កីឡាអន្តរជាតិ
អន្តរជាតិ
លោក​ Pochettino និង Marquinhos រិះគន់លើកង្វះការគាំទ្រ PSG នាជំនួប Classique
18, Apr 2022 , 11:29 am        
រូបភាព
លោក Mauricio Pochettino គ្រូបង្វឹក Paris Saint Germain និងខ្សែការពារ Marquinhos នាថ្ងៃទី១៨ខែមេសា បាននិយាយរិះគន់ចំៗទៅកាន់អ្នកគាំទ្រក្រុមខ្លួននាកីឡដ្ឋាន Parc des Princes ថា ខ្វះខាតការគាំទ្រ អំឡុងការប្រកួត Classique រវាង PSG និង Olympique Marseille។

 
ក្រុមរហ័សនាមអ្នកមានបារាំង PSG បានប្រយុទ្ធយកឈ្នះក្នុងលទ្ធផល ២-១ លើក្រុមភ្ញៀវ។ ជ័យជម្នះដែលរកបាន ដោយការស៊ុតបាល់បញ្ជូលទីរបស់ខ្សែប្រយុទ្ធ Neymar JR នៅនាទី១២ និង Kylian Mbappe នាទី៤៥+៥ នាវគ្គទីមួយ។ កីឡាករ Dimitri Payet ជាអ្នកស៊ុតគ្រាប់បាល់ ១គ្រាប់លើ PSG វិញនៅនាទី ២២។
 
ជាមួយជ័យជម្នះបានរុញក្រុម PSG ឱ្យបន្តនាំមុខនៅកំពូលតារាងដែលមានពិន្ទុនាំមុខ ក្រុម Marseille ឈរលេខពីរ ចំនួន១៥ពិន្ទុ ខណៈការប្រកួតនៅសល់៦ប្រកួតក្នុងដៃ នៃរដូវកាលនេះ។ ទោះជាបែបនេះក្តីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បាននិយាយថា កង្វះការគាំទ្រ បានធ្វើឱ្យប៉ះពាល់អារម្មណ៍ក្រុម ដែលកំពុងឈានទៅលើកពានរង្វាន់លីគបារាំង។
 
«យើងកំពុងតែរង់ចាំអ្នកគាំទ្រណាដែលអាចទទួលយកយើងបានពេលនេះ ដើម្បីផ្តល់ថាមពលហើយគាំទ្រយើងឱ្យបានខ្លាំងថែមទៀត។ ពួកគេបានបង្ហាញអារម្មណ៍អស់សង្ឃឹមមកលើយើង ហើយយើងក៏គោរពតាមពួកគេ ប៉ុន្តែយើងក៏នៅតែត្រូវការ ការគាំទ្រពីអ្នកគាំទ្ររហូតអ៊ីចឹង»។ លោក Pochettino និយាយបែបនេះ ក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
 
យ៉ាងណាមិញ មានសេចក្តីរាយការណ៍មួយចំនួនបាននិយាយថា ក្រុមអ្នកគាំទ្ររបស់ PSG បានបន្តធ្វើបាតុកម្មស្នើឱ្យមានការផ្លាស់ប្តូរសមាជិកនៃគណកម្មាធិការប្រតិបត្តិក្លិប និងគណគ្រប់គ្រងក្លិបរបស់បារាំងមួយនេះ ចេញក្រោយក្រុម ធ្លាក់ចេញពី Champions League។
 
ដោយឡែកខ្សែការពារ Marquinhos ដែលជាប្រធានក្រុម PSG ក៏ភ្ញាក់ផ្អើលជាខ្លាំងចំពោះកង្វះការគាំទ្របែបនេះ ក្នុងនាមជាកីឡាករម្នាក់របស់ក្លិប៕
 

Tag:
 Mauricio Pochettino
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com