អន្តរជាតិ
ស្រីលង្កាដែលក្ស័យធនបានសុំឲ្យពលរដ្ឋខ្លួននៅក្រៅប្រទេសផ្ញើប្រាក់ជួយប្រទេសជាតិ
16, Apr 2022 , 2:45 pm        
រូបភាព
ដោយ: VOA
កូឡុំបូ -ប្រទេសស្រីលង្កាកាលពីថ្ងៃពុធ បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនដែលរស់នៅក្រៅប្រទេស ជួយផ្ញើប្រាក់មកកាន់ប្រទេសរបស់ខ្លួនដើម្បីជួយទិញស្បៀងអាហារចាំបាច់នានានិងប្រេងឥន្ធនៈ បន្ទាប់ពីបានប្រកាសថា ខ្លួនលែងមានលទ្ធភាពអាចបង់ប្រាក់បំណុលបរទេសដែលមានចំនួនប្រមាណ៥១ពាន់លានដុល្លារនោះទៀតហើយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

 
ស្រីលង្កាកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីទទួលបានឯករាជ្យកាលពីឆ្នាំ១៩៤៨មក ដោយខ្វះខាតជាខ្លាំងនូវទំនិញសំខាន់ៗនិងការដាច់ចរន្តអគ្គិសនីជាប្រចាំនោះ បានបណ្តាលឲ្យមានការលំបាកកាន់តែខ្លាំងឡើង។
 
អាជ្ញាធរស្រីលង្កា កំពុងប្រឈមនឹងការខឹងសម្បាពីសាធារណជន ហើយមានការប្រឆាំងតវ៉ាដើម្បីទាមទារឲ្យរដ្ឋាភិបាលចុះចេញពីតំណែងនៅមុនការចរចាឲ្យមានការផ្តល់ថវិកាសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ។
 
ប្រធានធនាគារជាតិស្រីលង្កាលោក Nandalal Weerasinghe បាននិយាយថា លោកត្រូវការឲ្យ ពលរដ្ឋស្រីលង្កានៅក្រៅប្រទេសជួយប្រទេសរបស់ខ្លួននៅក្នុងកាលៈទេសៈដ៏សំខាន់នេះ ដោយការផ្តល់ប្រាក់របស់គេជារូបិយបណ្ណបរទេសដែលត្រូវការជាចាំបាច់នេះ»។
 
ការអំពាវនាវរបស់លោក កើតមានឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលស្រីលង្កាបានប្រកាសថា ខ្លួននឹងផ្អាកការបង់បំណុលបរទេសទាំងអស់ដើម្បីទុកប្រាក់ខ្លះសម្រាប់ចំណាយទៅលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ ថ្នាំសង្កូវនិងរបស់របរចាំបាច់ផ្សេងៗមួយចំនួនទៀតដែលកំពុងមានការខ្វះខាតនោះ។
 
ប្រធានធនាគារជាតិរូបនេះ ក៏បានបញ្ជាក់ផងដែរថា លោកបានបង្កើតខ្ទង់គណនីធនាគារមួយចំនួនសម្រាប់ថវិកាជួយឧបត្ថម្ភពីពលរដ្ឋស្រីលង្កា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ចក្រ ភពអង់គ្លេសនិងប្រទេសអាល្លឺម៉ង់ ដោយលោកបានសន្យាថា ប្រាក់ដែលពលរដ្ឋស្រីលង្កាផ្ញើពីបរទេសមកនោះ នឹងត្រូវយកទៅប្រើប្រាស់លើតម្រូវការសំខាន់ៗខ្លាំងបំផុត។
 
ប្រធានធនាគារជាតិស្រីលង្ការូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ធនាគារជាតិ នឹងធានាថា ការបញ្ជូនប្រាក់ឧបត្ថម្ភជារូបិយបណ្ណបរទេស នឹងយកទៅទិញទំនិញចាំបាច់នានាដូចជាម្ហូបអាហារ ប្រេងនិងថ្នាំសង្កូវជាដើម។ ការប្រកាសមិនបង់ថ្លៃបំណុលបរទេសកាលពីថ្ងៃអង្គារ នឹងជួយស្រីលង្កាសន្សំប្រាក់បាន២០០លានដុល្លារពីការបង់ថ្លៃការប្រាក់ដែលត្រូវផុតកំណត់កាលពីថ្ងៃចន្ទ ដោយលោកបន្ថែមថា ទឹកប្រាក់ដែលសន្សំបាននេះ នឹងត្រូវយកទៅចំណាយលើការនាំចូលទំនិញដែលចាំបាច់នានា។
 
ការអំពាវនាវរបស់ប្រធានធនាគារជាតិស្រីលង្ការូបនេះ បានធ្វើឲ្យពលរដ្ឋស្រីលង្កានៅក្រៅប្រទេសជាច្រើន នៅមានភាពមន្ទិលសង្ស័យនៅឡើយ។
 
វេជ្ជបណ្ឌិតស្រីលង្កាមួយរូបដែលកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលីហើយដែលសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះ បាននិយាយថា៖ «វាមិនអីនោះទេក្នុងការជួយ ប៉ុន្តែយើងមិនអាចទុកចិត្តទៅលើរដ្ឋាភិបាលស្រីលង្កានោះឡើយ ជាមួយនឹងប្រាក់ដែលយើងផ្ញើទៅនោះ»។
 
ដោយឡែកពលរដ្ឋស្រីលង្កាម្នាក់ទៀត ដែលជាវិស្វករកម្មវិធី Software កុំព្យូទ័រនិងកំពុងរស់នៅក្នុងប្រទេសកាណាដានិយាយថា លោកគ្មានជំនឿចិត្តនោះទេដែលលុយដែលត្រូវផ្ញើទៅជួយនោះ នឹងត្រូវគេយកទៅប្រើប្រាស់ ទៅលើរបស់របរដែលត្រូវការជាចាំបាច់នោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com