កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកប្រដាល់រុស្សី Beterbiev នឹងឡើងសង្វៀនក្នុងនាមជាជនជាតិកាណាដាវិញ ដើម្បីគេចបម្រាម
22, Apr 2022 , 8:29 am        
រូបភាព
ម្ចាស់ជើងឯកប្រដាល់ពិភពលោក Artur Beterbiev នឹងឡើងសង្វៀនក្នុងនាមជាជនជាតិកាណាដា​វិញ បន្ទាប់ពីស្ថាប័នប្រដាល់ពិភពលោក (WBC) ហាមប្រាមអ្នកអត្តពលិកជនជាតិរុស្ស៊ី ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមការអះអាង របស់ប្រធាន WBC លោក Mauricio Sulaiman នៅថ្ងៃទី២០ ខែមេសា។



ចាប់តាំងពីរុស្ស៊ី បើកការវាយលុកអ៊ុយក្រែន ប្រទេសលោកខាងលិច និងហសភាពអឺរ៉ុប បានថ្កោលទោស និងដាក់ទណ្ឌកម្មលើរុស្ស៊ី ក្នុងនោះអត្តពលិករុស្ស៊ី ក៏ត្រូវបានហាមឃាត់ ក្នុងព្រឹត្តិការណ៍កីឡាផងដែរ។
 
លោក Sulaiman ប្រធាន WBC បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាស្ថាប័នលោក នឹងមិនដាក់ទណ្ឌកម្មលើការប្រកួតប្រដាល់ណាមួយ នៅក្នុងប្រទេសរុស្ស៊ីឡើយ ប៉ុន្តែក៏គ្មានកីឡាកររុស្ស៊ី ឬបេឡារុសណាម្នាក់ នឹងឡើងសង្វៀនដើម្បីដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោកនោះដែរ។
 
Beterbiev ជាអ្នកប្រដាល់ទម្ងន់ធ្ងន់សញ្ជាតិរុស្ស៊ី បានគ្រងខ្សែក្រវាត់ពិភពលោក IBF និង WBC។ អ្នកប្រដាល់វ័យ៣៧ឆ្នាំរូបនេះ រស់នៅប្រទេសកាណា១៥ឆ្នាំ ដោយទទួលបានលិខិតឆ្លងដែន និងសញ្ជាតិកាណាផងដែរ។
 
ម្ចាស់ខ្សែក្រវាត់ IBF និង WBC ដែលមានមូលដ្ឋាននៅទីក្រុង Montreal ប្រទេសកាណា ត្រូវបានគេរំពឹងថា នឹងប៉ះម្ចាស់ជើងឯក WBO សញ្ជាតិអាម៉េរិក Joe Smith Jr. ក្នុងទីក្រុង New York នាខែមិថុនា ឆ្នាំ២០២២ខាងមុខ។
 
យ៉ាងណាក៏ដោយ ដើម្បីគេចផុតពីបម្រាម Beterbiev អ្នកប្រដាល់មិនស្គាល់ចាញ់ ជាមួយកំណត់ត្រាឈ្នះទាំង១៧លើក បានសម្រេចចិត្តឡើងសង្វៀន ដោយប្រើសញ្ជាតិកាណាដាជំនួសឱ្យរុស្ស៊ីវិញ។
 
«គាត់ [Beterbiev] បានរស់នៅប្រទេសកាណាដារយៈពេល១៥ឆ្នាំមកហើយ គាត់រស់នៅក្នុងប្រទេសកាណាដា កូនរបស់គាត់កើតនៅកាណាដា គាត់មានលិខិតឆ្លងដែនកាណាដា មានអាជ្ញាប័ណ្ណប្រដាល់ពីកាណាដា។ ដួច្នេះគាត់អាចជាកីឡាករតំណាងកាណាដាបាន»។ នេះជាការបញ្ជាក់របស់លោក Sulaiman។
 
ទោះយ៉ាងនេះក្តី ប្រធាន WBC សញ្ជាតិម៉ិកស៊ិក រូបនេះ ត្រូវរង់ចាំការពិភាក្សាជាមួយក្រុមប្រឹក្សាភិបាល WBC ដើម្បីវាយតម្លៃជុំវិញករណីនេះជាមុន​ ខណៈលោក Sulaiman ជឿជាក់ថាការអនុញ្ញាតឱ្យ Beterbiev ប្រកួតបានក្នុងនាមជនជាតិកាណាដា ជារឿង​យុត្តិធម៌​បំផុត៕
 

Tag:
 Artur Beterbiev រុស្ស៊ី អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com