ជាតិ
ភ្នំឱរ៉ាល់ ថយទេសចរជាង២ពាន់នាក់ នាដើមឆ្នាំ២០២២នេះ
10, Apr 2022 , 10:59 am        
រូបភាព
រយៈពេល៣ខែ នៃឆ្នាំ២០២២ ភ្នំឱរ៉ាល់ មានភ្ញៀវទេសចរជាតិ និងបរទេស ទៅកម្សាន្តជាង២០០នាក់ប៉ុណ្ណោះ។ បើតាមលោក ឈឺន ឈីម មគ្គុទ្ទេសក៍ទេសចរនាំភ្ញៀវភ្នំឱរ៉ាល់ ចំនួនភ្ញៀវទេសចរដែលមកឡើងភ្នំឱរ៉ាល់ បានធ្លាក់ចុះយ៉ាងគំហុកជាង២ពាន់នាក់ឯណោះ បើធៀបនឹងឆ្នាំ២០២១។


ភ្នំឱរ៉ាល់ ជាភ្នំខ្ពស់ជាងគេនៅកម្ពុជា។ កន្លងមកទោះមានវិបត្តិកូវីដ-១៩ ក៏តំបន់ទេសចរណ៍មួយនេះ នៅតែមានភ្ញៀវទេសចរទៅកម្សាន្តរាប់ពាន់នាក់ផងដែរ។ ដោយឡែកនៅឆ្នាំ២០២២នេះ ភ្នំឱរ៉ាល់ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តចំនួន២១៣នាក់ប៉ុណ្ណោះ។
 
លោក ឈឺន ឈីម ដែលជាមគ្គុទេ្ទសក៍ទេសចរនាំភ្ញៀវភ្នំឱរ៉ាល់ បានអះអាងថា អំឡុងពេលនេះ គឺសាកសមបំផុតសម្រាប់ទេសចរផ្សងព្រេង ឡើងភ្នំ ដោយគ្មានភ្លៀង ងាយស្រួលដើរ។ ប៉ុន្តែឆ្នាំនេះ ផ្ទុយពីរាល់ឆ្នាំ គឺពុំសូវមានភ្ញៀវមកឡើយ មានជាង២០០នាក់ប៉ុណ្ណោះ ខណៈកូវីដ-១៩ ក៏ថមថយផងដែរ។
 
មគ្គុទេ្ទសក៍ទេសចររូបនេះ លើកឡើងថា៖«ខ្ញុំមិនដឹងថាយ៉ាងម៉េចដែរ បើស្ងាត់ភ្ញៀវអ៊ីចឹង។ ឆ្នាំទៅមិញ មានភ្ញៀវមកច្រើន ជាង២ពាន់នាក់ ហ្នឹងមានកូវីដ-១៩ផង»។ លោក បន្តថា ភ្ញៀវទេសចរធ្លាក់ចុះដូច្នេះ ចំណូលរបស់ពលរដ្ឋក្នុងសហគមន៍ក៏ធ្លាក់ចុះផងដែរ ដ្បិតពួកគេពឹងផ្អែកលើការងារទេសចរ ជាងការងារកសិកម្មបន្តិចបន្តួច។ 
 
ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន២១៣នាក់នោះ មានទេសចរជាតិចំនួន១៦០នាក់ និងបរទេសចំនួន៥៣នាក់។ នេះបើតាមការបញ្ជាក់របស់លោក ឈឺន ឈីម ដដែល។
 
សូមបញ្ជាក់ថា គោលដៅទេសចរណ៍ ដែលស្ថិតនៅខេត្តកំពង់ស្ពឺ ២កន្លែងហើយ បានស្ងាត់ភ្ញៀវទេសចរ ក្នុងឆ្នាំ២០២២នេះ។ ក្នុងនោះ ភ្នំខ្នងផ្សា ទទួលបានទេសចរជាង១០០នាក់ប៉ុណ្ណោះ និងភ្នំឱរ៉ាល់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com