ជាតិ
សេដ្ឋកិច្ច
កម្ពុជាកំពុងសិក្សាលទ្ធភាពធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងព្រះសីហនុ
27, Apr 2022 , 7:59 pm        
រូបភាព
 រូបតំណាង៖ ខ្សែ​រថភ្លើង​ពី​ភ្នំពេញ​-​ប៉ោយប៉ែត  ដែលត្រូវបានដាក់​ដំណើរការ ​កាលពីខែកក្កដា ឆ្នាំ២០១៨។ រូបថត៖ ក្រសួងសាធារណការ
រូបតំណាង៖ ខ្សែ​រថភ្លើង​ពី​ភ្នំពេញ​-​ប៉ោយប៉ែត ដែលត្រូវបានដាក់​ដំណើរការ ​កាលពីខែកក្កដា ឆ្នាំ២០១៨។ រូបថត៖ ក្រសួងសាធារណការ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាលទ្ធភាពកែលម្អ​ប្រព័ន្ធផ្លូវដែក ដែលមានស្រាប់នៅកម្ពុជា ​ឱ្យក្លាយជាផ្លូវដែកល្បឿនលឿន។ ផ្លូវដែក ដែលមន្ត្រីជំនាញកំពុងសិក្សានោះ ចាប់ពីភ្នំពេញ-ប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ) និងភ្នំពេញ-ព្រះសីហនុ។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងតែសិក្សាសមិទ្ធិលទ្ធភាព(Feasibility Study) លើការធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿននៅកម្ពុជា សម្រាប់គាំទ្របន្ថែម ដល់វិស័យភស្ភុភារកម្ម(Logistics)។ លោក​បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នាឱកាសទស្សនកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី២៧មេសានេះ ថា៖ « យើងកំពុងសិក្សាកែផ្លូវដែកយើង ឱ្យទៅជាផ្លូវដែកល្បឿនលឿន ដោយពីភ្នំពេញ-ប៉ោយប៉ែត និងពីភ្នំពេញ-ក្រុងព្រះសីហនុ ហើយផ្លូវដែកនឹងចូលដល់កំពង់ផែព្រះសីហនុតែម្តង»។ 
 
ការសិក្សានេះ គឺធ្វើឡើងបន្ទាប់ពីសម្តេច ហ៊ុន សែន បានបញ្ជាឱ្យលោក ស៊ុន ចាន់ថុល ស្វែងរកដៃគូសហការ មកអភិវឌ្ឍន៍ផ្លូវរថភ្លើងចាស់ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដើម្បីបម្រើការដឹកជញ្ជូនក្នុងប្រទេសផង ក៏ដូចជាតភ្ជាប់ជាមួយប្រទេសជិតខាងផង។
 
 

លោក ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ  កំពុងថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៧មេសា។ 

បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូនរូបនេះ ការពិនិត្យលទ្ធភាពធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿននេះ ស្របពេលកម្ពុជានិងប្រទេសថៃ កំពុងសិក្សាលើគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ដើម្បីជួយសម្រួលដល់ការកកស្ទះ នៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត។ 
 
ប្រទេសថៃតាមរយៈគម្រោងទាំងពីរនេះ ក៏ផ្តល់ជំនួយដែករ៉ៃ ដែលប្រើរួចប្រវែង១៤០គីឡូម៉ែត្រ រួមទាំងកំណល់ និងក្រចាប់ ដែលជាប្រយោជន៍សម្រាប់ប្រើប្រាស់ នៅក្នុងវិស័យផ្លូវដែកនៅកម្ពុជាផងដែរ៕ 
 

Tag:
 
 ផ្លូវដែក
 ​ ព្រះសីហនុ
  បន្ទាយមានជ័យ
  លោក ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com