ជាតិ
ពីនេះ ពីនោះ
«ស្ទីវ» អណ្តើកហ្លួងមហាសំណាង
12, Apr 2022 , 7:59 am        
រូបភាព
ដោយ:
 «ស្ទីវ» គឺជាឈ្មោះរបស់កូនអណ្តើកហ្លួងមួយក្បាលអាយុ១ឆ្នាំ ដែលមានសំណាងបានញាស់ចេញពីចំណោមពងអណ្តើកហ្លួងចំនួន ៧១គ្រាប់ នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងកាលពីឆ្នាំ ២០២១។

 
ការដាក់ឈ្មោះអណ្តើកហ្លួងមួយក្បាលនេះថា «ស្ទីវ» គឺដើម្បីជាការរឭកដល់ លោក ស្ទីវ ជី ផ្លេត ជនជាតិអាម៉េរិក ដែលលោកបានស្រាវជ្រាវរកឃើញប្រភេទអណ្តើកហ្លួងនេះមុនគេ នៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងអំឡុងឆ្នាំ ១៩៩៩-២០០០។ 
 
«នេះចាត់ទុកថាជាសំណាង ១ ក្នុង៧១ នៃពងអណ្តើកហ្លួងចំនួន ៧១គ្រាប់ ដែលត្រូវបានពងជាលើកដំបូង នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង»។ នេះជាការបញ្ជាក់របស់ សោម ស៊ីថា ប្រធានគម្រោងនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដោយបន្ថែមថា បញ្ហាដែលបណ្តាលឱ្យពងអណ្តើកទាំង ៧១គ្រាប់ ញាស់បានតែមួយគ្រាប់នេះ អាចបណ្តាលមកពីមេអណ្តើកហ្លួងនោះនៅវ័យក្មេង បូករួមនឹងកង្វះចំណីអាហារូបត្ថម្ភ ដែលមានកម្រិតប្រូតេអ៊ីន និងសារធាតុកាល់ស្យូម ដែលជាប្រភពផ្តល់នូវលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ឱ្យពងមានសុខភាពល្អ និងកូន។ 
 
អណ្តើកហ្លួងស៊ីអាហារដូចជា ផ្លែអំពូ ដែលមានដុះច្រើន នៅក្នុងព្រែកស្រែអំបិល ខេត្តកោះកុង ត្រកួន ផ្លែឈើ សណ្តែកបណ្តុះ ផ្លែល្វា ផ្លែជម្ពូ រុក្ខជាតិក្នុងទឹកនានា ដូចជាកំប្លោក និងចកជាដើម ព្រមទាំងផ្លែឈើដែលមានផ្លែតាមរដូវកាល ដែលអាចរកបានផ្សេងៗ ទៀតផង។ ដើម្បីឱ្យពងអណ្តើកហ្លួងទាំងនោះ មានគុណភាព និងការបន្តពូជបានល្អ ក្រុមការងារមជ្ឈមណ្ឌលបានបន្ថែមនូវប្រភេទចំណី ដែលមានប្រូតេអ៊ីនខ្ពស់ និងសម្បូរជាតិកាល់ស្យូមដល់អណ្តើកហ្លួងទាំងអស់នៅក្នុងមជ្ឈមណ្ឌល ជាពិសេសអណ្តើកហ្លួងពេញវ័យ។ 
 
ការភ្ញាស់អណ្តើកហ្លួង គឺជាបទពិសោធន៍ថ្មីសម្រាប់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង។ ទោះយ៉ាងណា លោក សោម ស៊ីថា បានលើកឡើងថា ចាប់តាំងពីការចាប់កំណើតរបស់ «ស្ទីវ» មក នៅក្នុងឆ្នាំ២០២២នេះ មជ្ឈមណ្ឌលទទួលបានពងអណ្តើកហ្លួងថ្មីៗ ចំនួន៩ សម្បុក សរុប ៨០ គ្រាប់។ លោក សោម ស៊ីថា លើកឡើងថា៖ «ជាការកត់សម្គាល់ ពងទាំងនោះមានលក្ខណៈល្អប្រសើរ មានសម្បករឹងល្អ ជាពិសេសរហូតដល់ជា៥០% បានបង្ហាញពីការកកំណើត។ មជ្ឈមណ្ឌលសង្ឃឹមថា ពងអណ្តើកហ្លួងទាំងនោះ នឹងអាចញាស់ក្នុងពេលឆាប់ៗ ខាងមុខនេះ»។
 
មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយគម្រោងនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល ស្ថាប័ន Mandai Nature នៃប្រទេសសិង្ហបុរី និងក្រោមជំនួយថវិការពីស្ថាប័ននានា ជាច្រើនមានដូចជា សហភាពអ៊ឺរ៉ុប ក្រោមគម្រោងដៃគូប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃ ស្ថាប័ន US Forest Service, Rainforest Trust, Turtle Survival Alliance និងម្ចាស់ជំនួយឯកជន នានាផ្សេងទៀត។ បច្ចុប្បន្ន នៅក្នុងមជ្ឈមណ្ឌល មានអណ្តើកហ្លួងសរុបចំនួន ១៥៤ក្បាល៕
 
សូមចែកចាយបន្តនូវអត្ថបទនេះ និងតាមដានគណនីរបស់យើង ដើម្បីស្វែងយល់បន្ថែមអំពីការងារអភិរក្ស ដែលកំពុងបន្តនៅក្នុងប្រទេសកម្ពុជា។
 

© រក្សាសិទ្ធិដោយ thmeythmey.com