ជាតិ
ក្រសួងអប់រំ ជ្រើសរើសយុវជនចូលរួម​ «កិច្ចសន្ទនាយុវជនអាស៊ានលើកទី១» ឆ្នាំ២០២២
09, Apr 2022 , 5:59 pm        
រូបភាព
ដោយ៖ ហេង ស្រីលីន
 
ភ្នំពេញ៖ ក្រសួងអប់រំ​  យុវជន និងកីឡា ជ្រើសរើសយុ​វជនកម្ពុជាចំនួន៥រូប ចូលរួម«កិច្ចសន្ទនាយុវជនអាស៊ានលើកទី១» ឆ្នាំ២០២២។ យុវជនដែលចូលរួមកម្មវិធីនេះ នឹងអាចស្វែងយល់បន្ថែមអំពីអាស៊ាន និងអាចបង្ហាញសមត្ថភាព និងទេពកោសល្យខ្លួនលើឆាកអន្តរជាតិ។

 
លោក ហាក់ ប៊ុនលេង ជាក្រុមការងាររៀបចំកម្មវិធីកិច្ចសន្ទនាយុវជនលើកទី១ នៃក្រសួងអប់រំ លើកឡើងថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ឱ្យយុវជនមកពីអាស៊ាន និងសាធារណរដ្ឋកូរ៉េ ស្វែងរកអត្ថប្រយជន៍ និងកាលានុវត្តភាព ដែលបានមកពីបដិវត្តន៍ឧស្សាហកម្ម៤.០ និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងពីជំងឺរាតត្បាតជាសាកល។
 
លោក ហាក់ ប៊ុនលេង បន្ថែមថា៖​ « កិច្ចសន្ទនាយុវជនលើកទី១-FIRST ASEAN YOUTH DIALOGUE ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាកិត្តិយសដ៏អស្ចារ្យ និងជាឱកាសសម្រាប់យុវជនកម្ពុជា ក្នុងការបង្ហាញអំពីសក្តានុពលរបស់ខ្លួន។ ដោយយុវជន មានឱកាសចូលរួម និងរៀនសូត្រពីគ្នាទៅវិញទៅមក រវាងយុវជនពីបណ្តា ប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ។»
កម្មវិធីនេះមាន២ដំណាក់កាល ដោយដំណាក់កាលទីមួយ Virtual Pre-departure Program ធ្វើឡើងនៅថ្ងៃទី១៨-២០ ខែកក្កដា ឆ្នាំ២០២២ និងដំណាក់កាលទី២ On-site Event នៅថ្ងៃទី២៤-២៧ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
 
សម្រាប់ បេក្ខជនដែលមានបំណងចង់ដាក់ពាក្យ ត្រូវមានអាយុចន្លោះពី១៨ ដល់ ៣៥ឆ្នាំ និងអាចប្រើប្រាស់ ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។ បេក្ខជនត្រូ​វដាក់ពាក្យតាម ប្រព័ន្ធអ៊ីនធឺណេត https://forms.gle/ZVA2cphvA6xNFzEy9 ឱ្យបានមុនថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២៕ 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com