កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ខិតជិតពាន La Liga ក្រោយវាយបកឈ្នះ Sevilla
18, Apr 2022 , 1:58 pm        
រូបភាព
ក្លិបអធិរាជស Real Madrid ថ្ងៃទី១៨ មេសា បានបន្តបោះជំហានខិតកាន់តែជិតតំណែងម្ចាស់ជើងឯកពានរង្វាន់ក្របខណ្ឌកំពូលអេស្ប៉ាញ La Liga ក្រោយវាយបកយកឈ្នះលើក្រុម Sevilla លទ្ធផល ៣-២។


ជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Sevilla បានមកពីការស៊ុតដោយកីឡាករ Rodrygo, Nacho Fernandez និង Karim Benzema នាវគ្គទីពីរ។ ២គ្រាប់របស់ Sevilla នាំមុខលើ Real Madrid រកបានដោយកីឡាករខ្សែបម្រើ Ivan Rakitic និង Erik Lamela នៅក្នុងវគ្គទីមួយ។
 
Real Madrid បន្តនាំមុខលើកំពូលតារាង La Liga ដោយនាំមុខរហូតដល់ទៅ១៥ពិន្ទុ នៅពីលើក្រុមលេខពីរ Barcelona ដែលនៅសល់៨ប្រកួត ខណៈ Madrid នៅសល់៦ប្រកួត ទោះជាយ៉ាងណា លោក Carlo Ancelotti អះអាងថា Real Madrid ត្រូវធានាឱ្យបានការឈ្នះពានរដូវកាលនេះ។
 
«គ្រប់គ្នាបានរង់ចាំមើល​ Real Madrid បរាជ័យ ប៉ុន្តែ Real Madrid មិនបានបរាជ័យឡើយព្រោះយើងមានធនធានគ្រប់យ៉ាងនៅពេលនេះ។ La Liga មិនទាន់បញ្ចប់ យើងត្រូវតែធានាឱ្យបានការលើកពានមួយនេះ»។ លោក Ancelotti និយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
 
គ្រូបង្វឹកសញ្ជាតិអ៊ីតាលី ក៏បានសរសើរកូនក្រុមដែលធ្វើបានល្អនៅវគ្គទីពីរ ហើយថាលោក មានមោទនភាពខ្លាំងចំពោះកូនក្រុមចំពោះទម្រង់លេងដ៏ល្អបំផុត៕
 

Tag:
 Real Madrid
  La Liga Title
© រក្សាសិទ្ធិដោយ thmeythmey.com