កីឡាជាតិ
ជាតិ
សម្ដេច ហ៊ុន សែន ៖ ចាញ់-ឈ្នះជារឿងធម្មតា តែការខុសវិន័យ និងប្រើសារធាតុញៀន ជារឿងអសោចដល់ជាតិ
28, Apr 2022 , 12:41 pm        
រូបភាព
នាពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលត្រៀមចូលរួមប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ដាំអត្តពលិកទាំងអស់ កុំប្រើប្រាស់សារធាតុញៀន សម្រាប់ជំនួយកម្លាំង ដែលអាចធ្វើឲ្យខូចកិត្តិយសដល់ប្រទេសជាតិ។


សម្ដេច ហ៊ុន សែន បាននិយាយថា បើទោះជាប្រឹងប្រែងយកមេដាយមាស ឬមេដាយប្រាក់បាន្នច្រើនក៏ដោយ ឱ្យតែមានករណីប្រើប្រាស់សារធាតុញៀន និងខុសវិន័យនោះ វានឹងធ្វើឱ្យអាប់ឱនកិត្តិយសជាតិជាមិនខាន។ សម្ដេច ផ្ដាំកីឡាករ កីឡាការិនីទាំងអស់ គោរពវិន័យក្នុងការប្រកួតឱ្យបានត្រឹមត្រូវ។
 
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ពេលទៅប្រកួតនៅឆាកអន្តរជាតិ គឺទង់ជាតិប្រទេសបង្ហាញទៅដល់អន្តរជាតិ និងពិភពលោក ដូច្នេះមុខមាត់ និងសេចក្តីថ្លៃថ្នូរជាតិ មិនត្រូវឱ្យអាប់ឱនបានឡើយ។ ត្រង់ចំណុចនេះ សម្ដេច បន្ថែមថា បើកម្ពុជាឈ្នះមេដាយ គឺមានន័យថាប្រជាជន១៧លាននាក់ឈ្នះដូចគ្នា ហើយបើចាញ់ក៏ចាញ់ដូចគ្នាដែរ។ 
 
ថ្លែងក្នុងសំណេះសំណាលជាមួយប្រតិភូកីឡា នៅព្រឹកថ្ងៃទី២៨ មេសា នាមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ប្រមុខរដ្ឋាភិបាល បាននិយាយថា៖«ប៉ុន្តែរឿងឈ្នះចាញ់ជារឿងធម្មតា របស់កីឡា។ ឯរឿងខុសវិន័យ វាជាការអាប់ឱនកិត្តិយស ជាពិសេសការប្រើប្រាស់សារធាតុដែលមានការហាមឃាត់ ហ្នុងអន្តរាយមុខមាត់របស់ប្រទេសតែម្តង»។
 
ជាមួយគ្នាសម្ដេច ក៏មានបំណងដំឡើងប្រាក់ឧបត្ថម្ភសម្រាប់កីឡាករ និងកីឡាការិនី ឱ្យកាន់តែច្រើនដែរ បើសិនជាសេដ្ឋកិច្ចរីកចម្រើន កាន់តែខ្លាំង។
 
«ជាមូលដ្ឋាន យើងបានប្រឹងប្រែងហ្វឹកហាត់។ ការហ្វឹកហាត់សម្រាប់វិស័យកីឡាបានច្រើន ដោយមានប្រាក់ឧបត្ថម្ភទៀងទាត់។ សេដ្ឋកិច្ចនៅក្រ បើសេដ្ឋកិច្ចឡើងជាងហ្នឹង នឹងមានការឧបត្ថម្ភច្រើនជាងនេះ»។ នេះបើតាមនាយករដ្ឋមន្រ្តី។
 
បន្ថែមពីនេះ សម្ដេច ហ៊ុន សែន ប្រាប់ឱ្យលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ទាក់ទងទៅក្រុមហ៊ុនអាកាសចរក្នុងស្រុកនានា ដើម្បីរៀបចំយន្តហោះពិសេស ដឹកប្រតិភូកីឡាទៅប្រកួតនៅវៀតណាមតែម្ដង ដោយមិនចាំបាច់ឱ្យពួកគេជិះយន្តហោះរួមគ្នា ជាមួយអ្នកដំណើរដទៃទៀត ដើម្បីបញ្ជៀសហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។
 
ក្រៅពីនេះ សម្ដេច ហ៊ុន សែន ក៏ចំណាយប្រាក់ឧបត្ថម្ភដល់ប្រតិភូកីឡា ចំនួន៥០០ដុល្លារក្នុងម្នាក់ៗផងដែរ។ «៥០០ដុល្លារ ជាចំនួនមួយដ៏តិច ប៉ុន្តែរដ្ឋាភិបាល ក៏ចំណាយច្រើនដែរ តែពេលបានមេដាយត្រឡប់មកវិញ រដ្ឋាភិបាលក៏ចំណាយទៀត»។ សម្ដេច បន្ថែមបែបនេះ។
 
កម្ពុជា នឹងបញ្ជូនប្រតិភូកីឡា សរុប ៥៦០នាក់ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់។ ស៊ីហ្គេមលើកទី៣១ នៅវៀតណាម នឹងចាប់ធ្វើឡើងនៅថ្ងៃទី១២-២៣ ខែមេសា ឆ្នាំ២០២២។
 

Tag:
 ស៊ីហ្គេម
  សារធាតុញៀន
© រក្សាសិទ្ធិដោយ thmeythmey.com