ជាតិ
សង្គមជាតិ
ក្នុងត្រីមាសទី១ មនុស្ស២៤២នាក់ បាត់បង់ជីវិតដោយសារធ្វើអត្តឃាត
21, Apr 2022 , 1:05 pm        
រូបភាព
ទិដ្ឋភាពលើស្ពានជ្រោយចង្វារ (រូបពី Youtube ឈ្មោះ khmer usa ដែលបង្ហោះកាលខែកុម្ភៈ ឆ្នាំ២០២២)
ទិដ្ឋភាពលើស្ពានជ្រោយចង្វារ (រូបពី Youtube ឈ្មោះ khmer usa ដែលបង្ហោះកាលខែកុម្ភៈ ឆ្នាំ២០២២)
ដោយ៖ ទេពញាណ

របាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ មានការធ្វើអត្តឃាត២៤៧ករណី ដោយក្នុងនោះ ២៤២នាក់ បានបាត់បង់ជីវិត និង៥នាក់ រងរបួស។ កាសែតភ្នំពេញប៉ុស្តិ៍ អះអាងថា ទទួលបានរបាយការណ៍នេះ ហើយបានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។



របាយការណ៍ បានឲ្យដឹងថា ការធ្វើ​អត្តឃាតទាំង២៤៧ករណីនេះ កើតឡើង​ក្នុង​រាជធានី-​ខេត្តនៅ​ទូទាំងប្រទេស ដោយលើកលែងតែ​ខេត្ត២ប៉ុណ្ណោះ គឺខេត្ត​កែប និង​ខេត្ត​ប៉ៃលិន ដែលមិនមាន។ បើតាមរបាយការណ៍ដដែល រាជធានី​ភ្នំពេញ មានករណីធ្វើអត្តឃាតច្រើនជាងគេ  ហើយលេខរៀងបន្តបន្ទាប់ គឺខេត្តបន្ទាយមានជ័យ ​ខេត្តកំពង់ចាម និង ​ខេត្តបាត់ដំបង ។ល។  ​

លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មិនអាចបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយថា អ្នកទាំង២៤២នាក់នោះ ធ្វើអត្តឃាតដោយសារមូលហេតុអ្វី។ លោក ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«អ្នកខ្លះស្មានថា វិកលចរិត ខ្លះថា វិបត្តិគ្រួសារ ខ្លះថាចេះថាចុះ។ តែមានមូលដ្ឋានផ្លូវការឯណា ដែលគាត់ អ៊ីចឹងមែនអត់? វា គ្រាន់តែជាការសន្និដ្ឋានអត់ច្បាស់លាស់ មនុស្សស្លាប់បាត់ហើយ យើងអត់ដឹងផងហ្នឹង»។

នគរបាលជាតិជាន់ខ្ពស់រូបនេះ ក៏មិនអាចបញ្ជាក់បានដែរថា អ្នកទាំងនោះ ជាទូទៅជ្រើសរើសយកមធ្យោបាយអ្វី ក្នុងការធ្វើអត្តឃាត។ លោកលើកឡើងថា៖«ខ្ញុំ ប្រាប់ជាទូទៅ គឺធ្វើអត្តឃាត។ របាយការណ៍ជម្រាបជូនប៉ុណ្ណឹងទេ។ ចង់ច្បាស់ ទាល់តែឆែកមើលមួយៗ»៕

Tag:
 ករណីធ្វើអត្តឃាត
© រក្សាសិទ្ធិដោយ thmeythmey.com