ជាតិ
ខេត្ត៩ ត្រូវបាន​ចាត់ទុក​ថា​ជាគោលដៅទេសចរណ៍សុវត្ថិភាព និងទាក់ទាញ នាឱកាសចូលឆ្នាំខ្មែរ
10, Apr 2022 , 9:59 pm        
រូបភាព
គោលដៅទេសចរណ៍ទាក់ទាញ និងសុវត្ថិភាព សម្រាប់ឱកាសចូលឆ្នាំថ្នី។ ប្រាសាទអង្គរវត្ត (ឆ្វេង), ឆ្នេរមាស ឆ្នេរប្រាក់ ខេត្តព្រះសូហនុ(កណ្ដាល) រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។ បឹងយក្សឡោម ខេត្តរតនគិរី(ស្ដា
គោលដៅទេសចរណ៍ទាក់ទាញ និងសុវត្ថិភាព សម្រាប់ឱកាសចូលឆ្នាំថ្នី។ ប្រាសាទអង្គរវត្ត (ឆ្វេង), ឆ្នេរមាស ឆ្នេរប្រាក់ ខេត្តព្រះសូហនុ(កណ្ដាល) រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។ បឹងយក្សឡោម ខេត្តរតនគិរី(ស្ដា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវិស័យឯកជន លើកឡើងពីគោលដៅទេសចរណ៍មានសុវត្ថិភាព និងទាក់ទាញ សម្រាប់ទេសចរដើរកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។ គោលដៅទេសចរណ៍ទាំងនោះ រួមមានខេត្តសៀមរាប ព្រះសីហនុ មណ្ឌលគិរី រតនគិរី បាត់ដំបង ពោធិ៍សាត់ កោះកុង ក្រចេះ និងខេត្តស្ទឹងត្រែង។​




លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងពីគោលដៅទេសចណ៍ពិសេសៗមួយចំនួន មានសុវត្ថិភាព និងទាក់ទាញ នាឱកាសចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ ក្នុងនោះខេត្តសៀមរាប។ រដ្ឋមន្ត្រីទេសចរណ៍ សំដៅដល់សៀមរាប-អង្គរ ដែលទេសចរគួរទៅកម្សាន្ត ដោយសារខេត្តនេះមានសោភ័ណភាព និងអាកាសធាតុអំណោយផល។ ស្របពេលដែលក្រុងសៀមរាប ទើបបើក​សម្ពោធដាក់ឱ្យប្រើប្រាស់ទាំងផ្លូវ៣៨ខ្សែ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាជំនួបជាមួយ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។ រូបភាពក្រសួងទេសចរណ៍។ 

គោលដៅទេសចរណ៍ទាក់ទាញទី២ គឺខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍ធំមួយផងដែរ។ លោក ថោង ខុន បញ្ជាក់ថា ទេសចរទៅកម្សាន្តខេត្តនេះ អាចទៅទស្សនាការអភិវឌ្ឍក្រុង លេងទឹកសមុទ្រ ឆ្នេរខ្សាច់ស្អាតៗ រួមនឹងបណ្ដាកោះជាច្រើនផ្សេងទៀត។

  គោលដៅទេសចរណ៍ ខេត្តកោះកុង។ រូបភាពពីមន្ទីរទេសចរណ៍ខេត្តកោះកុង។ 
 
ក្រៅពីនេះ ខេត្តទាក់ទាញ និងសុវត្ថិភាព សម្រាប់ទេសចរនោះ គឺខេត្តបាត់ដំបង។ ខេត្តនេះមានការរៀបចំកសិទេសចរណ៍បានយ៉ាងល្អ និងទាក់ទាញ ខណៈខេត្តរតនគិរិ និងខេត្តមណ្ឌលគិរី ទទួលបានទេសចរកក់ជាច្រើនផងដែរ។ នេះបើតាម លោក ថោង ខុន ដោយបន្ថែមថា ខេត្តពោធិ៍សាត់ មានការកើនឡើងនូវគោលដៅទេសចរណ៍ថ្មីៗច្រើន ដូចជាអេកូទេសចរណ៍ ស្រុកវាលវែង ជាដើម។
 
លោក អះអាងទៀតថា មិនត្រឹមតែខេត្តរៀបរាប់ខាងលើនេះទេ ដែលមានភាពទាក់ទាញ ស្ទើរគ្រប់ខេត្តទាំងអស់ក្នុងប្រទេស បានរៀបចំឱ្យមានតំបន់កសិទេសចរណ៍ សហគមន៍ទេសចរណ៍ រមណីយដ្ឋានទេសចរណ៍កែច្នៃថ្មីៗ ជាច្រើនទៀត។
 
ជុំវិញគោលដៅទេសចរណ៍ សម្រាប់ឱកាសចូលឆ្នាំថ្មីនេះ អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ផ្ដល់យោបល់ឱ្យទេសចរគួរជ្រើសរើសតំបន់ទេសចរណ៍ដែលធំទូលាយ ដូចជាតាមបណ្ដាខេត្តធំៗ ដែលសម្បូរសេវាកម្មទេសចរណ៍ច្រើន។

 អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ រូបភាពក្រសួងទេសចរណ៍។

អ្នកស្រី បន្ថែមថា មកទល់ពេលបច្ចុប្បន្ននេះ សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានឯកជន ត្រូវបានពលរដ្ឋកក់ជាបណ្ដើរៗហើយតាមបណ្ដាខេត្តនានា។ អ្នកស្រី ​បន្តថា ខេត្តជាប់តំបន់ឆ្នេរ ត្រូវបានកក់សឹងតែពេញហើយ ខណៈខាងប៉ែកឦសាន និងសៀមរាប ក៏មានកក់ច្រើនផងដែរ។

 គោលដៅទេសចរណ៍ខេត្តក្រចេះ។ រូបភាពក្រសួងទេសចរណ៍។

ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងពីខេត្តសៀមរាបដូច្នេះ៖ «ខេត្តសៀមរាបនៅតែជាតំបន់ប៉ូលទេសចរណ៍មួយដ៏សំខាន់ ក្នុងការទទួលទេសចរនាឱកាសចូលឆ្នាំខាងមុខ ខណៈបច្ចុប្បន្នពោរពេញដោយភាពស្រស់ស្អាត និងទាក់ទាញ សម្បទាទេសចរណ៍ក៏មានច្រើន រីឯការផ្គត់ផ្គង់សេវានោះក៏មានច្រើដែរ»។

 ទិដ្ឋភាព នៃការរៀបចំក្រុងសៀមរាប មុនចូលឆ្នាំប្រពៃណីខ្មែរមកដល់។

ជាមួយគ្នានេះដែរ អ្នកស្រី ឆាយ ស៊ីវលីន បង្ហាញពីគោលដៅទេសចរណ៍ ដទៃទៀតផងដែរ ក្រៅពីខេត្តសៀមរាប និងតំបន់ឆ្នេរ រួមមានខេត្តកោះកុង សម្បូរទៅដោយអេកូទេសចរណ៍។ ចំណែកខេត្តក្រចេះ និងស្ទឹងត្រែង សម្បូរទៅដោយ អេកូទេសចរណ៍ រមណីយដ្ឋានទេចរណ៍តាមដងទន្លេជាដើម។
 
ដ្បិតក្រសួងទេសចរណ៍ជំរុញ ឱ្យមានការដើរកម្សាន្តតាមតំបន់នានាក្នុងប្រទេសក៏ដោយ ប៉ុន្តែក្រសួងក៏បានដាក់ចេញនូវសារាចរណែនាំ ដល់មន្ទីរទេសចរណ៍តាមបណ្ដាខេត្ត និងមូលដ្ឋានអាជីវកម្មទេសចរណ៍ ចូលរួមអនុវត្តផងដែរ៕
 

Tag:
 ThmeyThmey25
  គោលដៅទេសចរណ៍ចូលឆ្នាំខ្មែរ
  ក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com