ជាតិ
ទេសចរ ត្រូវពាក់ម៉ាស់នៅសាលប្រជុំ ក្លិបកម្សាន្ត KTV ​និងកន្លែង​​បិទជិត និងមានម៉ាស៊ីនត្រ​ជាក់
27, Apr 2022 , 2:07 pm        
រូបភាព
ទេសចរដើរកម្សាន្តនៅរមនីយដ្ឋានដូងទេរ ក្នុងខេត្តកំពត នាអំឡុងពិធីបុណ្យចូលឆ្នាំកន្លងទៅ។
ទេសចរដើរកម្សាន្តនៅរមនីយដ្ឋានដូងទេរ ក្នុងខេត្តកំពត នាអំឡុងពិធីបុណ្យចូលឆ្នាំកន្លងទៅ។
ក្រសួងទេសចរណ៍ តម្រូវឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់នៅ​សម្បទាទេសចរណ៍ដែលបិទជិត(Closed Space) រួមមានសាលប្រជុំ សន្និសីទ និងពិព័រណ៍(MICE) សេវាកម្មក្លិបកម្សាន្ត រង្គសាល ខារ៉ាអូខេ ភោជនីយដ្ឋាន អាហារដ្ឋាន និងសម្ប​ទាទេសចរណ៍ដែលបិទជិត និងមានម៉ាស៊ីនត្រជាក់។

 
តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២៦ មេសា ក្រសួងទេសចរណ៍ ក៏តម្រូវឱ្យអ្នកទេសចរ បន្តអនុវត្តន៍វិធានសុវត្ថិភាពទេស​ចរណ៍ និងស្តង់ដារ SOP សម្រាប់វិស័យទេសចរណ៍ ព្រមទាំងគោរពវិធានការ«៣កុំ ៣ការពារ» ឱ្យខ្ជាប់ខ្ជួនដែរ នៅសម្បទាទេសចរណ៍ដែលបិទជិតនានា ដើម្បីចូលរួមទប់ស្កាត់ការឆ្លង នៃកូវីដ​-១៩។
 
ក្រៅពីទីកន្លែងបិទជិត និងមានម៉ាស៊ីនត្រជាក់ ទេសចរជាតិ និងអន្តរជាតិ អាចមិនពាក់ម៉ាស់​នៅគ្រប់ទីសាធារណៈ រួមទាំងគោលដៅទេសចរណ៍នានាដែលស្ថិតនៅទីលំហ (Open Space) ​ដូចជារមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ កន្លែងវាយកូនហ្គោល  និងកន្លែងដទៃទៀតដែលស្ថិតនៅទីលំហ ដោយឈរលើគោលការណ៍សម្រេចចិត្តដោយខ្លួនឯង និងដោយការទទួលខុសត្រូវរៀងខ្លួន ព្រមទាំងប្រកាន់ខ្ជាប់ខ្ជួនវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដារ SOP សម្រាប់វិស័យទេសចរណ៍។ នេះបើតាមលិខិតណែនាំរបស់ក្រសួងទេសចរណ៍ដដែល។
 
សូមជម្រាបថា នៅថ្ងៃទី២៦ មេសា ​រាជរដ្ឋាភិបាលកម្ពុជា បានលុបចោលនូវកាព្វកិច្ចពាក់ម៉ាស់​ នៅតាមទីសាធារណៈ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយទុកឱ្យពលរដ្ឋសម្រេចចិត្តថាតើត្រូវពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ដោយខ្លួនឯង។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាល ក៏តម្រូវឱ្យពលរដ្ឋពាក់ម៉ាស់នៅទីកន្លែងដែលបិទជិត និងមានម៉ាស៊ីនត្រជាក់ ព្រមទាំងកន្លែងសាធារណៈដែលមានមនុស្សកកកុញ ឬកន្លែងដែលមានដែលសង្ស័យផ្ទុះករណីឆ្លងកូវីដ-១៩ ជាដើម​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com