ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី៖ លោក សៀម ភ្លុក នឹងចេញមុខបំភ្លឺក្នុងតុលាការ ក្រោយដីកាបង្គាប់ឲ្យនាំខ្លួន អស់សុពលភាព
19, Apr 2022 , 3:45 pm        
រូបភាព
ភ្នំពេញ៖ មេធាវីរបស់លោក សៀម ភ្លុក ប្រធានស្ថាបនិកគណបក្សបេះដូងជាតិ បានអះអាងថា កូនក្ដីរបស់លោកនឹងចេញមុខបំភ្លឺ ដើម្បីបង្ហាញភាពស្អាតស្អំ បន្ទាប់ពីដីកាចាប់ខ្លួនអស់សុពលភាព។ មេធាវី ចាត់ទុកការបង្គាប់របស់តុលាការជារឿងនយោបាយ ជាជាងដំណើរការតាមនីតិវិធីច្បាប់។

 
លោក សំ សុខគង់ មេធាវីរបស់លោក សៀម ភ្លុក ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា តុលាការដឹងច្បាប់ ប៉ុន្តែចេញដីកា ឬអនុវត្តខុសនីតិវិធីជាហូរហែ។ លោក សុខគង់ បានបន្ថែមថា ការចេញដីកាខុសនិតីវិធីនេះ បូករួមលោក សៀម ភ្លុក មានភាពមមាញឹក និងបញ្ហាសុខភាពផងនោះ ទើបកូនក្តីខ្លួន ខកខានមិនបានចូលតាមការកោះហៅ។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗនៅថ្ងៃទី១៩មេសានេះ មេធាវីលោក សៀម ភ្លុក បានបញ្ជាក់ពីស្ថានភាពរបស់កូនក្ដីថា លោក ភ្លុក កំពុងនៅកន្លែងសុវត្ថិភាព ហើយរវល់ធុរៈផ្ទាល់ខ្លួនផងដែរ។ ប៉ុន្តែ មិនមែនមានន័យថា កូនក្ដីរបស់ខ្លួនរត់គេច ឬធ្វើអ្វីខុសតាមការចោទប្រកាន់ឡើយ។ តែយ៉ាងណាលោក សំ សុខគង់ បានអះអាងថា ក្រោយពី ដីកាបង្គាប់ឲ្យនាំខ្លួនអស់សុពលភាពហើយ លោក សៀម ភ្លុក មានឆន្ទៈដើរចូលតុលាការ បំភ្លឺក្ដីដោយខ្លួនឯង។ 
 
មេធាវីការពារក្តីរូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «តាមការពិគ្រោះយោបល់ជាមួយមេធាវី គាត់(សៀម ភ្លុក)ថានឹងរកពេលចូល (តុលាការ) នៅពេលដីកាអស់សុពលភាពថ្ងៃទី២៥មេសា គាត់នឹងបំភ្លឺទាក់ទងនឹងការចោទប្រកាន់ ហើយគាត់ចង់បង្ហាញពីភាពស្អាតស្អំរបស់គាត់ទៅតុលាការ…។ ទីពីរលោក សៀម ភ្លុក គាត់ចង់ចូលបំភ្លឺដោយឆន្ទៈរបស់ខ្លួនឯងផ្ទាល់ ដោយមិនចាំបាច់មានការនាំខ្លួន»។ 
 
ជាមួយគ្នាដែរ លោក សំ សុខគង់ យល់ឃើញថា ការចេញដីកាឲ្យនាំខ្លួនលោក សៀម ភ្លុក ចូលតុលាការ ហាក់មាននិន្នាការនយោបាយច្រើន ជាងការអនុវត្តតាមនីតិវិធីច្បាប់។ មេធាវីរូបនេះ ពន្យល់ថា ជាទូទៅដីកាកោះហៅត្រូវប្រគល់ឲ្យដល់សាមីខ្លួន ប៉ុន្តែលោក សៀម ភ្លុក មិនបានទទួលដីការនោះទេ ខណៈអាសយដ្ឋានក្នុងដីការកោះហៅវិញ ខាងតុលាការសរសេរខុសទីតាំងទៀត។ 
 
កត្តាសំខាន់មួយទៀត តាមផ្លូវច្បាប់សាមីខ្លួនដែលត្រូវតុលាការកោះហៅ មានសិទ្ធិចូលឬមិនចូលបំភ្លឺបាន ហើយតុលាការក៏មាននីតិវិធីទៀតដែរ គឺត្រូវចេញដីកាកោះហៅលើកទី២។ ប៉ុន្តែបើដីការកោះហៅលើកទីពីរ ឬលើកទី៣ ពុំមានការចូលបំភ្លឺ ទើបតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួន ឬចាប់ខ្លួន ដើម្បីបញ្ជូនទៅតុលាការ។ 
 
កន្លងមក លោក សៀម ភ្លុក ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា ការបង្គាប់សមត្ថកិច្ចឲ្យនាំខ្លួនលោក គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ ហើយលោកមិនរត់គេចខ្លួនឡើយ។ លោកបញ្ជាក់យ៉ាងដូច្នេះ៖«ខ្ញុំ នឹងពិភាក្សាជាមួយមេធាវីរបស់ខ្ញុំ ថាតើ ខ្ញុំ គួរចូលខ្លួនមុនថ្ងៃកំណត់ ឬឲ្យសមត្ថកិច្ចនាំខ្លួនខ្ញុំទៅ។ ខ្ញុំ មិនរត់គេចទេ»៕ 
 
 

Tag:
 នយោបាយ
  សៀម ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com