ជាតិ
សេដ្ឋកិច្ច
អាម៉េរិក នឹងផ្តល់ជំនួយ៦២លានដុល្លារដល់កម្ពុជា លើវិស័យសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន
27, Apr 2022 , 10:58 am        
រូបភាព
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា។ រូបថត៖ ស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា។ រូបថត៖ ស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា
ភ្នំពេញ៖ សហរដ្ឋអាម៉េរិក នឹងផ្តល់ជំនួយឥតសំណង ៦២លានដុល្លារ ដល់កម្ពុជាសម្រាប់អភិវឌ្ឍវិស័យ អប់រំ កសិកម្ម សុខាភិបាល និងបរិស្ថាន។ កញ្ចប់ជំនួយនេះ នឹងត្រូវប្រើនៅក្នុងឆ្នាំទីមួយនៃការអនុវត្តកិច្ចព្រមព្រៀង​ ស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍(DOAG) រវាងរដ្ឋាភិបាលទាំងពីរ។

 
រដ្ឋាភិបាលអាម៉េរិក តាមរយៈទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍(USAID) បាន​ចុះហត្ថលេខា​ ផ្តល់ជំនួយឥតសំណង សរុប៣៣៨លានដុល្លារដល់កម្ពុជា នៅលើ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ក្នុងរយៈពេល៥ឆ្នាំ(ឆ្នាំ២០២១-២០២៥)។ ឆ្នាំទីមួយនៃការអនុវត្តកិច្ចព្រមព្រៀងនេះ អាម៉េរិក នឹងផ្ដល់ថវិកា ៦២លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសុខាភិបាល  អប់រំ កសិកម្ម និងបរិស្ថាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី២៥ មេសា ឆ្នាំ២០២២។
 
CDC បានបញ្ជាក់ថា ក្នុងចំណោមកញ្ចប់ជំនួយ៦២លានដុល្លារ ដែលកម្ពុជាទទួលបានពីអាម៉េរិក សម្រាប់អនុវត្តគម្រោងក្នុងឆ្នាំទីមួយនេះ គឺមាន៤១,៦លានដុល្លារ នឹងយកទៅអភិវឌ្ឍវិស័យសុខាភិបាលនិងអប់រំ និងថវិកា២០,៥លានដុល្លារទៀត សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និងបរិស្ថាន។ ថវិកាទាំងនេះ នឹងប្រើប្រាស់ដោយភ្នាក់ងារអនុវត្តគម្រោងនានា នៅកម្ពុជា។
 
គិតចាប់ពីឆ្នាំ១៩៩៣ដល់ ២០២១ រដ្ឋាភិបាលអាម៉េរិក បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ប្រមាណ១,៧ពាន់លានដុល្លារ សម្រាប់គាំទ្រលើវិស័យសំខាន់ជាច្រើន ។ ក្រៅពីវិស័យខាងលើនេះ អាម៉េរិក ក៏គាំទ្រលើវិស័យអភិបាលកិច្ច, ការអភិវឌ្ឍបែបប្រជាធិបតេយ្យ​ រួមទាំងកម្មវិធីដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ផងដែរ៕ 
 

Tag:
 សុខាភិបាល កសិកម្ម និងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com