ជាតិ
ស្រី្តក្នុងវិស័យសារព័ត៌មានកើនឡើង អមដោយសមត្ថភាពកាន់តែខ្ពស់
09, Apr 2022 , 4:59 pm        
រូបភាព
អ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាននៃស្ថាប័នសារព័ត៌មានថ្មីៗ កំពុងសម្ភាសកសិករនាពេលកន្លងមក។
អ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាននៃស្ថាប័នសារព័ត៌មានថ្មីៗ កំពុងសម្ភាសកសិករនាពេលកន្លងមក។
ភ្នំពេញ៖ សមាគមមិនមែនរដ្ឋាភិបាល និងរដ្ឋាភិបាល សង្កេតឃើញថា វត្តមានស្រី្តក្នុងវិស័យសារព័ត៌មាន នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសពពេញដោយ សមត្ថភាព ។ វឌ្ឍនភាពនេះ គឺដោយសារកត្តាគោលនយោបាយជំរុញលើកម្ពស់ស្រី្ត លំហសេរីភាព វប្បធម៌ និងការវិវឌ្ឍ​នៃ​បច្ចេកវិទ្យាផងដែរ។

 
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថា វិស័យព័ត៌មាន ឬសោតទស្សន៍នៅកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំគឺមានការរីកចម្រើនគួរជាទីមោទកភាព ទាំង មធ្យោបាយ ផ្សព្វផ្សាយ និងវិសាលភាពនៃការផ្សព្វផ្សាយ។ ជាក់ស្ដែង ពលរដ្ឋទទួលបានព័ត៌មាន ឬហេតុការណ៍ ផ្សេងៗនៅក្នុង និងក្រៅប្រទេសបានគ្រប់ពេលវេលាយ៉ាងឆាប់រហ័សបំផុត។ ភាពរីកចម្រើននេះ គឺមិនអាចកាត់ផ្ដាច់ពីស្រី្តបានឡើយ ពោលគឺពួកគេបានទាំងលះបង់កម្លាំងកាយ និងចិត្ត ក្នុងការបំពេញការងារលើវិស័យសារព័ត៌មាន។ 
 
ទោះបីមិនមានរបាយការណ៍បង្ហាញជាក់លាក់ស្ដីពីតួលេខស្រី្តក្នុងវិស័យសារព័ត៌ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានកើនឡើងជាក់លាក់ក៏ពិតមែន ប៉ុន្តែ លោក មាស សុភ័ណ្ឌ អះអាងថា៖ «ស្រី្តក្នុងវិស័យសារព័ត៌មាន គឺមានការកើនឡើង និងពោរពេញដោយសមត្ថភាព និងជំនាញ»។ របាយការណ៍របស់ក្រសួងព័ត៌មាន នៅឆ្នាំ២០២១ មានអ្នកសារព័ត៌មានជាស្រី្តជាង៤៧០នាក់ ក្នុងចំណោមអ្នកសារព័ត៌មានសរុណជាង៥០០០នាក់។ 
 
អ្នកនាំពាក្យ​ក្រសួងព័ត៌មាន បាន​លើក​ឡើងថា កត្តាដែលនាំឲ្យមានការវិវឌ្ឍបែបនេះ ព្រោះកម្ពុជាអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពុហុបក្ស ទទួលស្គាល់សិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិផ្សេងៗទៀត ស្របតាមរដ្ខធម្មនុញ្ញ។ លើសពីនេះ ក្របខណ្ឌគោលនយោបាយនៅកម្ពុជាបានលើកកម្ពស់សិទ្ធិសេរីភាពស្មើគ្នារវាងបុរសនិងស្រ្តី និងការជំរុញឲ្យមានសមភាពយេនឌ័រក្នុងស្ថាប័នរដ្ឋ រួមទាំងឯកជនផងដែរ។ 
 
លោក មាស សុភ័ណ្ឌ ហើយសរសើរពីវីរភាពរបស់ស្រី្តយ៉ាងដូច្នេះថា៖ «បច្ចុប្បន្នស្រី្តមានទាំង ភាពក្លាហាន ការគាំទ្រពីរដ្ឋាភិបាល មជ្ឈដ្ឋានជុំវិញ និងគ្រួសារ ដើម្បីធ្វើយ៉ាងណា បានចូលរួមចំណែកយ៉ាងសំខាន់ទៅគ្រប់វិស័យទាំងអស់លើការអភិវឌ្ឍសង្គម ក្នុងនោះក៏មានវិស័យសារព័ត៌មានផងដែរ»។
 
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ក៏កត់សម្គាល់ឃើញផងដែរនូវវត្តមាន​ស្ត្រីក្នុងវិស័យសារព័ត៌មាន ដែល​មានចំនួន​ច្រើន ជាងមុនរយៈពេល១០ឆ្នាំមុន ស្របពេល​នៃ​ ការរីកចម្រើនខាង ប្រព័ន្ធឌីជីថល បច្ចេកវិទ្យា ពិសេសប្រព័ន្ធទូរស័ព្ទស្មាតហ្វូន។
 
លើសពីនេះ លោកបាន​លើកឡើងពី​កត្តាអំណោយផលនៃការងារ ព្រោះស្ថាប័ន នីមួយៗ ត្រូវការវត្តមានស្រ្តី ខណៈបច្ចុប្បន្ន ស្រី្តមានសមត្ថភាព ក្នុង​ការ​កាន់​តួនាទីជាប្រធាន ឬអ្នកគ្រប់គ្រងស្ថាប័នស្មើគ្នានឹងបុរស។ 
 
ទន្ទឹមនឹងការរីកចម្រើននៃវិស័យសារព័ត៌មាន និងការកើនឡើងនៃការចូលរួមរបស់ស្រី្ត នាយកប្រតិបត្តិខេមបូចា នៅតែបន្តមើលឃើញ ពីបញ្ហាប្រឈម។ បញ្ហាទាំងនោះ មានការគំរាមកំហែង និងការបៀតបៀន ដែលធ្វើឲ្យអ្នកសារព័ត៌មាន ពិសេសស្រី្តព្រួយបារម្ភនៅអំឡុងពេលបំពេញការងារ។ 
 
«អាជ្ញាធរមូលដ្ឋានខ្លះ ឃើញគាត់ជាស្រី្ត [អ្នកសារព័ត៌មាន] ក៏គំរាមដក​ទូរសព្ទ និងពិនិត្យ​ រូបភាពដែលថតបាន។ មន្ត្រី​ខ្លះថែម​ស្រែកចង្អុលមុខផងដែរ​»។ នេះបើតាមការលើកឡើង របស់លោក ណុប វី។ 
 
ប៉ុន្តែ តាមការកត់សម្គាល់របស់លោក មាស សុភ័ណ្ឌ រយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រសួង ព័ត៌មានពុំដែលទទួលបានពាក្យបណ្ដឹង ឬការស្នើសុំអន្តរាគមន៍ណាមួយពី អ្នកសារព័ត៌មាន ស្រី្តឡើយ លើករណីបៀតបៀន។ ការលើកឡើងរបស់សង្គមស៊ីវិលមួយចំនួន ដែលបានលើក ឡើងថា មានការបៀតបៀនលើអ្នកសារព័ត៌មានស្រី្ត គឺពុំដែលឃើញបង្ហាញ ពីរឿងរ៉ាវលម្អិតឲ្យច្បាស់លាស់ឡើយ។ យ៉ាងណា លោកលើកទឹកចិត្តឲ្យស្រី្តដែលជួបបញ្ហាប្រឈម ពិសេសករណីបៀនបៀតនេះ បកបង្ហាញ និងដោះស្រាយតាមផ្លូវច្បាប់។ 
 
ករណី​នេះ លោក ណុប​ វី តបវិញថា ការមិនទទួលបានពាក្យបណ្ដឹង គឺមិនប្រាកដថា មិនមែន ករណីបៀនបៀននោះទេ។ ជន​រងគ្រោះដែលជាអ្នកសារព័ត៌មានស្ត្រីខ្លះ ដែលធ្លាប់មានបញ្ហាជាមួយអាជ្ញាធរ ទំនងដឹងថារកខុសត្រូវមិនបានផលទើបមិនរាយការណ៍ ឬដាក់ពាក់បណ្ដឹង  ជាក់ស្ដែង នៅឆ្នាំ២០២១ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានទទួលការរាយការណ៍ថា មានមួយករណី។ 
 
ជាមួយគ្នានឹងការរីកចម្រើននៃបច្ចេកទេសផ្សព្វផ្សាយ រួមទាំងការកើនឡើងនៃចំនួន ស្រី្តក្នុង វិស័យសារព័ត៌មាន មិនមែនមានន័យថា សេរីភាពសារព័ត៌មានល្អប្រសើរជាងមុនឡើយ។ កម្ពុជានៅតែស្ថិតក្នុងស្ថានភាពលំបាកនៃសេរីភាពសារព័ត៌មាន ពោលគឺចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោម១៨០ប្រទេស ដែលអង្គការអ្នកកាសែតគ្មានព្រំដែនបានចេញរបាយការណ៍។
 
ដោយឡែក បញ្ហាប្រឈមរបស់អ្នកសារព័ត៌មានស្រី្ត ដែលអ្នកនាំពាក្យក្រសួងព័ត៌មាន មើលគឺស្ត្រី ជាប់កិច្ចការផ្ទះច្រើន ហើយវិស័យសារព័ត៌មានគឺពុំសូវមានថ្ងៃសម្រាកឡើយ។ ទន្ទឹមនឹងនេះ ក្នុងសង្គមជាប់មានគំនិតបន្ទច់បង្អាក់ថា ការងារជាអ្នកសារព័ត៌មានមានហានិភ័យ គ្មានសុវត្ថិភាព ពិសេសចុះតាមបណ្ដាខេត្ត។ យ៉ាងណាមិញ នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ បញ្ហាលើត្រូវបានថមថយ ព្រោះរដ្ឋ សង្គមស៊ីវិល អង្គភាពសារព័ត៌មាន និងពលរដ្ឋ បានយល់ដឹងនឹងឲ្យតម្លៃដល់ស្រី្ត។ 
 
ដើម្បីដោះស្រាយបញ្ហាប្រឈមនានាខាងលើនេះ ណុប វី បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធជួយចាត់ទុកអ្នកសារព័ត៌មានជាដៃគូសហការដូចប្រសាសន៍សម្តេច​នាយករដ្ឋមន្រី្ត សម្រាប់បម្រើប្រយោជន៍សាធារណ។ 
 
ចំណែក លោក មាស សុភ័ណ្ឌ អំពាវនាវឲ្យទីភ្នាក់ងារ ឬអង្គភាពសារព័ត៌មានបន្ត​ផ្ដល់ឱកាសដល់ស្រី្តឲ្យបានច្រើន ដើម្បីបញ្ចេញសមត្ថភាព ហើយ​លោក​លើ​កទឹកចិត្តដល់​ស្ត្រីគ្រប់រូបត្រូវបន្តហ៊ានបញ្ចេញសមត្ថភាពរបស់ខ្លួន និងពង្រឹងចំណេះដឹងនិងវិជ្ជជីវៈរបស់ឲ្យកាន់តែប្រសើរឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com