ជាតិ
ប្រាក់ជាង២៧០លានដុល្លារ បានជួយដល់សេដ្ឋកិច្ចមូលដ្ឋាន​ តាមរយៈការដើរកម្សាន្តរបស់ទេសចរ នាថ្ងៃចូលឆ្នាំ
22, Apr 2022 , 8:59 am        
រូបភាព
ប្រជាជនចូលរួមកម្មវិធីសង្រ្កាន្ត នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ រូបភាពដោយលោក ស៊ុល រ៉វី
ប្រជាជនចូលរួមកម្មវិធីសង្រ្កាន្ត នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ រូបភាពដោយលោក ស៊ុល រ៉វី
ដោយ:
ភ្នំពេញ៖ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅ មានទេសចរជាតិ-អន្តរជាតិជាង ៥លាននាក់ បានដើរកម្សាន្តនៅទូទាំងប្រទេស ដែល​​ចំណាយថវិកាអស់ប្រមាណ ២៧០លានដុល្លារអាម៉េរិក ក្នុងនោះការចំណាយរបស់ទេសចរជាតិមានជាង ២៦០លានដុល្លារ ខណៈទេសចរបរទេសផ្ទៃក្នុងចំណាយអស់ប្រមាណ ១០លានដុល្លារ។ ចំណូលនេះធ្វើឱ្យវិស័យទេសចរណ៍ ងើបឡើងវិញស្របតាមផែនការរបស់រដ្ឋាភិបាល។



ភ្ញៀវទេសចរដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ បានទាញចំណូលយ៉ាងច្រើន ចូលក្នុងសេដ្ឋកិច្ចជាតិ​។ ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋាន តាមរមណីយដ្ឋាននានា មានភ្ញៀវពេញស្ទើរ ១០០ភាគរយ។ តាមរយៈដំណើរកម្សាន្តរបស់ទេសចរ បានផ្ដល់ចំណូលឱ្យអ្នករកស៊ីក្រៅប្រព័ន្ធ​ ដូចជាអ្នកដឹកជញ្ជូន និងអ្នកលក់ដូរតូចតាចជាដើម។ 
  


យោងតាមរបាយការណ៍ការចំណាយរបស់ទេសចរ ពីក្រសួងទេសចរណ៍ ភ្ញៀវទេសចរសរុប ៥ ១៧៥ ៧៥៤នាក់ បានចំណាយថវិកាចំនួន ២៧៥ ៣៦៧ ១១៥ដុល្លារអាម៉េរិក ​ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចមូលដ្ឋាន។ ខេត្តកំពង់ចាម រកចំណូលពីវិស័យទេសចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ បានច្រើនជាងគេ ក្នុងចំនួនទឹកប្រាក់ជាង ៥៤លានដុល្លារអាម៉េរិក។ ចំណែកខេត្តព្រះសីហនុ រកចំណូលបានជាង ៤៨លានដុល្លារ ខណៈខេត្តបាត់ដំបង ទទួលបានចំណូលជាង ៣១លានដុល្លារ និងខេត្តសៀមរាប រកចំណូលបានជាង ៣០លានដុល្លារ។ 
 
លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បង្ហាញមូលហេតុដែលខេត្តកំពង់ចាម រកចំណូលបានច្រើនជាងគេ ទោះទទួលទេសចរបានតិចជាងខេត្តបាត់ដំបង ដោយសារទេសចរមួយចំនួនធំ ក្នុងខេត្តកំពង់ចាម បានចំណាយលើការស្នាក់នៅ។ ចំណែកទេសចរក្នុងខេត្តបាត់ដំបង ​ចំណាយលើការស្នាក់នៅតិចជាង។ ចំណែកទេសចរដើរកម្សាន្តនៅខេត្តព្រះសីហនុ ក៏ចំណាយលើការស្នាក់នៅច្រើនជាងបាត់ដំបងដែរ។
 
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ សន្និដ្ឋានថា ទេសចរដែលសា្នក់នៅ អាចចំណាយប្រមាណ ៤៥ដុល្លារ សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ។ ចំណែកទេសចរដើរកម្សាន្តជាក្រុម អាចចំណាយអស់ ២៩៤ដុល្លារ និងទេសចរមួយគ្រួសារអាចចំណាយអស់ ១៦១ដុល្លារក្នុងមួយថ្ងៃ។ ទេសចរដែលមិនស្នាក់នៅ អាចចំណាយប្រមាណ ២៤ដុល្លារ សម្រាប់មនុស្សម្នាក់។
 
ជុំវិញការចំណាយរបស់ទេសចរ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ មានប្រសាសន៍ថា ការដើរកម្សាន្តរបស់ទេសចរ ជាការផ្ទេរប្រាក់ចំណូលពីអ្នកមានចំណូលខ្ពស់ មធ្យម ទៅកាន់អ្នករកស៊ីក្រៅប្រព័ន្ធ។ « ប្រាក់ចំណូលឆ្នាំនេះ បានផ្ទេរពីវណ្ណៈកណ្ដាល ពីវណ្ណៈអ្នកមាន ទៅកាន់អ្នកក្រីក្រ នៅតាមជនបទ ដែលលក់មាន់ លក់របស់របរផ្លែដូង ឬស្អីៗ ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចវិល»។ សម្ដេច ថ្លែងដូច្នេះ​ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅថ្ងៃទី២០មេសា។
 


លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍

យ៉ាងណាមិញ បើតាម លោក តុប សុភ័ក ការរដើរកម្សាន្តរបស់ទេសចរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាងើបលឿនស្របតាមផែនការមេស្ដារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩។ «ទេសចរជាតិងើបឡើងលឿន ក្នុងទម្រង់ជាអក្សរ V។ ចំណែកទេសចរអន្តរជាតិ ងើបឡើងក្នុងទម្រង់អក្សរ U ដែលត្រូវពេលវេលារហូតដល់ ២០២៥ ឬ ២០២៧ ទើបអាចមានលទ្ធភាពស្ដារ ដូចមុនកូវីដ-១៩បាន»។ នេះជាការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងទេសចរណ៍។
 
លើសពីនេះអ្នកជំនាញទេសចរណ៍ លោកស្រី ឆាយ ស៊ីវលីន បង្ហាញការរំភើប ចំពោះការដើរកម្សាន្តចល័តរបស់ទេសចរជាតិ និងអន្តរជាតិ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការស្ដារសេដ្ឋកិច្ចជាតិ ក្រោយទទួលរងការការញាំញី ដោយសារជំងឺកូវីដ-១៩។ 
 


លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា

«ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ បានរួមចំណែកលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ជាពិសេសអ្នកបម្រើការក្នុងសណ្ឋាគារ និងភោជនីយដ្ឋាន ដែលបានជាប់គាំងជាយូរមកនេះ» ។ នេះជាការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន ដោយបន្តថា ការដើរកម្សាន្តរបស់ទេសចរ ជាសញ្ញាវិជ្ជមាន នៃការងើបឡើងវិញលឿនសម្រាប់វិស័យទេសចរណ៍កម្ពុជា ព្រោះនេះ ជាការកសាងទំនុកចិត្តកាន់តែខ្លាំង ដល់ទេសចរអន្តរជាតិ ឱ្យជ្រើសមកកម្សាន្តនៅកម្ពុជា។​ 
 
សូមបញ្ជាក់ផងដែរថា​ ចូលឆ្នាំខ្មែរ៣ថ្ងៃ បូកនឹងថ្ងៃអាទិត្យ ទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តទូទាំងប្រទេសសរុប ៥ ១៧៥ ៧៥៤នាក់ ក្នុងនោះទេសចរអន្តរជាតិ ៣៥ ២៥៩ នាក់។ ចូលឆ្នាំថ្ងៃទីមួយ ទេសចរចេញដើរកម្សាន្តចំនួន  ៨៦២ ៨៩៧ នាក់, ចូលឆ្នាំថ្ងៃទី២ មានទេសចរ ១ ៥៧៩ ២៥១ នាក់ និងចូលឆ្នាំថ្ងៃទី៣ មានទេសចរ ២ ១៤៨ ១៧៨ នាក់។ ចំណែកថ្ងៃអាទិត្យបន្ទាប់ពីចូលឆ្នាំ មានទេសចរ ដើរកម្សាន្ត ៥៨៥ ៤២៨ នាក់៕
 
 

Tag:
 ThmeyThmey25
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com