំរុញចលនាទេសចរណ៍ថ្មី ដែលក្រសួងទេសចរណ៍ កំពុងរៀបចំ ដោយសម្លឹងឃើញថា អនាគតអាចនឹងល្អប្រសើរសម្រាប់ទីផ្សារកម្ពុជា។ ជាមួយគ្នានេះ ក្រសួងក៏បានណែនាំឱ្យម្ចាស់អាជីវកម្មទាំងអស់ គួរត្រៀមខ្លួននូវចំណុចសំខាន់ៗមួយចំនួន ដូចជាអាហារដ្ឋាន ត្រូវមានស្ដង់ដារហាឡាល់ ស្របតាមគោលការណ៍សាសនាឥស្លាម ដោយមានកន្លែងថ្វាយបង្គំ រួមនឹងបន្ទប់ទឹកស្អាតផងដែរ៕
 

Tag:
 ទេសចរណ៍
  មូស្លីម
© រក្សាសិទ្ធិដោយ thmeythmey.com