កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Guardiola ប្រាប់កូនក្រុមឱ្យរីករាយចំពោះការប្រកួតប្រជែងជាមួយក្រុមខ្លាំងដូច Real Madrid
26, Apr 2022 , 5:39 pm        
រូបភាព
ក្រុមមេឃខៀវ Manchester City នឹងបើកទ្វារកីឡដ្ឋាន Etihad Stadium ស្វាគមន៍ក្រុមអធិរាជស Real Madrid ក្នុងជំនួបពានរង្វាន់ UEFA Champions League ជើងទីមួយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី២៦ ខែមេសា វេលាម៉ោង២ (ម៉ោងនៅកម្ពុជា)រំលងអាធ្រាត្រ។


Man City បច្ចុប្បន្នជាក្រុមកំពុងឈរលំដាប់លេខមួយ កំពូលតារាង Premier League ក្នុងរដូវកាលនេះ ដែលកំពុងប្រជែងពានជាមួយក្រុម Liverpool។ ក្រុមមេឃខៀវក្នុងសប្តាហ៍នេះ ទើបតែបំបាក់ក្រុម Watford ក្នុងលទ្ធផល ៥-១ ដែលជាជ័យជម្នះដ៏ធំ មុនការប្រកួតពានរង្វាន់កំពូលអឺរ៉ុបមួយនេះមកដល់។
 
ក្លិបយក្ស Real Madrid ក៏ជាក្រុមដែលខិតជិតនឹងកាន់តំណែងម្ចាស់ពានរង្វាន់ La Liga រដូវកាល ២០២១-២២ នេះ បន្ទាប់ពីលោក Carlo Ancelotti បានចូលដឹកនាំក្នុងរដូវកាលនេះផ្ទាល់។ Real Madrid បានយកឈ្នះលើក្រុម Osasuna ដោយលទ្ធផល ៣-១ ក្នុងក្របខណ្ឌ La Liga មុនត្រូវជួបប្រកួតទល់ Man City។


 
Man City និង Real ធ្លាប់ជួបគ្នា៦លើកតែប៉ុណ្ណោះ ដោយការប្រកួតសុទ្ធសឹងតែជាជំនួបនៃពានរង្វាន់ UEFA Champions league ទាំងអស់ ហើយក្រុមទាំងពីរមានស្ថិតិ ឈ្នះ២ ស្មើ២ និងចាញ់២ ដូចគ្នា។ 
 
ក្នុងឆ្នាំ២០២០ Manchester City ក៏ធ្លាប់បានទម្លាក់ក្រុម Real Madrid ចេញពី UCL លើកដំបូងវិញ ដោយលទ្ធផលទាំងពីរជើង ៤-២ ត្រឹមវគ្គ១៦ក្រុម ហើយឆ្នាំដដែល ក្រុមដែលមកពីអង់គ្លេសមួយនេះ បានបន្តដំណើរទៅដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ វគ្គជម្រុះ Champions league ឆ្នាំ ២០១២ Man City ចាញ់ Real លទ្ធផលទាំងពីរជើង ៤-៣ និងឆ្នាំ ២០១៦ លទ្ធផល ១-០។
 
រីឯប្រាំប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ ក្រុមមេឃខៀវមានស្ថិតិមិនសូវល្អប៉ុន្មានឡើយ ដោយឈ្នះត្រឹម២ប្រកួត ស្មើ២ និងចាញ់១ប្រកួត។ ចំណែក Real Madrid ឈ្នះ៤ និងចាញ់១ប្រកួត ដោយចាញ់ក្រោមថ្វីជើង Barcelona លទ្ធផល ៤-០។ សម្រាប់បញ្ហាកីឡាករ Man City គឹមានត្រឹមតែកីឡាករម្នាក់ប៉ុណ្ណោះកំពុងជាប់បម្រាមគឺខ្សែបម្រើ Joao Cancelo និងខ្សែការពារ៣រូប របួសរួមមាន John Stone Kyle Walker និង Benjamin Mendy ឯ Real មិនមានកីឡាករដែលជាប់បម្រាមឡើយ តែ David Alaba, Ferland និង Casemiro រងរបួស។
 
មុនការប្រកួតឈានមកដល់ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ​ លោក Pep Guardiola ជួបក្រុមដូច Real គឺជាការប្រកួតប្រជែងដ៏ខ្លាំងមួយ ដែលកូនក្រុមគួររីករាយ។ « យើងមិនអាចប្រជែងជាមួយប្រវត្តិសាស្ត្រក្លិបរបស់ពួកគេបានឡើយ តែសម្រាប់យើងបានលេងទល់ពួកគេ គឺជារឿងដ៏អស្ចារ្យមួយដែលយើងចង់បាន ហើយធ្វើវា»។​ នេះជាការលើកឡើងរបស់​ Guardiola។
  


ទោះជាយ៉ាងនេះក្តីគ្រូបង្វឹករបស់ក្រុមទាំងពីរ ធ្លាប់ឆ្លងកាត់ការប្រកួតប្រជែងជាច្រើនលើកមកហើយ ដោយ Guardiola បានយកឈ្នះលើកលោក Ancelotti រហូតដល់ទៅ៤លើក ក្នុងចំណោម៦លើក។ 
 
Guardiola បានដឹកនាំ Man City យកឈ្នះ៤លើកក្រុម Everton ក្រោមការដឹកនាំរបស់លោក Ancelotti ។ Guardiola ក៏ធ្លាប់ដឹកនាំBayern Munich ចាញ់ក្រុម Real ២លើកវិញ ក្រោមការដឹកនាំរបស់លោក Ancelotti ដោយលទ្ធផល ៥-០ សរុបពីរជើងនៅ UCL នារដូវកាល ២០១៣-១០១៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
 
 

Tag:
 UEFA Champions league
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com