អត្ថបទពាណិជ្ជកម្ម
ធនាគារ ហត្ថា ដាក់ឱ្យដំណើរការជាផ្លូវការ Hattha Smart Banking ដើម្បីបន្តផ្តល់នូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប និងទាន់សម័យ
29, Apr 2022 , 11:36 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២៖ ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជ ដែលមានបណ្តាញធំជាងគេលំដាប់ទី២ ផ្អែកទៅលើសាខាប្រតិបត្តិការ ក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀចំពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវ Hattha Smart Banking ដើម្បីផ្តល់ជូននូវស្វ័យសេវាធនាគារ ប្រកបដោយភាពឆ្លាតវៃ ងាយស្រួលប្រើប្រាស់បាន ២៤ម៉ោង ជាពិសេស បំពាក់ដោយបចេ្ចកវិទ្យាដ៏ទាន់សម័យ ដែលមានដូចជា ម៉ាស៊ីនអេធីអឹមដក-ដាក់ប្រាក់ ម៉ាស៊ីនបើកគណនីប្រាក់បញ្ញើសន្សំ និងសេវាកម្មផ្សេងៗជាច្រើនទៀត។  

លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “ធនាគារ ហត្ថា បានយល់យ៉ាងច្បាស់ អំពីតម្រូវការរបស់អតិថិជន ជាពិសេសតម្រូវការសេវាកម្មធនាគារ តាមបែបឌីជីថល ដូចនេះបានជាធនាគារ វិនិយោគនូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបង្កើត និងដាក់ឱ្យប្រើប្រាស់ Hattha Smart Banking នៅថ្ងៃនេះ។ យើងជឿជាក់ថា Hattha Smart Banking ពិតជាអាចជួយសម្រួលដល់ការធ្វើប្រតិបតិ្តការហិរញ្ញវត្ថុរបស់អតិថិជន ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ជាពិសេស ជាផ្នែកមួយដ៏សំខាន់ សម្រាប់ការរស់នៅ និងការប្រកបអាជីវកម្មតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩”។ 


 
លោកបានបន្ថែមទៀតថា៖ “ជាជំហានដំបូង យើងដាក់ឱ្យប្រើប្រាស់នៅសាខាចំការមននេះមួយសិន ហើយក្នុងពេលឆាប់ៗខាងមុខនេះ Hattha Smart Banking នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាច្រើនកន្លែងផ្សេងទៀត ក្នុងក្រុងភ្នំពេញ និងបណ្តាខេត្តធំៗមួយចំនួនទៀត។” 
 
លោក នួន វីរ:ដារ៉ា អគ្គនាយកឌីជីថល ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “ជាមួយ Hattha Smart Banking   អតិថិជន អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុយ៉ាងសម្បូរបែប ២៤/៧ បានយ៉ាងងាយស្រួល មិនអស់កម្រៃសេវា និងមានសុវត្ថិភាពខ្ពស់។ សេវាហិរញ្ញវត្ថុទំាងនោះ រួមមានបើកគណនីបញ្ញើសន្សំ បើកគណនីបញ្ញើមានកាលកំណត់ ដាក់/ដកប្រាក់ ផ្ទេរប្រាក់ក្នុង និងឆ្លងធនាគារ បង់វិក័យបត្រគ្រប់ប្រភេទជាដើម។ល។” 
 


ក្នុងឱកាសនេះផងដែរ ដើម្បីអបអរសាទរនូវសមិទ្ធផលថ្មីមួយទៀត ក្នុងការដាក់ឱ្យប្រើប្រាស់នូវ Hattha Smart Banking បានដោយជោគជ័យ ធនាគារ ហត្ថា ក៏បានរៀបចំស្តង់ប្រម៉ូសិន នៅមុខការិយាល័យសាខាចំការមន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ក្នុងគោលបំណងផ្តល់នូវព័ត៌មានផ្សេងៗ ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ និងផ្តល់នូវរង្វាន់ភ្លាមៗជាច្រើន ដល់អតិថិជនចូលរួមកម្មវិធី រួមមាន iWatch AirPods ឆ័ត្រ ថង់បរិស្ថាន និងវត្ថុអនុស្សាវរីយ៍ ជាច្រើនទៀត។ 
 
ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទំនាក់ទំនង ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦៕
 




(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com