កីឡាអន្តរជាតិ
អន្តរជាតិ
ប្រាក់រង្វាន់ World Cup 2022៖ ៤២លានដុល្លារសម្រាប់ជើងឯក ឯលេខពីរ ៣០លានដុល្លារ
18, Apr 2022 , 8:29 am        
រូបភាព
កាតា តាមរយៈសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នឹងផ្តល់ប្រាក់រង្វាន់ឱ្យក្រុមជើងឯក FIFA World Cup 2022 ចំនួន៤២លានដុល្លារ ឯលេខពីរ ៣០លានដុល្លារ។ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកទី២២ FIFA នឹងត្រូវចំណាយប្រាក់រង្វាន់ឱ្យក្រុមទាំង៣២ សរុប ៥២៥លានដុល្លារ។


ទោះទើបរកឃើញ២៩ក្រុមមានកៅអីទៅកាតា ប៉ុន្តែការចាប់ឆ្នោតវគ្គចែកពូលការប្រកួត World Cup ឆ្នាំ២០២២ បានធ្វើឡើងរួចហើយនៅទីក្រុងដូហា ប្រទេសកាតានៅថ្ងៃទី១ ខែមេសា ។ ការប្រកួត World Cup នឹងចាប់ផ្តើម នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ។
 
បើតាមការផ្សាយរបស់កាសែត Doha News ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ចាប់ពី​ពូ​ល A ដល់ H ក្រុម​នីមួយៗ​នឹង​ទទួលបាន​ប្រាក់​ពី FIFA ១,៥​លាន​ដុល្លារ ដោយសរុប​ទាំង​៣២​ក្រុម ​ត្រូវ​ចំណាយ​អស់ ៤៨​លាន​ដុល្លារ​ រួមទាំងបូកប្រាក់លើកទឹកចិត្តសម្រាប់ក្រុមឈ្នះផ្សេងទៀត ចំនួន៩លានដុល្លារ។​
 
ក្រុម​ណា​ដែល​អាច​ឈានដល់​វគ្គ១៦​ចុងក្រោយ ​នឹង​ទទួលបាន​ក្នុង​មួយក្រុម ១៣​លាន​ដុល្លារ​ទៀត សរុប ២០៨លាន​ដុល្លារ​។ សម្រាប់ក្រុមឈានដល់​វគ្គ១/៤​ផ្តាច់ព្រ័ត្រ នឹង​ទទួលបាន ១៧លាន​ដុល្លារ ក្នុងមួយក្រុម សរុប​១៣៦លាន​ដុល្លារ​។​
 
ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ នឹងទទួលបានប្រាក់រង្វាន់បន្ថែម ២៥លានដុល្លារ ខណៈលេខ៣ ទទួលបាន២៧លានដុល្លារ។ ក្រុមតំណាងប្រទេស​ណា ​ដែល​អាច​ឈ្នះ​តំណែង​ជើងឯក World Cup ឆ្នាំ​២០២២ នឹង​ទទួលបាន​ប្រាក់រង្វាន់​បន្ថែមចំនួន ៤២​លាន​ដុល្លារ ឯ​ក្រុម​រងជើង​ឯក​ទទួលបាន ៣០​លាន​ដុល្លារ​។​
 
ការចំណាយប្រាក់រង្វាន់ចំនួន៥២៥លានដុល្លារ ក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោកនៅកាតា មានចំនួនលើសការចំណាយនៅប្រទេសរុស្ស៊ី ដែលមានត្រឹម៤៤៨លានដុល្លារសម្រាប់៣២ក្រុម៕
 
 
 
 

Tag:
 World Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com