ជាតិ
១០​ឆ្នាំ​ចុងក្រោយ ទោះ​និស្សិតរៀនជំនាញ IT កើនឡើង ប៉ុន្តែនៅតែ​ខ្វះអ្នកជំនាញ
10, Apr 2022 , 6:59 pm        
រូបភាព
បច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ ក្នុងយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ថ្មី នាពេលបច្ចុប្បន្ន។ បើគិតត្រឹមរយៈពេល១០ឆ្នាំចុងក្រោយ ជំនាញព័ត៌មានវិទ្យា (IT) នៅកម្ពុជា បានរីកធំធាត់ជាងមុនបន្តិច ព្រោះមាននិស្សិតចូលរៀនជំនាញនេះច្រើន ដែលកើនឡើងជាងរៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណា អ្នកជំនាញក្នុងវិស័យនេះ នៅតែមើលឃើញថា វាមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់កម្ពុជា ពិសេសអ្នកជំនាញព័ត៌មានវិទ្យាតាមផ្នែកនីមួយៗ។

 
លោក ជ ច័ន្ទដារ៉ា អនុប្រធានដេប៉ាត់ម៉ង់ព័ត៌មានវិទ្យា និងជាសាស្រ្តាចារ្យជំនាញព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ចំនួននិស្សិតដែលរៀនជំនាញព័ត៌មាន វិទ្យា (IT) មានសន្ទុះជាងមុនច្រើន បើធៀបនឹងរយៈពេលប្រមាណ១០ឆ្នាំមុន។ សាស្រ្តាចារ្យរូបនេះបញ្ជាក់ថា រយៈពេលប្រមាណ៤-៥ឆ្នាំចុងក្រោយនេះ ដេប៉ាត់ម៉ង់ព័ត៌មានវិទ្យាទទួលបាននិស្សិតជិត២ពាន់នាក់ ខុសគ្នាជាង៥០ភាគរយពីពេលកន្លងទៅ។

លោក ជ ច័ន្ទដារ៉ា អនុប្រធានដេប៉ាត់ម៉ង់ព័ត៌មានវិទ្យា និងជាសាស្រ្តាចារ្យជំនាញព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ 

សាស្រ្តាចារ្យ ជ ច័ន្ទដារ៉ា ពន្យល់ថា៖«និស្សិតចាប់អារម្មណ៍រៀនច្រើន ព្រោះវាជំនាញវិទ្យាសាស្រ្ត។ ទោះបីវាលំបាកបន្តិច តែបើនិស្សិតខិតខំរៀន ក្រេបជញ្ជក់ចំណេះដឹងផ្នែកនេះ នឹងផ្ដល់ភាពងាយស្រួលសម្រាប់ពួកគេ ទាំងឱកាសការងារក្នុងស្រុក និងទៅបរទេស»។ សាស្រ្តាចារ្យរូបនេះបញ្ជាក់ថា នាឆ្នាំ២០១៨ លោកបានដឹកនាំសិស្សទៅប្រកួតជាបណ្ដាប្រទេសចំនួន១០ ក្នុងតំបន់អាស៊ាន។ នៅឆ្នាំ២០២១ លោកគ្រូ ក៏បានដឹកនាំនិស្សិតស្រាវជ្រាវ ក្នុងជំនាញនេះចំនួន២ក្រុមចូលរួមប្រកួតម្ដងទៀត ហើយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសចំនួន៥ផងដែរ។
 
ដ្បិតមានសន្ទុះនិស្សិតសិក្សាជំនាញព័ត៌មានវិទ្យា (IT) នេះច្រើន ប៉ុន្តែសាស្រ្តាចារ្យ ជ ច័ន្ទដារ៉ា ក៏បារម្ភពីភាពចន្លោះប្រហោងរបស់និស្សិតមួយចំនួន ដែលពុំសូវបានអនុវត្តច្រើន និងមិនយកចិត្តទុកដាក់សង្វាតចាប់យកជំនាញណាមួយក្នុងមុខវិជ្ជានេះឡើយ។
 
កញ្ញា សោម ពុទ្ធា ដែលជានិស្សិតឆ្នាំទី៤ ជំនាញព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានពន្យល់ពីអ្វីដែលខ្លួនមើលឃើញពីជំនាញនេះយ៉ាងដូច្នេះថា ជំនាញព័ត៌មានវិទ្យាទូលំទូលាយ ជាក់ស្ដែងក្នុងនោះមានទាំង ប្រព័ន្ធបណ្ដាញ (Network) រចនា (Design) និងសរសេរកម្មវិធី (Programming) ជាដើម។ ម្យ៉ាងមុខជំនាញនេះ ផ្ដល់ឱកាសការងារច្រើន និងមានចាំបាច់ក្នុងសង្គមបច្ចុប្បន្ន។

 កញ្ញា សោម ពុទ្ធា និស្សិតឆ្នាំទី៤ ជំនាញព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ 
 
យុវតី សោម ពុទ្ធា យល់ថា បច្ចេកវិទ្យាគឺពិតជាសំខាន់ សម្រាប់ការរស់នៅបច្ចុប្បន្ន​ ពិសេសក្នុងបរិបទកូវីដ-១៩ ដោយបញ្ជាក់ថា គ្រប់ទីកន្លែងសុទ្ធតែមានតម្រូវការប្រើប្រាស់បច្ចេកវិទ្យា ហើយវានឹងកាន់តែវិវត្តន៍ អាចធ្វើឱ្យមនុស្សអាចនឹងពិបាក បើមិនយល់ច្បាស់ពីបច្ចេកវិទ្យា។ និស្សិតវ័យ២២ឆ្នាំរូបនេះ បានលើកឡើងពីផលលំបាករបស់ខ្លួនអំឡុងពេលសិក្សាដូច្នេះថា៖«អ្វីដែលលំបាកសម្រាប់ខ្ញុំ គឺពេលវេលា។ ជំនាញនេះត្រូវការពេលវេលាច្រើនសម្រាប់ការអនុវត្តន៍ ប៉ុន្តែខ្ញុំមិនសូវមានពេលច្រើន ព្រោះខ្ញុំរៀន២សាលា។ ចឹងវាពិបាកសម្រាប់ខ្ញុំ ចេះតែទ្រឹស្ដីច្រើនជាងការអនុវត្ត»។ 
 
ក្រៅពីជំនាញព័ត៌មានវិទ្យា ពុទ្ធា ក៏សិក្សាជំនាញធនាគារ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារផងដែរ។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ ពុទ្ធា ចង់ធ្វើការងារជា Programmer ក្នុងវិស័យធនាគារ។
 
លោក ជី សុផាត អ្នករៀបចំព្រឹត្តការណ៍បារខែមកម្ពុជា និងជាអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា យល់ថា បច្ចេកវិទ្យានៅកម្ពុជាមានសន្ទុះជាងមុនច្រើន ក្នុងនោះមានទាំងការផ្សព្វផ្សាយ ការប្រើប្រាស់ និស្សិតដែលសិក្សាក្នុងជំនាញនេះ និងព័ត៌មានពីជំនាញបច្ចេកវិទ្យានេះផងដែរ។ ក្រៅពីនេះ នារយៈពេលប្រមាណ៣ឆ្នាំចុងក្រោយ សន្ទុះបច្ចេកវិទ្យាក៏កាន់តែកើនឡើង ពិសេសក្នុងវិស័យអប់រំ ដោយសារតែវិបត្តិកូវីដ-១៩។ 

 លោក ជី សុផាត អ្នករៀបចំព្រឹត្តការណ៍បារខែកម្ពុជា និងជាអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា

ដ្បិតបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កើនឡើងមួយកម្រិត ប៉ុន្តែវាមិនទាន់ឆ្លើយតបតម្រូវការទីផ្សារនាពេលបច្ចុប្បន្នឡើយ។ លោក ជី សុផាត ពន្យល់យ៉ាងដូច្នេះថា៖«បច្ចេកវិទ្យាបច្ចុប្បន្ន មិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារឡើយ​ ព្រោះធនធាននៅតូច។ និស្សិត IT មួយចំនួនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ឡើយ ដែលមានន័យថា ក្រុមហ៊ុនមានតម្រូវការខ្ពស់ជាង»។ 
 
អ្វីដែលលោក សុផាត មើលឃើញនោះគឺ មូលដ្ឋានគ្រឹះនៃការបណ្ដុះបណ្ដាលបច្ចេកវិទ្យា សម្រាប់សិស្ស-និស្សិតកម្ពុជាមានរយៈពេលខ្លី ដែលមានន័យថា ជំនាញបច្ចេកវិទ្យាមាននៅកម្រិតមហាវិទ្យាល័យ ក្នុងរយៈពេល៤-៥ឆ្នាំប៉ុណ្ណោះ។ លោក សង្កត់ធ្ងន់ថា បច្ចេកវិទ្យាគឺដើរទៅមុខ និងថ្មីរហូត ហើយការបណ្ដុះបណ្ដាលតាមមហាវិទ្យាល័យ មានរយៈពេលខ្លី ហើយបង្រៀនពីទ្រឹស្តីច្រើនជាងការអនុវត្ត។ ដូច្នេះដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យា គឺទាមទារឱ្យនិស្សិតត្រូវស្វះស្វែងរៀនសូត្របន្ថែមពីមជ្ឈដ្ឋានខាងក្រៅ សិក្សាពីតម្រូវការទីផ្សារ និងស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើនផងដែរ។ 
 
ជាមួយគ្នានេះ លោក ជី សុផាត បានបញ្ជាក់ថា ជំនាញបច្ចេកវិទ្យាសុទ្ធសឹងតែមានតម្រូវការទីផ្សារ ហើយមុខវិជ្ជានេះមានច្រើនផ្នែកផងដែរ។ ក្នុងនោះមានទាំងអ្នកសរសេរកម្មវិធី,អ្នកសរសេរកូដ,អ្នកធ្វើគេហទំព័រ,អ្នកបច្ចេកទេស និងអ្នកទីផ្សារឌីជីថលជាដើម (Programmer,Coding,Website,Technical and Digital Marketing)៕
 
 

Tag:
 ព័ត៌មានវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com