ជាតិ
សេដ្ឋកិច្ច
កម្ពុជា កំពុងរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក
20, Apr 2022 , 8:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំនៃការរៀបចំ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា នៅថ្ងៃទី១៩មេសា តាមZoom។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំនៃការរៀបចំ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា នៅថ្ងៃទី១៩មេសា តាមZoom។
ភ្នំពេញ៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) កំពុងរៀបចំ «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា សម្រាប់ការផលិតផ្គត់ផ្គង់ទីផ្សារអន្តរជាតិ។ ការរៀបចំផែនទីបង្ហាញផ្លូវនេះ គឺធ្វើឡើងបន្ទាប់ពីវិស័យយានយន្ត និងវិស័យអេឡិចត្រូនិកនៅកម្ពុជា នារយៈពេលចុងក្រោយនេះមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។

 
រាជរដ្ឋាភិបាល បានកំណត់យកវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាពដែលមានសក្តានុពល សម្រាប់ជំរុញការចូលរួមរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់តម្លៃសកល ក៏ដូចជាការលើកកម្ពស់ ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ជាពិសេសវិស័យនេះ នឹងចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តា និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។ ថ្ងៃទី១៩ ខែមេសា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ បានដឹកនាំកិច្ចប្រជុំនៃការរៀបចំ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា។ 
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបា នបញ្ជាក់ថា ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត គឺមានគោលបំណងអភិវឌ្ឍ និងផ្សារភ្ជាប់វិស័យយានយន្តនៃប្រទេសកម្ពុជា ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកល និងជាពិសេសប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងផ្គុំយានយន្ត (Components Manufacturing Hub) ព្រមទាំងជំរុញការផលិតគ្រឿងផ្គុំយានយន្ត ដែលមានលក្ខណៈស្មុគស្មាញ និងតម្លៃបន្ថែមខ្ពស់ជាងមុន។ 
 
ដោយឡែក ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យអេឡិចត្រូនិកវិញ គឺមានគោលបំណងប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិក ដែលមានសមាហរណកម្មខ្ពស់ (Integrated Electronics Production Hub) និងផលិតគ្រឿងបន្លាស់អេឡិចត្រូនិកជាច្រើនប្រភេទ។  លើសពីនេះ គឺកម្ពុជា នឹងមានសមត្ថភាពផលិតគ្រឿងបង្គុំពាក់កណ្ដាលសម្រេច (Sub-assembled Products) និងផលិតផលសម្រេច (Fully Assembled Products) ដើម្បីបម្រើទីផ្សារនាំចេញក្នុងតំបន់ និងពិភពលោក។
 
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា សេចក្តីព្រាងផែនទីបង្ហាញផ្លូវទាំង២នេះ  គឺជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ដែលមានតំណាងមកពីក្រសួង-ស្ថាប័នចំនួន៨ រួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងរ៉ែ និងថាមពល, និងក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមជំនួយបច្ចេកទេស នៃកម្មវិធីពន្លឿនការគាំទ្រសេដ្ឋកិច្ចក្នុងដំណាក់កាលជំងឺកូវីដ-១៩ (Accelerated COVID-19 Economic Support-ACES) របស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាប្រឹក្សា BCG ដែលត្រូវបានចាប់ផ្តើមរៀបចំឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១៕ 
 
 
 

Tag:
 យានយន្ត
  អេឡិចត្រូនិក
  អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com