កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឱ្យលោក Erik ten Hag ២៦០លានដុល្លារ ដើម្បីទិញកីឡាកររដូវកាលក្រោយ
22, Apr 2022 , 12:01 pm        
រូបភាព
លោក Erik Ten Hag នឹងចូលដឹកនាំ Manchester United ជំនួសអ្នកចាត់ការបណ្តោះអាសន្នលោក Rangnick ចាប់ពីរដូវកាលក្រោយ។ តំណែងអ្នកចាត់ការថ្មីនៅ Old Trafford លោក Ten Hag ដែលសព្វថ្ងៃជាគ្រូ Ajax Amsterdam នឹងទទួលបានកញ្ចប់លុយ ២៦០លានដុល្លារពីក្លិបបិសាចក្រហមដើម្បីនាំចូលកីឡាករល្អៗទៅពង្រឹងក្រុម។


មុនប្រកាសតែងតាំងគ្រូសញ្ជាតិហូឡង់លោក Ten Hag ជាអ្នកចាត់ការថ្មី ក្រុម Man Utd ក្រោមការដឹកនាំរបស់លោក Rangnick បានប្រកួតចាញ់ Liverpool ក្នុងជំនួប Premier League ដល់ទៅ ៤-០។ 
 
ក្រោយបរាជ័យយ៉ាងអាម៉ាស់នេះ លោក Rangnick ដែលនឹងផ្លាស់ទៅធ្វើជាទីប្រឹក្សាក្លិបបិសាចក្រហមវិញនោះ សារភាពថា Man Utd ត្រូវការការផ្លាស់ប្តូររចនាសម្ព័ន្ធទ្រង់ទ្រាយធំ ទើបអាចក្លាយជាក្រុមខ្លាំងឡើងវិញ។
 
យោងទៅតាម Mirror ស្របតាមការវាយតម្លៃរបស់ Rangnick ក្លិប Man Utd នឹងផ្តល់ទឹកប្រាក់មួយចំនួនសម្រាប់លោក Ten Hag កសាងក្រុមឡើងវិញ ដោយ ២៦០លានដុល្លារសម្រាប់ទិញចូលកីឡាករនៅទីផ្សារដោះដូរដើមរដូវកាលក្រោយ ២០២២-២៣។
 
ស្របពេល Man Utd គ្រោងនាំចូលកីឡាករថ្មី សមាជិកខ្លួនមួយចំនួនធំក៏ត្រូវបានរាយការណ៍ថានឹងត្រូវចាកចេញដែរ ដែលក្នុងនោះរួមមាន Paul Pogba, Nemanja Matic, Jesse Lingard, Edinson Cavani, Juan Mata និង Lee Grant នៅពេលកិច្ចសន្យារបស់ពួកដល់កាលកំណត់។ 
 
ក្រៅពីនេះ កីឡាករ៦រូបផ្សេងទៀតដូចជា Aaron Wan-Bissaka, Eric Bailly, Phil Jones, Alex Telles, Anthony Martial និង Marcus Rashford ទំនងត្រូវលក់ចេញនៅរដូវក្រោយផងដែរ។
គោលដៅទិញចូលរបស់ Man Utd រដូវកាលក្រោយអាចមាន Harry Kane ខ្សែប្រយុទ្ធរបស់ Tottenham Hotspur និង Declan Rice ខ្សែបម្រើក្រុម West Ham ជាដើម។
 
Man Utd បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី៦ក្នុងតារាងលីគកំពូលអង់គ្លេស ដោយរកបាន៥៤ពិន្ទុពីការប្រកួត៣៣លើក និងប្រឈមមិនបានកៅអី Champions League រដូវកាលក្រោយ។ Man Utd តាមពីក្រោយក្រុមលេខ៤ Spurs និងលេខ៥ Arsenal ចំនួន៣ពិន្ទុ និងលើសការប្រកួតមួយលើកផង។ ការប្រកួត Premier League រដូវកាលនេះ នៅសល់៥លើកទៀតប៉ុណ្ណោះនឹងបញ្ចប់៕
 

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com