កីឡាអន្តរជាតិ
អន្តរជាតិ
១០ឆ្នាំនេះ Man Utd ចំណាយជាង១,២ពាន់លានដុល្លារ តែមិនដែលឈ្នះពាន Premier League ឡើយ
17, Apr 2022 , 7:39 pm        
រូបភាព
ចាប់តាំងពីការចាកចេញពីសំណាក់អ្នកចាត់ការសញ្ជាតិស្កុតឡែន លោក ​Sir Alex Ferguson កាលពីឆ្នាំ ២០១៣ ក្លិប Manchester United មិនធ្លាប់បានលើកពានរង្វាន់ Premier ម្តងណាឡើយ គិតត្រឹមឆ្នាំ២០២២នេះ។



Man Utd ជាក្រុមម្ចាស់ជើងឯក Premier ១៣សម័យជាប់ៗគ្នា អំឡុងក្រោមការដឹកនាំរបស់លោក Ferguson។ ក្រោយរជ្ជកាលដឹកនាំរបស់ លោក Ferguson ចាប់តាំងពីឆ្នាំ២០១៣មក Man Utd មិនដែលឈ្នះពាន Premier League ឡើយ ក្នុងរយៈពេល១០ឆ្នាំនេះ ខណៈក្លិបចំណាយជាង១,២ពាន់លានដុល្លារ លើការទិញកីឡាករ និងជួលគ្រូបង្វឹកថ្មី។
 
សម្រាប់ពានរង្វាន់ជាច្រើន ដែលMan Utd បានប្រមូលយកទាំងក្នុងលីគអង់គ្លេស និងពានអន្តរជាតិ​នានា ក្រោយការដឹកនាំអតីតអ្នកចាត់ការវ័យ ៨០ ឆ្នាំ(ពេលបច្ចុប្បន្ន) លោក ​Sir Alex Ferguson ធ្លាប់បានជួយក្រុមបិសាចនេះ ឈ្នះពានផ្សេងៗក្រៅពីលីគកំពូលអង់គ្លេសដូចជា៖ FA ៥ដង, League Cup ៥ដង ,Community shields ១០ដង ,ពានរង្វាន់អឺរ៉ុប UEFA Champions League ២ដង ,European Cup ១ដង ,Intercontinental Cup ១ដង និង FIFA Club World Cup ១ដង។
 
ភាពជោគជ័យបានរសាត់ឆ្ងាយក្រោយការចាកចេញរបស់ Ferguson ខណៈក្រុមបិសាចក្រហម បានផ្លាស់ប្តូរអ្នកចាត់ការក្រុម ព្រមតាំងគ្រូបង្វឹកចំនួន៧ នាក់រួចមកហើយ ប៉ុន្តែពានរង្វាន់ដែលទទួលបានរយៈពេល១០ឆ្នាំមកនេះ គឺត្រឹមតែ ៥ប៉ុណ្ណោះ។
 
អ្នកចាត់ការនិងគ្រូបង្វឹក ដែលចូលមកដឹកនាំក្រុមបិសាចក្រហម ចាប់តាំងពីឆ្នាំ ២០១៣
លោក David Moyes ដែលចូលមកដឹកនាំអតីតក្រុមជើងឯក Premier League ១៣សម័យជាប់គ្នា បានត្រឹមតែរយៈពេល១០ខែប៉ុណ្ណោះ ក្នុងរដូវកាល ២០១៣-១៤។ លោក Moyes ជួយ Manchester United ឈ្នះពានរង្វាន់ Community Shields ១ដង។
 
គ្រូបង្វឹករូបនេះធ្លាប់បានរំពឹងថា នឹងធ្វើឱ្យក្រុមកំពូលអង់គ្លេស កាន់តែប្រសើឡើងដូចអ្នកចាត់ការចាស់ ប៉ុន្តែត្រឹមតែ ៥១ប្រកួត Man Utd ឈ្នះ ២៧ប្រកួត ចាញ់៩ នឹងស្មើ ១៥ប្រកួត ។ គ្រានោះ Man Utd បញ្ចប់ចំណាត់ថ្នាក់លេខ៧ នៅ Premier League លើកដំបូងបើគិតចាប់ពីឆ្នាំ ២០០២។
  


ការរុះរើក្រុមបិសាចក្រហម រដូវកាល ២០១៤-១៥ រហូតដល់ពេលបច្ចុប្បន្ន

បន្ទាប់ពី Moyes ត្រូវក្លិបបណ្តេញចេញ លោក Luis Van Gaal ដែលជាគ្រូបង្វឹកក្រុមជម្រើជាតិហូឡង់ បានចូលមកដឹកនាំក្រុមបន្ត និងបានរុះរើរចនាសម្ព័ន្ធរហូតមកដល់ពេលបច្ចុប្បន្ន។ Man Utd ផ្តល់សិទ្ធិទៅកាន់លោក Van Gaal ក្នុងការផ្លាស់ប្តូរកីឡាករជាច្រើន នឹងបានចំណាយប្រាក់រហូតដល់ទៅ ៤១៦លានដុល្លារ។
 
ក្នុងនោះ ទិញខ្សែបម្រើ Angel Di Maria ពី Real Madrid, កីឡាករ​ Morgan Schneiderlin, Bastian Schweinsteiger, Marcos Rojo នឹងកីឡាករផ្សេងមួយចំនួនទៀត ។ Van Gaal ជួយក្លិបលើកពាន FA Cup មួយដងប៉ុណ្ណោះ ក្រោមការដឹកនាំ ២រដូវកាលជាប់គ្នា ហើយក្រុមបិសាចក្រហមបានបញ្ចប់ចំណាត់ថ្នាក់លេខ៥ នៅរដូវកាល ២០១៥-១៦ ដែលជាបន្ទុកធ្លាក់លើគ្រូបន្ទាប់ សម្រាបដឹកនាំក្រុមឡើងទៅលេង Champions League វិញ ។
 
​​​​​មិនស្ថិតឆ្ងាយពី Premier League លោក Jose Mourinho ដែលទើបត្រូវបានក្លិបតោខៀវ Chelsea បណ្តេញចេញ បានចូលកាន់តំណែងជាអ្នកចាត់ការនៅក្លិប Man Utd។​ Mourinho ត្រូវបានគណៈគ្រប់គ្រងក្លិបលោក Woodward និងម្ចាស់ក្លិបគ្រួសារ Glazer ចុះកិច្ចសន្យាឱ្យមកដឹកនាំក្លិបបន្ទាប់ពី Van Gaal។ 


 
រដូវកាលដំបូងរបស់ Mourinho នៅបិសាចក្រហម ក៏មិនល្អដែរ ដោយក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៦ ហើយបន្តលេងក្នុង Europa League ដដែល ប៉ុន្តែរដូវកាល ២០១៧-១៨ ក្រុមបិសាចក្រហម បានក្លាយជាក្រុមប្រជែងពានរង្វាន់ ជាមួយ Manchester City ដែលជាក្រុមជើងឯក។ 
 
លោក Mourinho បានជួយយកពានរង្វាន់ ៣មកឱ្យ Man Utd ក្នុងនោះរួមមាន UEFA Europa League ១ដង ,League Cup ១ដង​ និង Community Shields ១ដង ដោយចំណាយប្រាក់អស់ជិត ៤៦០លានដុល្លារ ទៅលើការនាំចូលកីឡាករ។ លោកត្រូវបានបណ្តេញចេញនៅក្នុងឆ្នាំ ២០១៨ ក្រោយបិសាចក្រហមប្រកួតចាញ់ច្រើនប្រកួតជាប់ៗគ្នា។
 
ជំនួសដោយអតីតកីឡាករ ដែលធ្លាប់ជាវីរបុរសរបស់ក្លិបមួយរូបគឺលោក Ole Gunnar Solskjaer ដែលចូលមកដឹកនាំក្រុមនាចុងឆ្នាំ ២០១៨ បន្ទាប់ពី Mourinho ត្រូវបណ្តេញចេញ។ រយៈពេលបីរដូវកាល គ្រូបង្វឹករូបនេះ មិនអាចជួយក្រុមបិសាចក្រហមឈ្នះពានអ្វីមួយឡើយ ខុសពីគ្រូបង្វឹក៣រូបមុនៗ។ Solskjaer បានជួយបិសាចក្រហមក្លាយជាក្រុមដែលប្រជែងពានរង្វាន់ Premier ក្នុងរដូវកាល ២០១៩-២០ ដែលក្រុមបានបញ្ចប់ចំណាត់ថ្នាក់លេខ៣ ក្នុងតារាងកំពូល ដែលពេលនោះ គឺជាបំណងរបស់ក្លិបក្នុងការចូលប្រឡូកក្នុងពានរង្វាន់កំពូលអឺរ៉ុបជាថ្មី។ 
 



ក្រៅពីពានកៅអី Champions League សម្រាប់រដូវកាល ២០២០-២១ ក្រុមដែលដឹកនាំដោយលោក Solskjaer បានដាក់គោលដៅប្រជែងពាន Premier ជាថ្មីតាមបំណងរបស់អ្នកគាំទ្រ ព្រមទាំងក្លិបទាំងមូល។ 
 
ទោះជាយ៉ាងណាក្តី Man Utd បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខពីរ ប៉ុណ្ណោះដោយ Manchester City ជាក្រុមដែលគ្រងជើងឯក Premier League។ យ៉ាងណាមិញលោក Solskjaer ក៏ត្រូវបានអ្នកគាំទ្រតវ៉ា ហើយក៏ត្រូវក្លិបបណ្តេញចេញត្រឹមតែ១០ប្រកួតដំបូងនៅ​ Premier League នៃការចាប់ផ្តើមរដូវកាលថ្មី ដោយសារមិនសូវទទួលបានផលល្អ ចំណាយប្រាក់ច្រើនលើការនាំយកកីឡាករ ។
  


អំឡុងដឹកនាំក្លិបដែលមានទីតាំងស្ថិតក្នុងទីក្រុង Manchester មួយនេះ លោក Solskjaer ត្រូវបានក្លិបផ្តល់ទំនុកចិត្តជាខ្លាំង ដោយបើកដៃឱ្យលោកចំណាយប្រាក់នាំយកកីឡាកររហូតដល់ទៅជិត ៤៨០លានដុល្លារ។
 
ចំណែកគ្រូបង្វឹកពីររូបផ្សេងទៀតរួមមានលោក Ryan Giggs និងលោក Michael Carrick សុទ្ធតែក្លិបតែងតាំងជាគ្រូបណ្តោះអាសន្តរយៈពេលខ្លី មុនការរកឃើញអ្នកការថ្មីចូលមកដឹកនាំប៉ុណ្ណោះ។
 
ពេលបច្ចុប្បន្នលោក Raft Rangnick ជាគ្រូបង្វឹកបណ្តោះអាសន្តរហូតដល់ចប់រដូវកាលរបស់ក្រុមបិសាចក្រហម ជំនួសលោក Ole Gunnar Solskjaer ដែលបានបណ្តេញចេញកាលពីចុងឆ្នាំ ២០២១។ 
  


ពេលបច្ចុប្បន្នក្លិបដែលសម្បូរទៅដោយប្រជាប្រិយភាពទូទាំងពិភពលោកមួយនេះ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៧ នៅតារាង Premier League ដែលនេះ បញ្ជាក់ឱ្យដឹងថា ការប្រជែងពានរង្វាន់កំពូល គឺស្ថិតនៅឆ្ងាយនៅឡើយ។ ចំណែកការប្រជែងកៅអី Champions league រដូវកាលក្រោយ ក៏កាន់តែមានភាគរយតិចទៅ ដ្បិតមានគម្លាត ៦ពិន្ទុ ពីក្រុមលំដាប់ Top ៤។ ពានរង្វាន់ផ្សេងៗក៏បានរបូតរួចរាល់ផងដែរ៕
 
 
 
 

Tag:
 Sir Alex Ferguson
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com