ជាតិ
ស្ថានភាពទឹក​មិនទៀងទាត់ នាំ​ឱ្យដើមឈើលិចទឹកក្នុងតំបន់រ៉ាមសារងាប់ និងដួលបន្ត​បន្ទាប់
10, Apr 2022 , 9:59 am        
រូបភាព
ដោយ:
ស្ទឹងត្រែង៖ ដើមអញ្ចែង ដើមរៃ ដើមជ្រៃ ក្នុងតំបន់រ៉ាមសារ ភូមិសាស្រ្តកោះហាន បានងាប់ និងដួលជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយ ដោយសារកម្លាំងទឹកហូរខ្លាំង រួមជាមួយអាកាសធាតុប្រែប្រួល។ លោកស្រី ប៉ុន សុផាន កំពុងបារម្ភថា បើដើមឈើទាំងនោះនៅតែបន្តងាប់ និងរលំនៅថ្ងៃណាមួយ ជម្រកសត្វស្លាប ត្រីពងកូន ត្រីប្រភេទកម្រ នឹងត្រូវបាត់បង់ទៅតាមវិនាសកម្ម​នៃជីវិតព្រៃធម្មជាតិនោះដែរ។


 
ពលរដ្ឋ ភ្ញៀវទេសចរដែលធ្វើដំណើរដល់ទឹកដីស្ទឹងត្រែងផ្នែកខាងលើ តាមដងទន្លេមេគង្គ នឹងបានឃើញទេសភាពដើមឈើតូចធំនៅតាមកោះ ដុះប្របតាមទឹកទន្លេ ជាទិដ្ឋភាព និងទេសភាពប្លែកពីតំបន់ដទៃទៀតនៃប្រទេសកម្ពុជា។ ទន្ទឹមពេលធ្វើដំណើរពីដីគោក ឆ្ពោះទៅតំបន់ទេសចរណ៍បែបអេកូទេសចរណ៍ធម្មជាតិកោះហាន លោកអ្នក នឹងបានទស្សនានូវទិដ្ឋភាព ដើមឈើតូចធំ សត្វស្លាប ហើរត្រសងតាមដងទន្លេ។ ទេសភាពធម្មជាតិទាំងនេះ ក៏កំពុងរងការគំរាមកំហែង និងបានក្លាយជាក្តីបារម្ហ ដែលអាចនឹងបាត់បង់នៅថ្ងៃខាងមុខ។

រូបក្រេឌីត៖ ដើមឈើងាប់ ថតតាមទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង តំបន់រ៉ាមសារ 

លោកស្រី ប៉ុន សុផាន ប្រធានសហគមន៍អេកូទេសចរណ៍កោះហាន បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥ អំឡុងពេលធ្វើដំណើរតាមទូកលើដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងថា បច្ចុប្បន្នសហគមន៍អេកូទេសចរណ៍កោះហានបានទទួលភ្ញៀវមកកម្សាន្តច្រើន​ ដោយអាស្រ័យលើសក្តានុពលរបស់ព្រៃលិចទឹកនៃខេត្តស្ទឹងត្រែង។ លោកស្រី លើកឡើងថា ទិដ្ឋភាពដើមអញ្ចែង ដើមរៃ ដើមជ្រៃ នៅក្នុងតំបន់រ៉ាមសារភូមិសាស្រ្តកោះហាននៃទន្លេមេគង្គលើ បានកំពុងទាក់ទាញអ្នកទស្សនាទាំងភ្ញៀវជាតិ-អន្តរជាតិ ពីទីជិតឆ្ងាយមកទស្សនា។

 ដើមឈើងាប់ដួលដេកក្នុងទឹក នៅតាមទន្លេមេគង្គលើ នៃខេត្តស្ទឹងត្រែង

ប្រធានសហគមន៍អេកូទេសចរណ៍កោះហាន បញ្ជាក់បែបនេះ៖ «ព្រៃលិចទឹកបានក្លាយជាទីតាំងអេកូទេសចរណ៍ដ៏ពេញនិយម។ ភ្ញៀវភាគច្រើនមកទស្សនា ធម្មជាតិប្លែកៗជាងតំបន់ផ្សេង។ ពលរដ្ឋក្នុងសហគមន៍ទទួលបានប្រាក់កម្រៃមួយផ្នែក ដោយការបម្រើសេវាជូនភ្ញៀវ មកកម្សាន្តនៅទីនេះ»។
 
បច្ចុប្បន្នទន្ទឹមនឹងភាពរីករាយ សហគមន៍រួមនឹងពលរដ្ឋ កំពុងបារម្ភពីបញ្ហាការបាក់រលំដើមឈើលិចទឹកជាបន្តបន្ទាប់ ដែលជំរុញឱ្យផ្នែកខ្លះនៃព្រៃលិចទឹកក្លាយជាទីរហោលដ្ឋាន។ បើតាមលោកស្រី សុផាន នៅពេលព្រៃឈើទាំងនោះបាត់បង់ បញ្ហាចម្បង គឺនឹងធ្វើ​ឱ្យប៉ះពាល់ដល់ការរស់នៅរបស់មនុស្ស សត្វ និងជីវចម្រុះ។

 រូបភាពតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង ថតពីលើ 

«មួយឆ្នាំៗ ដើមឈើទាំងនេះ តែងងាប់មិនលស់។ ឆ្នាំនេះ ដើមរៃ ដើមជ្រៃ និងដើមអញ្ចែងនៅតំបន់យើង ដួលកាន់តែច្រើន។ ដើមទាំងនេះ មានប្រយោជន៍សម្រាប់មនុស្ស សត្វ សត្វស្លាប ត្រី ជីវចម្រុះគ្រប់ប្រភេទ កំពុងអាស្រ័យផល។ ចំពោះសត្វស្លាប ​ដើមឈើជាកន្លែងពងកូន និងជម្រករបស់ពួកវា។ ចំណែកឯត្រីវិញ គល់ឈើនៃព្រៃលិចទឹកទាំងនោះ​ បានក្លាយជាកន្លែងលាក់ខ្លួន និងជាជម្រកពងកូនដ៏សុវត្ថិភាពសម្រាប់មច្ឆជាតិ»។ នេះជាការពន្យល់របស់ប្រធានសហគមន៍ ដោយលោកស្រីបន្ថែមថា សម្រាប់ពលរដ្ឋរស់នៅក្នុងតំបន់នេះ ព្រៃឈើក្នុងតំបន់រ៉ាមសារមិនត្រឹមជារនាំងការពារគ្រោះធម្មជាតិសម្រាប់ពួកគេទេ ប៉ុន្ដែវាបានក្លាយជាប្រភេទចំណូលដ៏សំខាន់សម្រាប់សហគមន៍ និងគ្រួសារ។

លោកស្រី ប៉ុន សុផាន ( បងកដោយក្រម៉ា ពណ៌ខៀវ)ប្រធានសមាគមន៍អេកូទេសចរណ៍កោះហាន 

ជាមួយគ្នានេះ លោកស្រី បារម្ភថា ប្រសិនបើដើមឈើព្រៃលិចទឹកទាំងនេះ ត្រូវបានបាត់បង់របរនេសាទរបស់ពលរដ្ឋក៏ត្រូវប្រឈម ហើយធនធានមានជីវិតនឹងធ្លាក់ចុះដោយមិនអាចត្រលប់ថយក្រោយ។ កំពុងឈរនៅក្នុងតំបន់ព្រៃលិចទឹកខេត្តស្ទឹងត្រែង លោកស្រី ប៉ុន សុផាន និយាយទាំងទឹកមុខក្រៀមក្រំ​ដូច្នេះ៖ «ពួកយើងបារម្ភណាស់ បើទឹកនៅឡើងចុះមិនទៀងទាត់បែបនេះ អាចជាហានិភ័យសម្រាប់ព្រៃលិចទឹកនៅតំបន់រ៉ាមសារ។ មួយវិញទៀត ប៉ុន្មានឆ្នាំនេះ នៅរដូវទឹកឡើង ទឹកហូរខ្លាំងវាធ្វើឱ្យមានដើមខ្លះដួល ខ្លះងាប់ព្រោះ ទប់នឹងចរន្តទឹកមិនបាន។ បើនៅតែបែបនេះ មិនយូរទេពួកដើមឈើទាំងនេះនឹងងាប់អស់»។
 
តំបន់រ៉ាមសារស្ទឹងត្រែង ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង មានទំហំ ១៤៦០០ហិកតា គ្របដណ្តប់ចំនួន ១៧ភូមិ ៣ឃុំ ២ស្រុក ១សង្កាត់ ចាប់ពីកន្ទុយ កោះស្នាមជ័យ រហូតដល់ក្បាលកោះព្នៅ។ តំបន់រ៉ាមសារក្នុងខេត្តនេះ  ជាកន្លែងសក្តានុពល សម្រាប់វិស័យទេសចរណ៍ និងការធ្វើកសិកម្ម រួមទាំង​របរនេសាទ៕
 
 

Tag:
 ខេត្តស្ទឹងត្រែង
  ដើមរំចេក
  ដួលរំ
  ការប្រែប្រួល
© រក្សាសិទ្ធិដោយ thmeythmey.com