កីឡាអន្តរជាតិ
អន្តរជាតិ
ផ្លូវការ! លោក Erik Ten Hag នឹងចូលដឹកនាំ Man Utd រដូវកាលក្រោយ
21, Apr 2022 , 5:31 pm        
រូបភាព
រូបភាព Facebook ៖ Manchester United
រូបភាព Facebook ៖ Manchester United
លោក Erik Ten hag ដែលជាគ្រូបង្វឹកក្រុម Ajax Amsterdam នឹងចូលមកដឹកនាំក្លិបបិសាចក្រហម Manchester United ចាប់ពីរដូវកាលក្រោយនេះទៅ។ នេះបើតាមការផ្សាយរបស់គេហទំព័រផ្លូវការ Manchester United។

 
គ្រូបង្វឹកសញ្ជាតិហូឡង់ បានយល់ព្រមកិច្ចសន្យាជាមួយក្រុមបិសាចក្រហមរយៈពេល ៣ឆ្នាំ រួមជាមួយនឹងជម្រើសបន្ត១ឆ្នាំបន្ថែម ក្នុងការដឹកនាំបន្តពីលោក ​Ralf Rangnick នៅរដូវកាលបន្ទាប់។ លោក Rangnick នឹងកាន់តំណែងជាទីប្រឹក្សាយោបល់របស់ក្លិប។
 
ក្នុងតួនាទីដឹកនាំក្រុម Ajax កន្លងមកនេះ ​លោក Ten Hag បានធ្វើឱ្យក្លិបនៅលីគហូឡង់មួយនេះ មានភាពខ្លាំងក្លា ហើយលោកក៏ក្លាយជាគ្រូបង្វឹកមួយរួមក្នុងពិភពបាល់ទាត់ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះលោក Ten Hag បានជួយក្រុម Ajax ឈ្នះពានរង្វាន់លីគកំពូលហូឡង់រដូវកាលនេះផងដែរ។
 
«វាពិតជាកិត្តិយសដ៏អស្ចារ្យដែលខ្ញុំត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម Manchester United ហើយខ្ញុំពិតជាមានចំណាប់អារម្មណ៍ខ្លាំង សម្រាប់ការប្រកួតប្រជែងមួយនេះ។ ខ្ញុំបានដឹងច្បាស់ពីប្រវត្តិសាស្ត្ររបស់ក្លិបយ៉ាងច្បាស់ ជាពិសេសខ្ញុំប្តេជ្ញាចិត្តក្នុងការអភិវឌ្ឈក្រុមឱ្យមានសមត្ថភាពនឹងទទួលបានជោគជ័យឡើងវិញ»។នេះជាការលើកឡើងរបស់លោក Ten Hag។
 
មុនការប្រកាសតែងតាំងនេះ ក្រុមបិសាចក្រហមបានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មជ្ឈដ្ឋាន​បាល់ទាត់ ដោយចាញ់ក្រោមថ្វីជើង Liverpool ៤-០ កាលពីថ្ងៃទី១៩ ខែមេសា។

លោក Ralf Rangnick ដែលជាគ្រូបង្វឹកបណ្តោះអាសន្ន បាននិយាយថា បិសាចក្រហមដើរក្រោយក្រុម Liverpool រហូតដល់៦ឆ្នាំ ហើយក្លិបត្រូវការរុះរើរចនាសម្ព័ន្ធឱ្យដូចក្លិបកំពូលតារាងទាំងពីរនៅ Premier league។
 
ទោះជាបែបនេះក្តី មុនសម្រេចចុះកិច្ចសន្យាជាមួយក្រុមបិសាចក្រហមលោក Ten Hag បានដឹកនាំការប្រកួត ​Ajax ប្រកួតទល់ក្រុម PSV Eindhoven នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Dutch Cup។ Ajax បានប្រកួតចាញ់ក្នុងលទ្ធផល ២-១។
 
យ៉ាងណាមិញលោក Ten Hag នឹងត្រូវបន្តដឹកនាំការប្រកួត ៥ចុងក្រោយរបស់ Ajax ដែលនៅសល់រហូតដល់ចប់រដូវកាល ២០២១-២២ នេះ៕
 

Tag:
 Erik Ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com