ជាតិ
សង្គមជាតិ
លោក ហោ ណាំហុង៖ អតីតមេបញ្ជាការអ៊ុនតាក់ អាចមើលឃើញភាពខុសគ្នានៅកម្ពុជារវាងឆ្នាំ៩១ និងសព្វថ្ងៃ
29, Apr 2022 , 2:29 pm        
រូបភាព
ជំនួបរវាងលោក ហោ ណាំហុង និង លោក ចន សានដឺសុន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក ហោ ណាំហុង
ជំនួបរវាងលោក ហោ ណាំហុង និង លោក ចន សានដឺសុន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក ហោ ណាំហុង
 ដោយ៖ ទេពញាណ 
 
ក្នុងជំនួបផ្ទាល់មុខជាមួយគ្នា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា និង លោកឧត្តមសេនីយ៍ឯក ចន សានដឺសុន យោធាជាន់ខ្ពស់របស់អូស្រ្តាលី និងជាអតីតមេបញ្ជាការកងកម្លាំងអ៊ុនតាក់ (UNTAC) បាននាំគ្នារម្លឹកពីអតីតកាលខ្លះៗ ដោយលោក ហោ ណាំហុង រម្លឹកពីការប្រឹងប្រែងរបស់មេដឹកនាំកម្ពុជា ក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ រីឯលោក ចន សានដឺសុន រម្លឹកពីព្រឹត្តិការណ៍បោះឆ្នោតដំបូងនៅកម្ពុជា កាលពីឆ្នាំ១៩៩៣។ ខ្លឹមសារនៃជំនួបនេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ហោ ណាំហុង។

 
លោក ហោ ណាំហុង ប្រសាសន៍ទៅកាន់លោក ចន សានដឺសុន ថា៖«ក្នុងពេលទស្សនកិច្ចនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក អាចមើលឃើញភាពខុសគ្នារវាងកម្ពុជាពីឆ្នាំ១៩៩១ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប្រកបដោយសន្ដិភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ»។ ទំព័រហ្វេសប៊ុករបស់លោក ហោ ណាំហុង ស្រង់សម្តីរបស់លោក ចន សានដឺសុន ថា៖«ឯកឧត្តមឧត្តមសេនីយ៍ឯក បានលើកឡើងថា ឯកឧត្តម មិននឹកស្មានថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សដូច្នេះទេ និងឃើញប្រជាជនមានភាពសប្បាយរីករាយ»។
 
មុនជួបលោក ហោ ណាំហុង លោក ចន សានដឺសុន បានជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេស និង លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។ បើតាមសំណេរលើទំព័រហ្វេសប៊ុករបស់សម្តេច លោក ចន សានដឺសុន និយាយទៅកាន់សម្តេចថា កម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោក ក៏សរសើររាជធានីភ្នំពេញដែរថា មានការអភិវឌ្ឍយ៉ាងស្រស់បំព្រង។ នៅចំពោះមុខលោក ចន សានដឺសុន ប្រមុខរដ្ឋាភិបាលកម្ពុជា បានអរគុណរដ្ឋាភិបាលអូស្ត្រាលី ដែលបានរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។ 
 
ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុកថា អូស្ត្រាលី បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើត និងការចរចាបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមរបស់អ៊ុនតាក់។ សា្ថនទូត បន្តថា ក្នុងនាមជាមេបញ្ជាការកងកម្លាំងអ៊ុនតាក់ លោក សានដឺសុន បានគ្រប់គ្រងយោធា និងមន្ត្រីជិត១,៦ម៉ឺននាក់។ ស្ថានទូត បន្ថែមថា អូស្ត្រាលី ថែមទាំងបានបញ្ជូនបុគ្គលិកខ្លួន១,២ពាន់នាក់ មកជួយអ៊ុនតាក់។ 
 
លោក ចន សានដឺសុន ដែលបច្ចុប្បន្នមានវ័យ៨១ឆ្នាំ បាននាំភរិយាមកទស្សនកិច្ចនៅកម្ពុជាប្រមាណ១០ថ្ងៃ ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-អូស្រ្តាលី និងខួប៣០ឆ្នាំនៃការបង្កើតអ៊ុនតាក់ (អាជ្ញាធរបណ្តោះអង្គការសហប្រជាជាតិប្រចាំកម្ពុជា)។ 
 
ខណៈលោក ចន សានដឺសុន កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា សាកលវិទ្យល័យកម្ពុជា (UC) បានប្រគល់សញ្ញាបត្របណ្ឌិតផ្នែកសន្តិភាព ជូនលោក កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២៕ 
 

Tag:
 ហោ ណាំហុង
  John Sanderson
© រក្សាសិទ្ធិដោយ thmeythmey.com