អន្តរជាតិ
រុស្ស៊ីកំណត់ពេលឱ្យទាហានអ៊ុយក្រែនព្រមចុះចាញ់នៅក្រុង​​ Mariupol
17, Apr 2022 , 4:19 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
ក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ទៅកាន់កងទ័ពអ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធ​នៅក្នុងកំពង់ផែភាគខាងត្បូងនៃក្រុង​ Mariupol ឱ្យទម្លាក់អាវុធចុះចាប់ពីម៉ោង៦ព្រឹក​(ម៉ោងក្នុងស្រុក)​នៅថ្ងៃទី១៧ខែមេសានេះ ដើម្បីជាថ្នូរដោះដូរជីវិត។


មកទល់ពេលនេះ ​ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងតែធ្ងន់ធ្ងរហើយ ដោយកាលពីថ្ងៃទី១៦ខែមេសា រុស្ស៊ីបានអះអាងថា កងទ័ពរបស់ពួកគេបានបោកសម្អាតតំបន់ក្រុងនៃ Mariupol​ ហើយនៅតែទាហានអ៊ុយក្រែនតិចតួចប៉ុណ្ណោះដែលនៅសេសសល់ក្នុងរោងចក្រដែកមួយនៅកំពង់ផែភាគខាងត្បូងដែលត្រូវបានឡោមព័ន្ធ។ក្រុងនេះ នឹងអាចក្លាយជាទីក្រុងដ៏ធំបំផុតដំបូងគេដែលធ្លាក់ទៅលើកងទ័ពរុស្ស៊ី ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារនៅថ្ងៃទី២៤ខែកុម្ភៈមក។
 
បើតាមលោក​ Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ឱកាសតែមួយគត់របស់កងទ័ពអ៊ុយក្រែនក្នុងការជួយសង្រ្គោះជីវិតរបស់ពួកគេ គឺការដាក់អាវុធចុះដោយស្ម័គ្រចិត្ត ហើយព្រមចុះចាញ់។លោកថា ​ទាហានអ៊ុយក្រែនចំនួន១ ៤៦៤នាក់ បានព្រមចុះចាញ់រួចរាល់ហើយ។
 
«ដោយគិតពីស្ថានភាពមហន្តរាយដែលបានវិវត្តន៍នៅរោងចក្រផលិតដែក Azovstal ហើយគោលការណ៍មនុស្សធម៌​ផងនោះ​ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីសម្រេចផ្តល់ឱកាសឱ្យក្រុមសកម្មប្រយុទ្ធនៃកងវរសេនាតូចជាតិនិយមនិងទាហានបរទេសដែលស៊ីឈ្នួល បញ្ឈប់ការប្រយុទ្ធនិងទម្លាក់អាវុធចុះចាប់ពីម៉ោង៦ព្រឹកនាថ្ងៃទី១៧ខែមេសានេះ។»ក្រសួងការពារជាតិ​បានអះអាងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៦ខែមេសា​ដោយបន្ថែមថា ​អ្នកទាំងអស់ដែលដាក់អាវុធចុះ នឹងធានាថារួចជីវិត។
 
ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលស្នើឡើងដោយរុស្ស៊ីនេះ កងកម្លាំងអ៊ុយក្រែនដែលនៅសល់ក្នុងរោងចក្រ​ Azovstal​ អាចចាកចេញចន្លោះពីម៉ោង៦ព្រឹកដល់ម៉ោង១រសៀល ដោយគ្មានការកាន់អាវុធឬ វត្ថុ មានជាតិផ្ទុះឡើយ។​ភាគីរុស្ស៊ី នឹងត្រូវលើកទង់ជាតិពណ៌ក្រហម ខណៈអ៊ុយក្រែនត្រូវកាន់ទង់ជាតិពណ៌សនៅក្នុងបរិវេណរោងចក្រ Azovstal ដើម្បីតំណាងពីការសុំចុះចាញ់។
 
ពាក់ព័ន្ធនឹងការស្នើពីភាគីរុស្ស៊ីបែបនេះ ​ប្រធានាធិបតីអ៊ុយក្រែនមិនទាន់បង្ហាញការឆ្លើយតបណាមួយភ្លាមៗនៅឡើយទេ។
 
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេលេនស្គី ​បានថ្លែងប្រាប់សារព័ត៌មាន​ Ukrayinska Pravda ថា ​ស្ថានភាពនៅក្រុង​ Mariupol កំពុងស្ថិតនៅស្ថានការណ៍ដ៍ពិបាកខ្លាំងដោយទាហាននិងអ្នករងរបួសត្រូវបានឡោមព័ន្ធ។បន្ថែមពីនេះ​ ​ហ្សេលេនស្គី បានគំរាមដកខ្លួនចេញពីការបន្តការចរចាសន្តិភាពជាមួយរុស្ស៊ី ​បើសិនកងកម្លាំងអ៊ុយក្រែនដែលជាប់ក្នុងក្រុងកំពង់ផែត្រូវបានសម្លាប់៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com