កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិប Ajax បានបញ្ចុះបញ្ចូលលោក Erik ten Hag ឱ្យបដិសេធសំណើ​ Man Utd
19, Apr 2022 , 9:29 am        
រូបភាព
លោក Gerry Hamstra ប្រធានផ្នែកបច្ចេកទេសក្លិប Ajax Amsterdam នាថ្ងៃទី១៧ ខែមេសា បាននិយាយថា លោកបានធ្វើគ្រប់យ៉ាងក្នុងការបញ្ចុះបញ្ចូលលោក Erik Ten Hag គ្រូបង្វឹកAjax ឱ្យបដិសេធសំណើរបស់ក្លិប Manchester United ដែលចង់បានលោកទៅដឹកនាំនារដូវកាលក្រោយ។



កាលពីខែមីនា កន្លងទៅលោក Erik Ten Hag គ្រូបង្វឹកក្រុម Ajax រូបនេះ បានជួបពិភាក្សាជាមួយនឹងខាងមន្ត្រី ជាពិសេសក្នុងនោះក៏មាននាយកប្រតិបត្តិក្លិប Man Utd ថ្មីលោក Richard Arnold ដែរ។ ក្នុងការចរចានោះ លោក Erik ten Hag ត្រូវបានបណ្តាសារព័ត៌មានជាច្រើនរាយការណ៍ថា នឹងទទួលយកសំណើកិច្ចសន្យារយៈពេល៣ឆ្នាំ ក្នុងការដឹកនាំក្រុមបិសាចក្រហម។
 
ទោះជាយ៉ាងណាក៏ដោយ ក្លិបយក្សរបស់ហូឡង់មួយនេះ មិនមានបំណងក្នុងការបាត់បង់លោក Ten Hag ឡើយ ដោយក្លិបបានព្យាយាមគ្រប់បែបយ៉ាងក្នុងការអន្ទងលោកឱ្យនៅប្រយុទ្ធជាមួយក្លិប Ajax បន្តទៀត។
 
«យើងសង្ឃឹមថា គាត់នឹងបន្តនៅទីនេះ ប៉ុន្តែពេលនេះការងាររបស់យើងគឺរក្សាការពិត ហើយគាត់មិនទាន់ចាកចេញឡើយ។ គាត់កំពុងតែផ្តោតអារម្មណ៍លើអនាគត គឺមានតែ Erik ដែលអាចកំណត់វាបាន បើសិនគាត់មិនព្រមបន្តជាយើង យើងនឹងត្រៀមខ្លួនឱ្យបានរួចរាល់ដូចគ្នា»។លោក Hamstra ប្រាប់ទូរទស្សន៍ ESPN បែបនេះ។
 
យ៉ាងណាមិញ ក្លិបបិសាចក្រហមកំពុងមានទំនុកចិត្តខ្ពស់ ក្នុងការចុះកិច្ចសន្យាជាមួយលោក Ten Hag ។ 
 
បច្ចុប្បន្នក្លិប Ajax កំពុងស្ថិតនៅលំដាប់កំពូលនៃក្របខណ្ឌ Eredivisie Champions ដោយមានពិន្ទុនាំមុខត្រឹម៤ពិន្ទុប៉ុណ្ណោះ ពីក្រុមគូប្រជែងនានា ហើយនៅសល់៥ប្រកួតក្នុងដៃ៕
 

Tag:
 Ajax Amsterdam
  Erik Ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com