ជាតិ
ចូលឆ្នាំថ្ងៃ​ទី១៖ កំពង់ឆ្នាំង បាត់ដំបង សៀមរាប មានទេសចរដើរកម្សាន្តច្រើនជាងគេ
15, Apr 2022 , 2:27 pm        
រូបភាព
ដោយ៖ ធន់ សេងហុង 
ទេសចរជាង៨០ម៉ឺននាក់ បានដើរលេងនៅតាមទីតាំងកម្សាន្ត និងរមណីយដ្ឋាននានា នៅទូទាំងប្រទេស នៅថ្ងៃទី១៤ មេសា ដែលជាថ្ងៃចូលឆ្នាំទី១។ ក្នុងចំណោមអ្នកទេសចរសរុប មានភ្ញៀវទេសចរបរទេសផ្ទៃក្នុងជាង ៨ពាន់នាក់។ តួលេខ​នេះ​ មានការ​កើន​ឡើង​បើធៀបឆ្នាំ២០២០ និង២០២១ ដែលការប្រារព្ធពិធីប្រពៃណីនេះ ត្រូវខកខានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។

បើតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានទទួលស្វាគមន៍ច្រើនជាងគេ ដែលជាចំណាត់ថ្នាក់មិនធ្លាប់មាន គឺក្នុងចំនួនជាង ១៦ម៉ឺននាក់ ជាទេសចរជាតិទាំងអស់។ខេត្តបាត់ដំបង ស្ថិតនៅលំដាប់ទី២ ដោយមានទេសចរទៅកម្សាន្ត ​ជាង១០ម៉ឺននាក់ ក្នុងនោះទេសចរបរទេសផ្ទៃក្នុងជាង៣០០នាក់ ខណៈខេត្តវប្បធម៌សៀមរាប បានស្វាគមន៍ទេសចរជាង១០ម៉ឺននាក់ដែរ ដោយក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុងជាង២ពាន់នាក់។

​របាយការណ៍ដដែល ឱ្យដឹងទៀតថា ខេត្តពោធិ៍សាត់ ស្ថិត​នៅលេខរៀងទី៤ មានចំនួនភ្ញៀវទេសចរសរុបជាង ៨ ម៉ឺននាក់ ​បន្ទាប់មកគឺខេត្តកំពង់ចាម ដែលមានអ្នកដើរ​ជាង ៥ម៉ឺននាក់ ពោលគឺស្ថិតនៅលេខរៀងទី៥ ជាខេត្តដែលមានទេសចរដើរកម្សាន្តច្រើនជាងគេនៅថ្ងៃចូលឆ្នាំទី១។ 
 

សម្រាប់រាជធានីភ្នំពេញ មានទេសចរណ៍ជាង ៣,៨ម៉ឺននាក់ ព្រះសីហនុមានទេសចរសរុបជាង ២,៨ម៉ឺននាក់ ក្នុងនោះទេសចរបរទេសផ្ទៃក្នុង ជាង៣ពាន់នាក់។ រីឯខេត្តកំពត មានទេសចរសរុបជាង ២,៧ម៉ឺននាក់ ខេត្តកែបមានជាង ២,៥ម៉ឺននាក់។ 
 
សូមជម្រាបថា ដើម្បីការពារនិងរក្សាសុវត្តិភាពពីជំងីកូវីដ-១៩ ក្រសួងសុខាភិបាលបានអំពាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធាន «៣កុំ ៣ការពារ» ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ-១៩។ នៅព្រឹកថ្ងៃទី១៥ មេសានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏អំពាវនាវឱ្យពលរដ្ឋដែលដើរលេងកម្សាន្តបង្កើនការអនុវត្តវិធានសុខាភិបាល ពិសេសការពាក់ម៉ាស់ និងជំរុញឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍៕
 

Tag:
 ទេសចរ
  ចូលឆ្នាំខ្មែរ
  បាត់ដំបង
  សៀមរាប
  កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com