កីឡាអន្តរជាតិ
អន្តរជាតិ
តើ Erik Ten Hag ដែលក្រុម Man Utd ទើបតែប្រកាសតែងតាំងឱ្យដឹកនាំក្លិប ជានរណា?
22, Apr 2022 , 5:59 pm        
រូបភាព
លោក Erik Ten Hag ត្រូវបានក្លិប Manchester United ប្រកាសតែងតាំងជាអ្នកចាត់ការក្លិប ជាផ្លូវការ កាលពីថ្ងៃទី២១ មេសា។ Erik Ten Hag នឹងត្រូវដឹកនាំក្រុមបិសាចក្រហមចាប់ពីរដូវកាល ២០២២-២៣ រហូតដល់ឆ្នាំ ២០២៥។


គ្រូបង្វឹកសញ្ជាតិហូឡង់បានក្លាយជាគ្រូបង្វឹកដែលគួរឱ្យចាប់អារម្មណ៍មួយ ក្នុងរយៈពេលចុងក្រោយ បន្ទាប់លោកបាននាំក្រុម Ajax Amsterdam ឈ្នះពាន ៥ដង នៃក្រោមការដឹកនាំ៤រដូវកាលកន្លងមក។ ចប់រដូវកាលនេះ Ten Hag នឹងទៅជួយស្រោចស្រង់ក្រុមបិសាចក្រហម Man Utd វិញម្ដង។
 
លោក ​Erik Ten Hag ពីកីឡាករ ទៅជាអ្នកចាត់ការក្លិប

ចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់តាំងពីវ័យក្មេងនៅក្នុងទីក្រុង Oldenzaal ដ៏តូចមួយ មិនឆ្ងាយពីព្រំដែនប្រទេសហូឡង់និងអាល្លឺម៉ង់ គ្រួសាររបស់លោក Ten hag បានបង្កើតមុខជំនួញអចលនទ្រព្យ ដោយមានក្រុមហ៊ុនឈ្មោះថា Ten Hag Real Estates agency។ ទោះយ៉ាងនេះក្តីលោក Erik ten Hag បានស្រលាញ់ចូលចិត្តបាល់ទាត់ ហើយបានបោះបង់ឱកាសធ្វើការ និងមុខជំនួញចោល ហើយពេលនេះបងប្អូនប្រុសរបស់លោកពីរនាក់ជាអ្នកគ្រប់គ្រងជំនួញទាំងនោះ ខណៈលោក មកចាប់យកអាជីពកីឡាវិញ។
 
លោក Ten Hag ធ្លាប់ជាកីឡាករបាល់ទាត់ចន្លោះឆ្នាំ ១៩៨៩-២០០២ ហើយប្រទេសហូឡង់ជាទីកន្លែង ដែលគ្រូបង្វឹកវ័យ៥២ឆ្នាំ ចំណាយពេលលេងស្ទើរមួយអាជីពជាកីឡាករ។ ក្លិប FC Twente, De Graafschap, RKC Waalwijk និងក្លិប FC Utrecht ដែលជាទីកន្លែងរបស់លោក Ten Hag  ធ្លាប់បានលេងមុនពេលចូលនិវត្តន៍វ័យ៣២ឆ្នាំ។
  


ក្រោយបញ្ចប់អាជីពជាកីឡាករបាល់ទាត់ លោក Ten hag ក៏មានឱកាសបានចូលរួមផ្នែកដឹកនាំ ក្នុងនាមជាគ្រូបង្វឹកដំបូងក្នុងឆ្នាំ ២០១២ ដោយបានដឹកនាំក្លិប Go Ahead Eagles ដែលស្ថិតនៅលីគទីពីរប្រទេសហូឡង់ Eerste Divisie មុនពេលផ្លាស់ទៅដឹកនាំក្រុម Bayern Munich II ឆ្នាំ ២០១៣ រហូតដល់ ២០១៥។ រដូវកាល ២០១៥-១៦ លោកបានផ្លាស់ទៅដឹកនាំក្លិប FC Utrecht នឹងជួយក្រុមឡើងឈរលេខ៥ ក្នុងលីគកំពូលហូឡង់ហើយបានកក់កៅអីលេងក្នុងពានរង្វាន់ Europa league វគ្គជម្រុះ Play-off។ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៧ លោក Erik ត្រូវបានក្លិប Ajax តែងតាំងជាគ្រូបង្វឹករហូតដល់ឆ្នាំ ២០២២ នេះ។
 
មុននឹងឈានដល់ការគ្រប់គ្រង Ajax Amsterdam អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ ក៏ធ្លាប់បានធ្វើការស្ថិតក្រោមការគ្រប់គ្រងរបស់លោក Pep Guardiola នៅក្លិប Bayern Munich ដែលធ្វើឱ្យលោកបានសិក្សានឹងរៀនសូត្របច្ចេកទេសដ៏ខ្លាំង ពីសំណាក់គ្រូបង្វឹកដ៏មានទេពកោសល្យសញ្ជាតិអេស្ប៉ាញនេះ។
 
បច្ចេកទេសដែលលោក Ten Hag និយមប្រើប្រាស់នៅ Ajax នឹងក្លិបដទៃដែលលោកធ្លាប់បង្វឹកនោះ គឺឱ្យកូនក្រុមលេងដោយទំនុកចិត្ត និងគ្រប់គ្រងបាល់ឲ្យបានច្រើន ជាពិសេសផ្តោតលើការប្រយុទ្ធ ហើយស្វែងរកវិធីសាស្ត្រក្នុងការគ្រប់គ្រងទម្រង់លេងពេលប្រកួត។«ខ្ញុំរៀនបានច្រើនពី Guardiola នូវទស្សនវិជ្ជារបស់គាត់ដ៏គួរឱ្យចាប់អារម្មណ៍នូវអ្វីដែលគាត់ធ្លាប់ធ្វើនៅ Barcelona , Bayern និងពេលនេះ Manchester City។ ជាមួយរបៀបការប្រយុទ្ធ ភាពសកម្មក្នុងការលេង គាត់ទទួលបានជ័យជម្នះច្រើន»។ លោក Ten Hag ធ្លាប់លើកឡើងបែបនេះកាលពីឆ្នាំ ២០១៩។
 
 លោក ​Erik Ten Hag ជាអ្នកចាត់ការសញ្ជាតិហូឡង់ និងជាបុគ្គលមួយរូប ដែលបានគ្រប់គ្រងលើក្រុម Ajax ស្ថិតក្នុងលីគកំពូលហូឡង់ Eredivisie រយៈពេល៤ឆ្នាំ ចាប់ពី ២០១៧ ដល់ឆ្នាំ ២០២២ នេះ។ បច្ចុប្បន្ន Ajax ស្ថិតនៅកំពូលតារាងក្របខណ្ឌ Eredivisie ដោយមាន ៧២ពិន្ទុ នាំមុខក្រុមលេខ២ PSV Eindhoven ត្រឹម៤ពិន្ទុ និងនៅសល់៥ប្រកួតក្នុងដៃ។
 
គ្រូបង្វឹកវ័យ៥២ឆ្នាំ បានរៀបការជាមួយអ្នកស្រី Bianca ten Hag ដែលជាគូរស្នេហ៍ស្រលាញ់គ្នាតាំងវ័យកុមារ ហើយលោកក៏មានកូន៣នាក់ជាមួយគ្នា ។
 
ពានរង្វាន់ដែល Ten Hag ឈ្នះ
ក្នុងអាជីពជាអ្នកចាត់ការលោក Ten Hag បានឈ្នះពានរង្វាន់៦ដង ហើយលោកក៏សម្រេចបានូវស្នាដៃផ្សេងៗជាច្រើនផងដែរ។ ឆ្នាំ ២០១២ លោកបានជួយក្លិប Go Ahead Eagles ឈ្នះកៅអីឡើងទៅប្រកួតលីគកំពូលហូឡង់លើកដំបូងក្នុងរយៈពេល ១៧ឆ្នាំ។ ជួយ Bayern Munich II ឈ្នះពានរង្វាន់ Regionalliga Bayern រដូវកាល ២០១៣-១៤។ 
 
ចាប់តាំងចូលដឹកនាំ Ajax លោក Ten Hag ឈ្នះពានរង្វាន់៥លើក ដោយឆ្នាំ ២០១៩ លោកបានឈ្នះពាន Dutch Super Cup 2019 , រដូវកាល ២០១៨-១៩ លោកឈ្នះពានរង្វាន់ Eredivisie និង KNVB Cup ហើយបាននាំ Ajax ទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions league នៅរដូវកាលនេះដែរ។
 
រដូវកាល ២០២០-២១ លោកកំពុងតែដឹកនាំ Ajax ប្រជែងពានរង្វាន់ Eredivisie មុនទៅដឹកនាំ Man Utd ។ លោក Erik Ten Hag បានក្លាយជាអ្នកចាត់ការដំបូងគេហើយលឿនបំផុត ដែលអាចដឹកនាំក្រុម Ajax ប្រកួតលីគឈ្នះ ១០០ប្រកួតពីការប្រកួត ១២៨លើក ចាប់តាំងពីដឹកនាំឆ្នាំ២០១៧ ដល់ដើមឆ្នាំ ២០២២​ នេះ។


 
សមិទ្ធិផលដែលលោក Ten Hag ទទួលបានផ្ទាល់ខ្លួន មានពានរង្វាន់ Eredivisie Manager of the Year ជាមួយក្លិប Utrecht ក្នុងឆ្នាំ ២០១៦ និងជាមួយ Ajax ក្នុងឆ្នាំ ២០១៩ ហើយក្នុងឆ្នាំដដែល លោកបានឈរតំណែងលេខ៤ ជាគ្រូបង្វឹកល្អ Best FIFA Mens Coach។ ក្នុងនាមជាកីឡាករលោក បានឈ្នះពានរង្វាន់លីគទីពីរ ជាមួយក្លិប De Graafschap ក្នុងឆ្នាំ ១៩៩០-៩១ និងឈ្នះពាន KNVB Cup ជាមួយក្លិប Twente ក្នុងឆ្នាំ ២០០០-០១។
 
តំណែងនៅ Ajax Amsterdam

មុនពីរសប្តាហ៍ដែលនាំក្លិប Ajax ឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកទី២០ប្រចាំប្រវត្តិសាស្រ្តក្លិប នៃពាន KNVB Cup ក្នុងខែមេសាឆ្នាំ ២០២១ លោក Ten Hag បានយល់ព្រមបន្តកិច្ចសន្យាជាមួយ Ajax ដឹកនាំរហូតដល់រដូវកាល ២០២២-២៣។ តែបន្ទាប់ពេលក្រុមបិសាចក្រហម Man Utd បានប្រកាសតែងតាំងជាអ្នកចាត់ការ ចាប់ពីររដូវកាល ២០២២-២៣ ទៅ លោក Ten Hag ត្រូវដឹកនាំ Ajax នៅត្រឹមការប្រកួតដែលសេះសល់នៅ នារដូវកាល ២០២១-២២ នេះ។ 
 
ក្រោយការប្រកាសរបស់ Ten Hag ក្នុងនាមជាអ្នកចាត់ការ Man Utd ប្រធានផ្នែកកីឡាកររបស់ក្លិបបិសាចក្រហម បានជូនពរលោក Ten Hag ឱ្យទទួលបានជោគជ័យក្រោយបញ្ចប់រដូវកាលនៅ Ajax ហើយនឹងផ្តាំឱ្យលោកសម្លឹងទៅមុខ ក្នុងការដឹកនាំបិសាចក្រហម​ នៅរដូវកាលក្រោយ៕
 
 
 

Tag:
 Erik Ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com