កីឡាអន្តរជាតិ
អន្តរជាតិ
Rangnick ៖ សមត្ថភាព Man Utd ដើរក្រោយ Liverpool ៦ឆ្នាំ
20, Apr 2022 , 5:15 pm        
រូបភាព
សមត្ថភាពក្រុម Manchester United ដើរពីក្រោយ Liverpool ដល់ទៅ៦ឆ្នាំ។ នេះជាការលើកឡើងរបស់លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន Man Utd ក្រោយដឹកនាំក្រុមចាញ់ Liverpool ដល់ទៅ ៤-០។


Man Utd បានចាញ់ Liverpool ៥-០ នៅ Old Trafford កាលពីខែតុលាក្នុងជំនួបលីគ Premier League ។ ត្រឡប់ទៅ Anfield នៅយប់ថ្ងៃទី១៩ ខែមេសា ក្រុមបិសាចក្រហមបន្តចាញ់ហង្សក្រហម ៤-០ ជាថ្មីទៀត ក្នុងជំនួបសប្តាហ៍ទី៣៣របស់ខ្លួន។
 
បរាជ័យដ៏អាម៉ាស់ទាំងក្នុង និងក្រៅដីនេះ ត្រូវបានលោក Rangnick មើលឃើញថា ទម្រង់លេងរបស់កូនក្រុម Man Utd ធ្លាក់ដុនដាប និងត្រូវការកសាងក្រុមឡើងវិញ ក្នុងទ្រង់ទ្រាយធំ។ អ្នកចាត់ការទូទៅបណ្តោះអាសន្នសញ្ជាតិអាល្លឺម៉ង់ ថែមទាំងប្រៀបធៀបកូនក្រុមលោកបច្ចុប្បន្ន ថា មានសម្ថភាពតាមពីក្រោយក្រុម Liverpool ដល់ទៅ៦ឆ្នាំ។
 
«គួរឱ្យអាម៉ាស់ និងខកចិត្តណាស់សម្រាប់លទ្ធផលបែបនេះ។ ពួកយើងត្រូវតែទទួលយកការពិត ថាពួកគេ [Liverpool] ដើរមុនយើងដល់ទៅ៦ឆ្នាំឯណោះ»។ នេះជាការអះអាងរបស់លោក Rangnick។
 
លោក Rangnick ដែលគេជឿជាក់ថា នឹងមិនបន្តដឹកនាំ Man Utd នៅរដូវកាលក្រោយ បន្ទាប់ពីគ្រូ Ajax លោក Erik ten Hag ទំនងចូលជំនួសនោះ ថែមទាំងលើកសរសើរពីរបៀបដឹកនាំរបស់លោក Juergen Klopp ក្នុងការផ្លាស់ប្តូរក្លិបនៅអង់គ្លេសមួយនេះ ឱ្យទទួលបានផ្លែផ្កា ក្រោយឡើងទៅដឹកនាំ នៅឆ្នាំ២០១៥។
 
ជាមួយគ្នានេះដែរ លោក Rangnick ដែលមានតួនាទីជាអ្នកប្រឹក្សាក្លិប បន្ថែមថា ស្របពេលកីឡាករមួយចំនួន នឹងត្រូវផុតកិច្ចសន្យា ក្លិប Man Utd នឹងត្រូវផ្លាស់ប្តូររចនាសម្ព័ន្ធដ៏ធំ តាមរយៈការនាំចូលកីឡាករ មានសម្ថភាពមួយចំនួន មកជួយក្រុមឡើងវិញ។
 
តាមរយៈបរាជ័យនេះ Man Utd ត្រូវប្រឈមមុខបាត់កៅអី Champions League រដូវកាលក្រោយ ដ្បិតត្រូវប្រជែងជាមួយក្រុម Spurs និង Arsenal ជាដើម។ ឆ្លងកាត់ការប្រកួត៣៣លើក បិសាចក្រហមរកបាន៥៤ពិន្ទុ ស្ថិតនៅលេខរៀងទី៦ តាមពីក្រោយក្រុម Spurs ដែលទើបប្រកួត៣២លើក ចំនួន៣ពិន្ទុ និងស្មើពិន្ទុ Arsenal ដែលសល់ពីរប្រកួតក្នុងដៃ។
 
Liverpool បានឡើងទៅឈរកំពូលតារាងវិញ ដោយរកបាន៧៦ពិន្ទុ ពីការប្រកួត៣២លើក នាំមុខគូប្រជែង និងជាម្ចាស់ការពារតំណែងជើងឯក Manchester City ចំនួន២ពិន្ទុ តែទើបប្រកួត៣១លើកប៉ុណ្ណោះ៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com