ជាតិ
រូបសំណាក «ព្រះថោងនាងនាគ» នៅខេត្តព្រះសីហនុ ត្រូវបានអភិសេកផ្លូវការ
16, Apr 2022 , 9:52 am        
រូបភាព
ដោយ: រួបរួម
រូបសំណាក «ព្រះថោងនាងនាគ» ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ត្រូវបានរៀបចំពិធីអភិសេកជាផ្លូវការនាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមេសា ដែលត្រូវជាថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំ។ ពិធីរៀបចំឡើងក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

 
 រូបសំណាក ព្រះថោងតោងស្បៃព្រះនាងនាគ នេះ មានកម្ពស់ជាង២១ម៉ែត្រ រចនាស្ថាបត្យកម្ម ដោយកូនខ្មែរ ត្រូវបានសាងសង់ឡើងយ៉ាងហ្មត់ចត់នៅប្រទេសចិន និងបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃ២៥ ខែមីនា ២០២២។ 
 
រូបសំណាក “ព្រះថោងនាងនាគ” បានដាក់បែរព្រះភក្ត្រ ឆ្ពោះទៅសមុទ្រ ដោយសាររឿងព្រេង ការកកើតនគរខ្មែរ គឺព្រះនាងនាគបានឲ្យព្រះថោង តោងកន្ទុយ ឬស្បៃ ដើម្បីមុជទឹក ហោះទៅកាន់ឋានស្ដេចភុជង្គនាគ ដើម្បីជួបមាតា បិតារបស់ព្រះនាង ហើយនោះ គឺជានិម្មិតរូប នៃការកកើតទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នគរខ្មែរ គោកធ្លក ដែលគេឃើញមានតរៀងមកក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ រហូតដល់សព្វថ្ងៃ។
 
ក្រោយពីធីសាសនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការកោតសរសើរចំពោះលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមការងារដែលបានរៀបចំរូបសំណាកនេះ ហើយវាក្លាយជាផ្នែកមួយនៃការទាក់ទាញពីសំណាក់ភ្ញៀវទេសចរនៅលើទឹកដីនៃខេត្តព្រះសីហនុនេះ។ 
 
សម្តេចបានគូសបញ្ជាក់ថា៖ ក្រុងព្រះសីហនុ ជាក្រុងមួយដែលបង្កើតឡើងដោយអតីតព្រះមហាវីរក្សត្រ សម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលក្នុងនោះមានរូបតំណាងព្រះនាមព្រះអង្គនៅរង្វង់មូលតោពីរស្រាប់តែម្ដង»។
 
 
ទាក់ទងទៅនឹងរូបសំណាកព្រះថោងនាងនាគនេះ ប្រមុខរដ្ឋាភិបាល បានរំលឹកអំពីដើមកំណើតនៃប្រពៃណីព្រះថោងតោងស្បៃនាងនាគ ដែលមានការផ្សារភ្ជាប់នូវអរិយធម៌ វប្បធម៌របស់ខ្មែរ ជាពិសេសទំនៀមទម្លាប់ប្រពៃណីក្នុងការរៀបអាពាហ៍ពិពាហ៍ដែលតែងតែមានការផ្សារភ្ជាប់ព្រះថោងនាងនាគ ជាពិសេសទំនៀមទម្លាប់ប្រុសចូលដណ្ដឹងស្រី ដែលកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ 
 
សម្ដេចបានបន្ថែមថា ការសាងសង់រូបសំណាកនេះមិនត្រឹមតែបង្ហាញអំពីអរិយធម៌ វប្បធម៌ដ៏ល្អផូផងរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានទាក់ទាញពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ស្របពេលដែលខេត្តព្រះសីហនុ បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៧ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com