ជាតិ
វត្តប៉ោយចារ ខេត្តបន្ទាយមានជ័យ ប្រើមួកស្លឹកត្នោត៦០០ តុបតែង ទទួលសង្រ្កាន្ត
10, Apr 2022 , 3:59 pm        
រូបភាព
ដោយ:
 ព្រះតេជគុណ ឡយ សាមឿន ចៅអធិការវត្តជ័យសត្ថារាម ហៅវត្តប៉ោយចារ ក្នុងខេត្តបន្ទាយមានជ័យ ប្រើមួកស្លឹកត្នោតចំនួន៦០០ ដើម្បីតុបតែងបរិវេណវត្ត ទទួលទេវតាឆ្នាំថ្មី។ លើសពីនេះគណកម្មាធិការវត្តក៏បានប្រមូលដបទឹកសុទ្ធដែលប្រើរួចចំនួន៣០០ដប​យកលាបពណ៌ តាំងលម្អសម្រាប់ការថតរូប។



គណកម្មការវត្តជ័យសត្ថារាម ហៅវត្តប៉ោយចារ កំពុងរៀបចំ​តុបតែងទីអារាម ឱ្យមានភាពទាក់ទាញតាមបែបវប្បធម៌​និងសាសនា សម្រាប់ថ្ងៃសង្រ្កាន្ត នៃបុណ្យប្រពៃណីខ្មែរ។ ព្រះតេជគុណ ឡយ សាមឿន ចៅអធិការវត្តបានជ្រើសប្រើមួកស្លឹកត្នោតសម្រាប់ចងជារូបរាងផ្សេងៗ តុបតែងនៅខ្លោងទ្វាវត្ត​ និងកន្លែងថតរូប។


 
ព្រះតេជគុណ ឡយ សាមឿន ចៅអធិការវត្តជ័យសត្ថារាម ហៅវត្តប៉ោយចារ  មានសង់ដីការប្រាប់សារព័ត៌មានThmeyThmey25 ថា មួកស្លឹកដែលត្រូវបានយកមកតុបតែងមានចំនួន៦០០ ដែលចំណាយថវិកាអស់ ៤៨ម៉ឺនរៀល។ ចំពោះការជ្រើសមួកស្លឹកនេះ គឺដើម្បីបង្ហាញពីវប្បធម៌ខ្មែរ។​


 
ព្រះតេជគុណ ឡយ សាមឿន ពន្យល់ដូច្នេះ៖ « ការដាក់មួកស្លឹងត្នោត គឺដើម្បីបង្ហាញពីវប្បធម៌ខ្មែរ ព្រោះត្នោតគឺមានសារសំខាន់​ និងអត្ថប្រយោជន៍ច្រើន ហើយក៏មានយកដបទឹកដែលវត្តប្រមូលទុកប្រហែល៣០០ យកលាបពណ៌សម្រាប់ចងតុបតែង ឱ្យប្លែកពីរាល់ឆ្នាំ »។


 
ព្រះតេជគុណអង្គរនេះបន្តថា វត្តប៉ោយចារ ក៏មានការរៀបកម្មពិធីសង្រ្កាន្តរយៈពេលថ្ងៃពេញ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដូចជាការលេងល្បែងប្រជាប្រិយ ការរាំកម្សាន្តដែរ។ លើសពីនេះក្នុងវត្តនេះក៏នឹងបង្ហាញ ការសម្ដែងរៀបអាពាហ៍ពិពាហ៍ ពីយុវជននៅតំបន់នោះដើម្បីបង្ហាញពីវប្បធម៌ខ្មែរដែរ៕
 

Tag:
 ThmeyThmey25
  វត្តប៉ោយចារ
© រក្សាសិទ្ធិដោយ thmeythmey.com