ជាតិ
ក្រសួងកសិកម្ម ពន្យល់មូលហេតុដែលការនាំចេញចេកស្រស់ និងស្វាយស្រស់ទៅចិន ធ្លាក់​​ចុះយ៉ាងគំ​ហុក
27, Apr 2022 , 6:19 pm        
រូបភាព
​ដើមឆ្នាំ២០២២នេះ បរិមាណនាំចេញកសិផលស្រស់ មានដូចជាចេកស្រស់ និងស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិន បានធ្លាក់ចុះយ៉ាងគំហុក បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ជុំវិញការធ្លាក់ចុះនៃការនាំចេញចេកស្រស់ និងផ្លែស្វាយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី២៧ មេសា។

 
​តាមរយៈការពិគ្រោះយោបល់​ជាមួយក្រុមហ៊ុននាំចេញ​ធំៗមួយ​ចំនួន ក្រសួង បានអះអាងថា ​ការឡើងថ្លៃយ៉ាងខ្លាំងនៃទូត្រជាក់សម្រាប់ផ្ទុកកសិផល ដែលឡើងដល់ទៅ៣ដង ធៀបនឹងតម្លៃមុនវិបត្តិកូវីដ-១៩។​ ជាមួយគ្នានេះ ការរឹតបន្តឹងការត្រួតពិនិត្យទំនិញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅតាមបណ្តាច្រកទ្វារនាំចូលប្រទេសចិន-វៀតណាម ​បណ្តាលឱ្យមានការរាំងស្ទះទំនិញ។ 
ក្រសួង បញ្ជាក់ទៀតថា  ការនាំចេញទៅកាន់ប្រទេសវៀតណាម មានការថយចុះ ដោយសារការនាំចេញពីវៀតណាម ទៅប្រទេសចិន អាចដំណើរការទៅបានតិចតួច ដោយសារកូវីដ​-១៩។ មូលហេតុមួយទៀតនោះ គឺការរឹតបន្តឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដែលបណ្តាលមកពីការរកឃើញកូវីដ​​-១៩ នៅលើសំបកកេសវេចខ្ចប់ផ្លែចេកពីសំណាក់អាជ្ញាធរចិន ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនមួយចំនួន ត្រូវអាក់ខានការនាំចេញមួយរយៈ និងក្រុមហ៊ុនខ្លះទុកចោល​មិនប្រមូលផល។
 
ក្រោមមូលហេតុទាំងនេះ ក្រសួងកសិកម្ម បន្តគូសបញ្ជាក់ថា ការនាំចេញកសិផល ទៅកាន់ទីផ្សារក្រៅប្រទេស តែងមានការប្រែប្រួលដែលជាការសម្រេចិត្តរបស់ផ្នែកឯកជន ដើម្បីឆ្លើយតបនឹងកត្តាទីផ្សារ។ 
 
​ជុំវិញការជំរុញកំណើននាំចេញកសិផល ក្រសួងកសិកម្ម បាននិងកំពុងខិតខំជំរុញការងារផលិតកម្ម ឱ្យកាន់តែមានភាពរីកចម្រើន​ប្រកបដោយគុណភាព និងសុវត្ថិភាព ស្របតាមលក្ខណ្ឌតម្រូវនៃប្រទេសនាំចូល ព្រមទាំង​ខំចរចាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់​ការនាំចេញកសិផលទាំងនោះ ទៅកាន់ទីផ្សារក្រៅប្រទេស ឱ្យបានកាន់តែច្រើន។ 
 
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងកសិកម្ម ក៏បានបញ្ចេញតួលេខកំណើននៃការការនាំចេញកសិផលរបស់កម្ពុជា នៅក្នុងរយៈពេល៤ ខែដើមឆ្នាំ២០២២នេះ។ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្ពុជាបានការនាំចេញកសិផលចំនួន ៤ ០៤០ ៧០៣, ៦៩តោន ដែលចំនួននេះកើនឡើង ជាង២១ម៉ឺនតោន ស្មើនឹង៥,៦ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលមានត្រឹមតែ ៣, ៨ លានតោន។ នេះបើតាមក្រសួងកសិកម្ម ដែលបន្តបញ្ជាក់ថា ក្នុងចំណោមកសិផលដែលនាំចេញនោះ មានអង្ករ ស្រូវ ដំឡូងមីស្រស់ ចំណីតដំណឡូងមីក្រៀម ម្សៅដំឡូងមី និងផលិតផលមួយចំនួន​ទៀត៕
 

Tag:
 នាំចេញ
 កសិផល
  ស្វាយស្រស់
  ចេក
  ស្រូវ
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com