កីឡាអន្តរជាតិ
អន្តរជាតិ
​Man City ឈ្នះ Brighton បន្តនាំមុខកំពូលតារាង ខណៈ Arsenal បំបាក់ Chelsea ក្នុងជំនួប London Derby
21, Apr 2022 , 10:56 am        
រូបភាព
ជំនួប Premier Leauge ថ្ងៃទី២១ ខែមេសាក្លិប​ Manchester City បន្តឡើងឈរកំពូលតារាង Premier League ក្រោយយកឈ្នះលើក្រុម Brighton & Hove Albion លទ្ធផល ៣-០។ ចំណែក Arsenal បំបាក់ក្រុមខ្លាំង Chelsea លទ្ធផល ៤-២ នាទឹកដី Stamford Brigde។


ក្រុម Liverpool បានឡើងឈរលើតំណែងកំពូលតារាង ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយពេលយកឈ្នះលើក្រុមបិសាចក្រហម Manchester United នាថ្ងៃទី២០ ខែមេសា នាកីឡដ្ឋាន Anfield។ 
 
តែជ័យជម្នះរបស់ Man City លើក្រុម Brighton & Hove Albion លទ្ធផល ៣-០ បានជួយឱ្យក្រុមមេឃខៀវនេះ ឡើងឈរកំពូលតារាងមាន ៧៧ពិន្ទុ លើក្រុមហង្សក្រហម​ ៧៦ពិន្ទុដែលឈរលេខពីរ។


 
ជ័យជម្នះរបស់ Man City រកគ្រាប់បានដោយកីឡាករ Riyad Mahrez, Phil Foden និង ​Bernardo Silva នៅក្នុងវគ្គទីពីរ។ សម្រាប់វគ្គទីមួយ Man City មិនអាចបំបែករនាំងការពាររបស់ក្រុម Brighton ដ៏រឹងមាំបានឡើយ។
 
ក្រោយឃើញក្រុមធ្វើបានល្អខ្លាំង លោក Pep Guardiola បានសរសើរកូនក្រុមថា បង្ហាញទម្រង់លេងយ៉ាងល្អ ដើម្បីយកឈ្នះ Brighton។ 
 
ចំណែកការប្រកួតដ៏ធំប្រចាំ Premier League ថ្ងៃទី២១ ខែមេសា មួយគូទៀត ក្រុមកាំភ្លើងធំ Arsenal បានបំបាក់ក្រុមម្ចាស់ផ្ទះ Chelsea ក្នុងលទ្ធផល ៤-២។ ជ័យជម្នះលើក្រុមតោខៀវនេះ វាជាការផ្តល់ក្តីសង្ឃឹមដល់ក្រុមកាំភ្លើងធំ ក្នុងការប្រជែងកៅអី Champions League រដូវកាលក្រោយ។
 
៤គ្រាប់របស់កាំភ្លើងធំ ធ្វើបានដោយកីឡាករ Eddie Nketiah នាទី១៣ និងនាទី៥៧ , Emile Smith Rowe​ នាទី២៧ និង Bukayo Saka នាទី៩០+២។ ចំណែក ២គ្រាប់ របស់ក្រុមម្ចាស់ Chelsea រកបានដោយកីឡាករខ្សែប្រយុទ្ធ Timo Werner នាទី១៧ និង Cecar Azpilicueta នាទី៣២។
 
ជ័យជម្នះបាននាំ Arsenal មាន៥៧ពិន្ទុ ស្មើក្រុម Tottenham Hotspurs ឈរលេខ៤ ។ ក្រុមទាំងពីរនេះ ទើបតែប្រកួតត្រឹមសប្តាហ៍ទី ៣២ដូចគ្នា។ ​Arsenal និងជួបក្រុម Spurs នៅថ្ងៃទី១២ ខែឧសភា ខាងមុខ។
  


ក្រោយទទួលបានជ័យជ្នះលើជំនួប London Derby លោក Mikel Arteta សប្បាយចិត្តខ្លាំង ដែលបានឈ្នះក្នុងជំនួបដ៏ធំមួយនេះ ហើយលោកក៏បានសរសើរកីឡាករថា ធ្វើបានល្អខ្លាំង ជាពិសេសខ្សែប្រយុទ្ធ Eddie Nketiah។ 
 
គ្រូបង្វឹកក្រុម Arsenal រូបនេះ ក៏បានអះអាងបន្ថែមថា លោកបានដាស់តឿនកូនក្រុម បើចង់លេងនៅ Champions League ត្រូវតែស្វែងរកជ័យជម្នះ ឱ្យដូចយកឈ្នះប្រកួតលើ Chelsea ដូចគ្នាដែរ៕
 
 

Tag:
 Manchester City
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com