ជាតិ
សង្គមជាតិ
លោក នេត សាវឿន៖ ការពលិកម្មរបស់មន្រី្ត២រូប ក្នុងការបង្ក្រាបគ្រឿងញៀន ជាគំរូវីរភាពដ៏អង់អាច
22, Apr 2022 , 11:29 am        
រូបភាព
ពិធីបុណ្យសពមន្រ្តីដែលបានពលីទាំងពីររូប។ រូបពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
ពិធីបុណ្យសពមន្រ្តីដែលបានពលីទាំងពីររូប។ រូបពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
ភ្នំពេញ៖ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានភាពសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់មន្រី្តពីររូប ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ក្នុងខេត្តកណ្ដាល។ លោកចាត់ទុកការពលីនេះ ជាគំរូវីរភាពដ៏អង់អាច។

 
អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានចេញសារលិខិតរំលែកមរណទុក្ខ ក្រុមគ្រួសារសពលោក ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រិច​ និងក្រុមគ្រួសារលោក រីម សុផាន់ណា មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។​ 
 
ចំពោះការបាត់បង់មន្រី្តទាំងពីររូប ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ជាការបាត់បង់មន្រ្តីដ៏អង់អាច ដែលលះបង់ពេលវេលា ក្ដីសុខផ្ទាល់ រហូតដល់ជីវិត។ ការលះបង់នេះ ជាកិត្តិយស ដើម្បីបុព្វហេតុសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ នេះជាការបញ្ជាក់របស់លោក នេត សាវឿន។
 
«ពលិកម្មរបស់ លោក វរសេនីយ៍ត្រី ជុច សុភា និងលោក អនុសេនីយ៍ទោ រីម សុផាន់ណា គឺជាគំរូវីរភាពដ៍ឧត្តុង្គឧត្តម និងទទួលបាននូវការគោរពកោតសរសើរ ស្ញប់ស្ញែងពីថ្នាក់ដឹកនាំ និងមន្រី្តនគរបាលជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរផងដែរ»។ នេះបើតាមការលើកឡើងរបស់លោក នេត សាវឿន ។
 
ក្រោយមានការផ្ទុះអាវុធ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី២១ មេសា ដែលបណ្ដាឱ្យមន្ត្រីសមត្ថកិច្ច២នាក់ស្លាប់នេះ សមត្ថកិច្ច ក៏បានស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក ប្រមាណ៧នាក់។ ពេលនេះ សមត្ថកិច្ច បន្តការស្វែងរកជនល្មើសទាំងនេះទៀត៕
 
 

Tag:
 សង្គម
  សមត្ថកិច្ច
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com