COVID-19
ជាតិ
ឥណ្ឌាផ្តល់វ៉ាក់សាំង Covishield ជាង៣០ម៉ឺនដូសដល់កម្ពុជា
12, Apr 2022 , 12:17 pm        
រូបភាព
ដោយ៖ ធន់ សេងហុង​

សាធារណរដ្ឋឥណ្ឌា ផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទCovishield ប្រមាណ៣០ម៉ឺនដូស ដល់កម្ពុជា។ ក្នុងចំណោមជំនួយទាំងនេះ គឺមានចំនួន២០ម៉ឺដូស ត្រូវបានដល់មកកម្ពុជា នាថ្ងៃទី១១ ខែមេសា និងវ៉ាក់សាំងចំនួន១២,៥ម៉ឺនដូសទៀត នឹងត្រូវមកកម្ពុជា នៅថ្ងៃទី១៤ មេសា ឆ្នាំ២០២២។



សម្តេច ហ៊ុន សែន មកទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទCovishield ចំនួន២០ម៉ឺនដូសដោយផ្ទាល់ ពីលោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅវិមានសន្តិភាព។ ចំនួនវ៉ាក់សាំងដែលកម្ពុជាទទួលបាននេះ គឺជាស្ថិតនៅក្នុងដំណាក់កាលទីមួយនៃជំនួយវ៉ាក់សាំងសរុប៣២,៥ម៉ឺនដូសពីប្រទេសឥណ្ឌា។

នាពិធីប្រគល់និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១២មេសា លោកស្រី ដេវីយ៉ានី មានប្រសាសន៍ថា វ៉ាក់សាំងដំណាក់កាលទីពីរចំនួន១២,៥ម៉ឺនដូសទៀត នឹងត្រូវដឹងមកកម្ពុជា នៅថ្ងៃទី១៤មេសា ឆ្នាំ២០២២។ លោកស្រីបានបញ្ជាក់ថា ការសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់កម្ពុជា គឺដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។

«ការផ្តល់ជំនួយវ៉ាក់សាំង គឺជាការបង្ហាញពីស្មារតីនៃការជួយគ្នារវាងកម្ពុជា និងឥណ្ឌា ដែលជាប្រទេសមានចំណងទំនាក់ទំនងល្អជាមួយគ្នាដ៏យូរលង់មកហើយ។ ឥណ្ឌា នឹងបន្តផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជានាពេលក្រោយបន្ថែមទៀត បើសិនកម្ពុជាត្រូវការ»។ លោកស្រី ដេវីយ៉ានី បន្តថ្លែងបែបនេះនៅចំពោះមុខប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន។

ជុំវិញនៃអំណោយជាវ៉ាក់សាំងបង្ការកូវីដ-១៩នេះ សម្តេច ហ៊ុន សែន បានចាក់ទុកថា គឺជាសប្បុរសធម៌ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្ដួចផ្ដើមចតុភាគី ជូនចំពោះប្រជាពលកម្ពុជា។ សម្តេច មានប្រសាសន៍ថា ៖« អំណោយនេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា និងឥណ្ឌានិងសមាជិកដទៃទៀតនៃគំនិតផ្ដួចផ្ដើមនេះ ដែលរួមមានសហរដ្ឋអាម៉េរិក ជប៉ុន និងប្រទេសអូស្ត្រាលី»។

សម្តេច ហ៊ុន សែន បានអរគុណដល់រដ្ឋាភិបាលឥណ្ឌាដែលតែងតែជួយស្តារសេដ្ឋកិច្ច សង្គមកម្ពុជាតាមរយៈជំនួយមនុស្សធម៌នានា ក៏ដូចជាការពង្រីកទំនាក់ទំនង ពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យាព័ត៌មាន  ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ ជាមួយការតភ្ជាប់ការហោះហើរត្រង់ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត។

គិតត្រឹមថ្ងៃទី១១មេសា កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋបានជាង ១៤,៨៤លាននាក់ ដោយក្នុងនោះ មានពលរដ្ឋជាង៨លាននាក់បានចាក់នូវដូសទីបី និង១,២១លាននាក់ បានចាក់នូវដូសទីបួន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល ដោយបញ្ជាក់ថា ចំនួននេះ គឺកម្ពុជាបានសម្រេចផែនការរហូតដល់ជាង៩២ភាគរយ៕

© រក្សាសិទ្ធិដោយ thmeythmey.com