កីឡាអន្តរជាតិ
អន្តរជាតិ
កូនភ្លោះម្នាក់របស់ Ronaldo ដែលទើបកើត បានស្លាប់
19, Apr 2022 , 11:40 am        
រូបភាព
ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្តស្រី Georgina Rodriguez នាថ្ងៃទី១៨ ខែមេសា បានប្រកាសថា ទារកម្នាក់ ក្នុងចំណោមទារកភ្លោះបានស្លាប់។ កាលពីខែតុលាឆ្នាំ ២០២១ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ និងដៃគូធ្លាប់បានប្រកាសថា នឹងរំពឹងបង្កើតបានកូនភ្លោះម្តងទៀត។



«វាពិតជាទុក្ខដ៏ធំមួយដែលយើងត្រូវតែប្រកាសថា ទារករបស់យើងបានស្លាប់។ វាគឺជាការឈឺចាប់ដ៏ធំបំផុត ដែលឪពុកម្តាយគ្រប់រូបអាចនឹងងាយទទួលអារម្មណ៍បែបនេះ»។ Ronaldo និងមិត្តស្រី Rodriguez និយាយបែបនេះ ក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅលើបណ្តាញសង្គម។
 
ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ បានមានទំនាក់ទំនងជាមួយដៃគូ Georgina Rodriguez អំឡុងពេលរូបគេលេងនៅក្លិបយក្សអេស្ប៉ាញ Real Madrid ហើយអ្នកទាំងពីរមានកូនស្រីអាយុ៤ឆ្នាំម្នាក់ ខណៈ Ronaldo មានកូន៣ នាក់រួចហើយ។
 
ក្រោយទទួលបានដំណឹងយ៉ាងក្រៀមក្រំពីសំណាក់ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ ក្លិបបិសាចក្រហមបានបង្ហោះសាររំលែកទុក្ខ ដោយបាននិយាយថា «ទុក្ខរបស់អ្នកក៏ដូចជាទុក្ខរបស់យើង Ronaldo។ ហើយយើងនឹងផ្ញើការស្រលាញ់ និងការកម្លាំងចិត្តដល់អ្នកព្រមទាំងក្រុមគ្រួសារអ្នកពេលនេះ»។
 
មិនត្រឹមតែប៉ុណ្ណោះប្រធានក្លិប Real Madrid ក៏ដូចជាក្លិបដែល Ronaldo ធ្លាប់រួមរស់ ក៏បានប្រកាសនៅលើគេហទំព័រក្លិប ចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ទារក ដែលជាក្តីស្រលាញ់របស់អតីតខ្សែប្រយុទ្ធ និងមិត្តស្រី៕
 

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com