ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ដាក់ចេញផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ទៅជាប៉ូលសេដ្ឋកិច្ចទី៤
11, Apr 2022 , 10:54 am        
រូបភាព
រាលស្មៅ នៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបភាពដោយ ជី ចំរ៉ុង
រាលស្មៅ នៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបភាពដោយ ជី ចំរ៉ុង
ដោយ ៖ ធន់ សេងហុង 
 
ខេត្តមណ្ឌលគិរី នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ យ៉ាងសំខាន់មួយ តាមរយៈផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១- ២០៣៥។ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីនេះ ត្រូវបានដាក់អនុវត្តជាផ្លូវការ នៅថ្ងៃទី១១ ខែមេសានេះ។


ដោយសារមើលឃើញពីសារៈសំខាន់ និងសក្ដានុពលនៃតំបន់ភូមិភាគឦសាន្តនោះ រដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ២០២១- ២០៣៥ ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍជាតិ។ សម្រាប់រដ្ឋាភិបាល ការអភិវឌ្ឍតំបន់ភូមិភាគឦសាន្តនេះ នឹងអាចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាមួយកម្រិតទៀត។
  


លោក ជុក ជំនោ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានពន្យល់ថា ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី រយៈពេលវែងនេះ នឹងជួយឱ្យខេត្តភូមិភាគឦសាន្តមួយនេះ ក្លាយទៅជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កាធម្មជាតិ បន្លែ ផ្លែឈើ និងសាច់ ក្នុងប្រទេស និងនាំចេញទៅទីផ្សារក្រៅប្រទេស។
 
អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ បានបន្ថែមថា ការអភិវឌ្ឍខេត្តមណ្ឌលគិរីនេះ ដើម្បីរក្សាតុល្យភាព សេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យឲ្យបានម៉ឺងម៉ាត់។ ជាពិសេសការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ក្នុងការធានាបានផ្លែផ្កា ពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ដោយឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។
  


ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ជុក ជំនោ មានក្តីរំពឹងដូច្នេះថា៖«នៅឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី នឹងកើនឡើងដល់ប្រមាណ ៩០ ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ ២ លាននាក់ បង្កើតការងារប្រមាណ ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ  ៥០០ លានដុល្លារ និងដោយប្រយោលប្រមាណ  ១ ០០០ លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាព (Multiplier Coefficient) ចំនួន ២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី »។
 
កាលពីខែកុម្ភៈ កន្លងមក សម្តេច ហ៊ុន សែន បានចាត់ទុកភូមិភាគឦសាន្ត គឺជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ពាក់ព័ន្ធនឹងកសិឧស្សាហកម្ម និងធនធានរ៉ែ ។ សម្តេចបន្តទៀតថា តំបន់មួយចំនួនត្រូវបានចងភ្ជាប់ទៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលរួមមានខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរនគិរី និងខេត្តមណ្ឌលគិរី ។ 
  


តំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗនៅប្រទេសកម្ពុជា រួមមាន ប៉ូលទី១ រាជធានីភ្នំពេញ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចបែបឧស្សាហកម្ម ពាណិជ្ជកម្ម និងវិនិយោគ។ ចំណែកប៉ូលទី២ គឺខេត្តព្រះសីហនុ ដែលជាតំបន់ឆ្នេរដ៏ទាក់ទាញ តំបន់សេដ្ឋកិច្ចពិសេស នៃគំនិតផ្តួចផ្តើមផ្លូវមួយ ក្រវ៉ាត់មួយ តាមរយៈការអភិវឌ្ឍផ្លូវល្បឿនលឿន និងបណ្តាញផ្លូវដែក កំពង់ផែទឹកជ្រៅ ដែលតភ្ជាប់សកម្មភាពពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោក។ រីឯប៉ូលទី៣វិញ គឺខេត្តសៀមរាប ដែលផ្តោតសំខាន់លើសេវាកម្មទេសចរណ៍ វិស័យកសិកម្ម សិប្បកម្មនិងឧស្សាហកម្ម ។
 
ក្រៅពីប៉ូលសេដ្ឋកិច្ចទាំងនេះ រដ្ឋាភិបាលកំពុងសម្លឹងប៉ូលសេដ្ឋកិច្ចទី៥ ថែមទៀត។ សម្តេច ហ៊ុន សែន ធ្លាប់បានលើកឡើងអំពីសក្កានុពលខេត្តព្រះវិហារ ដែលតភ្ជាប់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវជាតិលេខ៩ ជាផ្លូវជាតិថ្មី សម្រាប់ការតភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅព្រះវិហារ ហើយទំនងនឹងក្លាយជាខេត្តគោលដៅបន្ទាប់ ៕
 

Tag:
 មណ្ឌលគិរី ប៉ូលសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com