ជាតិ
សេដ្ឋកិច្ច
៣ខែដើមឆ្នាំ កម្ពុជាបានចំណូលពីពន្ធដារ ជាង១២០០លានដុល្លារ
20, Apr 2022 , 9:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារពន្ធដារប្រចាំត្រីមាសទីមួយ ឆ្នាំ២០២២ កាលពីថ្ងៃទី១៩ មេសា ២០២២។ រូបថត ៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារពន្ធដារប្រចាំត្រីមាសទីមួយ ឆ្នាំ២០២២ កាលពីថ្ងៃទី១៩ មេសា ២០២២។ រូបថត ៖ GDT
ដោយ ៖ ធន់ សេងហុង​ 
 
ភ្នំពេញ ៖ ៣ខែដើមឆ្នាំ២០២២ កម្ពុជា​ទទួលបានចំណូលពីពន្ធដារ ប្រមាណជាង១ ២០០លានដុល្លារ។ ចំណូលដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាននេះ គឺមានការកើនឡើងចំនួន ២២,២៥ភាគរយ បើធៀបនឹងគ្រាដូចគ្នា​ កាលឆ្នាំ២០២១។


អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធអាករចូលថវិកាជាតិ បានចំនួន ១ ២៦៣,០៧លានដុល្លារអាម៉េរិក នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២២។ តួលេខនេះ សម្រេចបាន​អត្រា៤៤,៨០ភាគរយ នៃផែនការកំណត់ ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ នេះយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារពន្ធដារប្រចាំត្រីមាសទីមួយ ឆ្នាំ២០២២ កាលពីថ្ងៃទី១៩ មេសា។
 
ចំណូលតាម​ប្រភេទពន្ធនិង​អាករ ដែលប្រមូលបាន រួមមាន៖ ពន្ធលើប្រាក់ចំណូលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាង៦៦៧លានដុល្លារ កើនឡើង២៣,៦០ភាគរយ, អាករតម្លៃបន្ថែម(VAT) ជាង១៩១លានដុល្លារ កើនឡើង ១៥,១៤ភាគរយ, អាករពិសេស ជាង៧៣លានដុល្លារ កើនឡើង១៥,៨៦ភាគរយ, ពន្ធលើប្រាក់បៀវត្ស ជាង៧៧លានដុល្លារ កើនឡើង២១,១៨ភាគរយ និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលទ្រព្យ ជាង៥៥លានដុល្លារកើនឡើង ៣៥,១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។
 
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា​​ ការសម្រេចនូវលទ្ធផលនេះអាស្រ័យលើប្រសិទ្ធភាពនៃការពង្រឹងអភិបាលកិច្ចល្អ ​ជាមួយការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងការភ្ជាប់កម្មវិធីលើទូរស័ព្ទដៃ ផ្តល់លទ្ធភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ និងទទួលបានព័ត៌មានថ្មីៗ ពីពន្ធដារ ។
 
ជម្រើសនៃការបង់ពន្ធ តាមរយៈធនាគារពាណិជ្ជជាដៃគូ និងការផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ , វគ្គបណ្តុះបណ្តាល សិក្ខាសាលា​និងប្រព័ន្ធផ្សព្វផ្សាយនានារបស់អគ្គនាយកដ្ឋានពន្ធដារ បានចូលរួមចំណែកយ៉ាងសំខាន់ នៃការបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការប្រមូលពន្ធ ។
 
អគ្គនាយកដ្ឋានពន្ធដាររូបនេះ បាននិយាយថា៖«ស្ថានភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងឆ្នាំកន្លងមក នឹងបន្តជះឥទ្ធិពលមកលើការគ្រប់គ្រងការប្រមូលពន្ធ ចំណូលពន្ធក្នុងឆ្នាំបន្ទាប់ ជាពិសេសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។ ផ្ទុយទៅវិញ ទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ យ៉ាងណាក្តី លទ្ធផលនៃការគ្រប់គ្រងលទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកពន្ធដារសម្រេចបានលទ្ធផលល្អប្រសើរដូចបានជម្រាបជូនខាងលើ»។
 
កន្លងមក សម្តេច ហ៊ុន សែន បានសរសើរលោក គង់ វិបុល និងមន្ត្រីអគ្គនាយកដ្ឋានពន្ធដារទាំងអស់ ចំពោះលទ្ធផលប្រមូលពន្ធ ឆ្នាំ២០២១​ ដែលសម្រេចបាន​១២៤,០២ភាគរយនៃផែនការប្រចាំឆ្នាំ បើទោះបីកម្ពុជាកំពុងជួបប្រទះវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩​​ ក៏ដោយ ៕ 
 

Tag:
 ពន្ធដារ គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com