ជាតិ
ក្រសួងប្រៃសណីយ៍ រៀបចំការប្រកួតសរសេរសំបុត្រថ្នាក់ជាតិលើកដំបូង សម្រាប់កុមារអាយុ៩-១៥ឆ្នាំ
10, Apr 2022 , 7:59 pm        
រូបភាព
 លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង_ប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបភាពពីហ្វេសប៊ុកតីក្រសួង_ប្រៃសណីយ៍
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង_ប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបភាពពីហ្វេសប៊ុកតីក្រសួង_ប្រៃសណីយ៍
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសរៀបចំការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកដំបូង ដែលផ្ដល់ឱកាសដល់កុមារអាយុចាប់ពី៩ ដល់១៥ឆ្នាំ។ សិស្សានុសិស្សដែលជាប់ជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត ដោយត្រូវបានជ្រើសរើសឱ្យចូលរួមជាតំណាងរបស់កម្ពុជា ក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល។

 
ដើម្បីចូលរួមលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ រួមទាំងការជំរុញការយល់ដឹង និងការប្រើសេវាប្រៃសណីយ៍នៅកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកដំបូង។ ប្រធានបទនៃការប្រកួតប្រជែងនេះ ផ្ដោតលើ «សរសេរសំបុត្រទៅអ្នកដែលមានឥទ្ធិពល ស្ដីពីមូលហេតុ និងរបៀបក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ Write a letter to an influential person about why and how to take action on climate change»។
 
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ បេក្ខជនទាំងអស់ ត្រូវមានអាយុចាប់ពី៩-១៥ឆ្នាំ ដោយគិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។ បេក្ខជនត្រូវសរសេរសំបុត្រដោយដៃជាភាសាខ្មែរ និងភាសាអង់គ្លេស មិនលើសពី៨០០ពាក្យ ឬ២ទំព័រ ជាពិសេសត្រូវសរសេរដោយខ្លួនឯង។ ជាមួយគ្នានេះ បេក្ខជនត្រូវផ្ញើពាក្យចុះឈ្មោះចូលរួមប្រកួត និងសំបុត្រដែលសរសេររួច តាមសេវាប្រៃសណីយ៍អនុសិដ្ឋរបស់ក្រសួងប្រៃសណីយ៍កម្ពុជាដោយឥតគិតថ្លៃ ឬអាចប្រើប្រាស់សេវាបញ្ញើឆាប់រហ័សឯកជនមកអាសយដ្ឋាន «អគារលេខ១៣ មហាវិថិព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២០២១០» ត្រឹមថ្ងៃទី១៩ ខែមេសា។
 
ចំពោះការជ្រើសរើសមាន២ដំណាក់កាល ដោយដំណាក់កាលទី១ អត្ថបទដែលចូលរួមប្រកួតទាំងអស់ នឹងត្រូវគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុ ផ្អែកលើគំនិតច្នៃប្រឌិត សិល្បៈនៃការសរសេរ និងអត្ថន័យ។ ក្នុងដំណាក់កាលទី២ ម្ចាស់អត្ថបទដែលបានពិន្ទុច្រើនជាងគេចំនួន ១០ នឹងត្រូវមកធ្វើបទបង្ហាញពីអត្ថន័យនៃសំបុត្ររបស់ខ្លួន។ ដោយឡែកខ្លឹមសារលិខិតដែលលួចចម្លងទាំងស្រុង ឬដោយផ្អែកលើអត្ថបទផ្សេង ពុំត្រូវបានវាយតម្លៃ រួមទាំងសំបុត្រដែលមានកាលបរិច្ឆេទផ្ញើក្រោយថ្ងៃកំណត់។
 
សិស្សានុសិស្សដែលជាប់ជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត ដោយត្រូវបានជ្រើសរើសឱ្យចូលរួមជាតំណាងរបស់កម្ពុជា ក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល(Universal Postal Union)។ សម្រាប់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ ឬព័ត៌មានបន្ថែមអាចទាក់ទងតាមលេខ ០២៣ ២៣៤ ៩៩៩/០១០ ២៦៥ ៧០០ ឬតាមអ៊ីមែល [email protected]។ នេះបើតាមសេចក្ដីជូនដំណឹងខាងលើ៕
 

Tag:
 ក្រសួងប្រៃសណីយ៍
  ប្រកួតប្រជែង
  សរសេរសំបុត្រ
© រក្សាសិទ្ធិដោយ thmeythmey.com