ជាតិ
សេដ្ឋកិច្ច
ខេត្តមណ្ឌលគិរី ក្លាយជាគោលដៅពិពិធកម្មទេសចរណ៍របស់កម្ពុជា
11, Apr 2022 , 4:46 pm        
រូបភាព
ទីរួមខេត្តមណ្ឌលគិរី
ទីរួមខេត្តមណ្ឌលគិរី
ភ្នំពេញ៖ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥ ត្រូវបានដាក់អនុវត្តជាផ្លូវការ នៅថ្ងៃទី១១ ខែមេសានេះ។ ការដាក់ឱ្យអនុវត្តនូវផែនការរយៈពេល១៤ឆ្នាំនេះ នឹងធ្វើឱ្យខេត្តមណ្ឌលគិរី ក្លាយជាគោលដៅពិពិធកម្មទសចរណ៍នៅកម្ពុជា។ នេះជាការលើកឡើង របស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។



ភាពធន់នៃសក្តានុពលទេសចរណ៍របស់ខេត្តមណ្ឌលគិរី តាមរយៈលំហូរអ្នកទេសចរក្នុងស្រុក នាអំឡុងពេលវិបត្តិកូវីដ-១៩ បានបង្ហាញអំពីឧត្តមភាពរបស់ខេត្តនេះ នៅក្នុងការផ្សារភ្ជាប់ជាមួយប៉ូលទេសចរណ៍ដទៃទៀត  ដូចជាប៉ូលសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបែបនេះ នៅក្នុងពិធីដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ នាថ្ងៃទី១១មេសា ឆ្នាំ២០២២។ 
 


លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានបញ្ជាក់ថា ការដាក់ចេញនូវផែនការមេទេសចរណ៍ខេត្តនេះ នឹងអនុញ្ញាតឱ្យខេត្តមណ្ឌលគិរី ក្លាយជាគោលដៅនៃពិពិធកម្មទេសចរណ៍របស់កម្ពុជា ដែលមានប្រភេទអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច និងរួមចំណែកធ្វើឱ្យភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់រាជរដ្ឋាភិបាល។ 
 
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ការកំណត់យកតំបន់អាទិភាពសំខាន់ៗ មករក្សាទុកសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងផែនការមេរយៈពេល១៤ឆ្នាំនេះ នឹងជំរុញឱ្យខេត្តមណ្ឌលគិរី ប្រើប្រាស់ឱ្យលទ្ធភាពនូវសក្តានុពលដ៏សម្បូរបែបរបស់ខ្លួន តាមរយៈការអភិរក្សវិស័យទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ជនជាតិភាគតិច និងការផ្សារភ្ជាប់ជាមួយពហុវិស័យដទៃទៀត។ ខេត្តនេះ មានសក្តានុពលដ៏ធំធេង នៅក្នុងវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍកសិដ្ឋានផ្កា បន្លែ ផ្លែឈើ និងដំណាំកសិ-ឧស្សាហកម្មនានា មានដំណាំកាហ្វេជាដើម។
ជុំវិញការដាក់ឱ្យដំណើរការផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីនេះ លោក អូន ព័ន្ធមុនីរ័ត្ន សង្ឃឹមយ៉ាងមុតមាំដូច្នេះ ៖«ផែនការដែលមានលក្ខណៈសមាហរណកម្ម និងគ្រប់ជ្រុងជ្រាយនេះ នឹងចូលរួមសម្រេចបាននូវមហិច្ឆតាអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជីវភាពពលរដ្ឋមូលដ្ឋានទូទាំងខេត្ត។ លើសពីនេះ ផែនការមេនេះ នឹងចូលរួមធានាឱ្យបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន»។ 
 
វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងស្ថិតក្នុងដំណាក់កាលកំណើននៃវដ្តជីវិត នៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលពោរពេញទៅដោយសក្តានុពល សម្រាប់ការអភិវឌ្ឍនាពេលអនាគត បង្កើតជាកាលានុវត្តភាព សត្យានុម័តសម្បូរបែប សម្រាប់ការវិនិយោគ និងបង្កើតតម្លៃបន្ថែម ក្នុងវិស័យទេសចរណ៍  និងអន្តរវិស័យនគាំទ្រដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្តមណ្ឌលគិរី និងសេដ្ឋកិច្ចជាតិទាំងមូល។ 
 


 លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ជុំវិញនៃការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាបានកំណត់តំបន់អាទិភាពសំខាន់ចំនួន៦ ដែលត្រូវរក្សាទុកសម្រាប់ការអភិវឌ្ឍ និងត្រូវកំណត់អំពីវិសាលភាព នៃសកម្មភាពវិនិយោគ និងអភិវឌ្ឍតំបន់ទាំងនេះ ឲ្យបានច្បាស់លាស់។ តំបន់អាទិភាពទាំងនោះមាន ១.តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៃដែនជម្រកសត្វព្រៃទាំង៥។ ២.  តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ប៊ូស្រា-ដាក់ដាំ។ ៣. ក្រុងសែនមនោរម្យ។ ៤.តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគិរី។ ៥. តំបន់ប្រជុំជននៃស្រុកកោះញែក និង ៦. តំបន់ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន។
 
ការកំណត់យកទិសដៅអាទិភាពចំនួន៦នេះ ក្នុងការអភិវឌ្ឍន៍មណ្ឌលគិរី នឹងធ្វើឱ្យខេត្តនេះទទួលបានចំណូល៥០០លានដុល្លារពីភ្ញៀវទេសចរ សម្រាប់ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ ហើយព្រមទាំងអាចបង្កើតការងារឱ្យប្រជាជន បានរហូតដល់៨ម៉ឺនកន្លែង ថែមទៀត។ លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)ថា ចាប់ពីឆ្នាំ២០៣៥ ភ្ញៀវអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី នឹងកើនដល់៩០ម៉ឺននាក់ ខណៈភ្ញៀវក្នុងស្រុកកើនដល់ជាង ២លាននាក់៕ 
 
 

Tag:
 ទេសចរណ៍
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com