ជាតិ
សេដ្ឋកិច្ច
គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ តម្លៃ៣០លានដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
20, Apr 2022 , 6:59 pm        
រូបភាព
ក្រុមការងារមន្ត្រីជំនាញ ចុះពិនិត្យគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅថ្ងៃទី២០ មេសា ២០២២
ក្រុមការងារមន្ត្រីជំនាញ ចុះពិនិត្យគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅថ្ងៃទី២០ មេសា ២០២២
ដោយ៖​ ធន់​សេងហុង​
គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ គម្រោងទាំងនេះ ចំណាយទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។


គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ បានជួយឲ្យរាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់ ហើយជួយរំដោះជំនន់ទឹកភ្លៀង ព្រមទាំងធ្វើឲ្យកាន់តែប្រសើរឡើង ដល់អនាម័យ ចរាចរណ៍ និងសកម្មភាពសេដ្ឋកិច្ចផងដែរ ។ គម្រោងនេះ ចំណាយពេលសាងសង់៣ឆ្នាំ ដោយចាប់ផ្តើម តាំងពីដើមខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែតុលា ២០២១ ។
 
នាពិធីដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការគម្រោងនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា ថ្វីត្បិតតែអស់ថវិកាច្រើន តែវាបានផ្តល់ប្រយោជន៍យ៉ាងសន្ធឹក សម្រាប់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ជាពិសេសការបញ្ចៀសការជន់លិច និងកកស្ទះសំរាមជាដើម។
 
គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយទឹកប្រាក់សរុបប្រមាណ៣០លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលរដ្ឋាភិបាលជប៉ុន។ បើតាមអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង​ គម្រោងទាំងនេះ រួមមាន ៖ ទី១ គឺបានស្ថាបនាដាក់បណ្តាញលូមេប្រវែង ១២.៦គីឡូម៉ែត្រ។ ក្នុងនោះ ភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ និងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ។ 
 
ទី២ សាងសង់អាងស្តុកទឹកក្រោមដី ននៅក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទំហំបណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ជម្រៅ ៤ម៉ែត្រ ដែលមានសមត្ថភាពស្តុកទឹកបាន ៦,៥០០ម៉ែត្រគូប និងសង់ស្ថានីយបូមទឹកមានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង ១វិនាទី។ 
 
ទី៣ បំពាក់ម៉ាស៊ីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹកក្រោមដីតាមមាត់ទន្លេ រួមមាន អាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាលសន្និសីទចតុមុខ។ ចំណែកទី៤ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿង ព្រមទាំងជំនួយក្នុងការចាប់ផ្តើមការងារប្រតិបត្តិការ និងការថែទាំផងដែរ ។
 
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន បានអនុវត្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ។ សម្រាប់គម្រោងទាំង៤លើកនេះ បានជួយឲ្យរាជធានីភ្នំពេញ គេចផុតពីការគំរាមកំហែងដោយទឹកជំនន់ និងជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរ សម្រាប់រំដោះជំនន់ទឹកភ្លៀង។
 
​កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមក សម្តេច ហ៊ុន សែន ក៏បានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គម្រោងនេះ ក៏ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដែរ ហើយគ្រោងបញ្ចប់ការសាងសង់ នៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៣ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com