ជាតិ
សិល្បះ
អ្នកជំនាញ កំពុងសង្គ្រោះកុដិឈើចំណាស់២ខ្នងក្នុងវត្តព្រះព្រហ្មរ័ត្ន ដែលទ្រុឌទ្រោមខ្លាំង
30, Apr 2022 , 9:29 am        
រូបភាព
ប្រភពរូបភាព៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ
ប្រភពរូបភាព៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ
អ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុល និងសង្គ្រោះ កុដិឈើ២ខ្នង ក្នុងបរិវេណវត្តព្រះព្រហ្មរ័ត្ន ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ ស្ថាបត្យកម្មឈើទាំង២នេះ ដែលមួយត្រូវបានសាងសង់ក្នុងអំឡុងឆ្នាំ១៩៤០ និងមួយខ្នងទៀតត្រូវបានសាងសង់ក្នុងអំឡុងឆ្នាំ១៩៥០នេះ មានគុណតម្លៃដ៏ពិសិដ្ឋ និងយ៉ាងល្អឯក ទាំងរូបរាង បច្ចេកទេស និងភាពប្រណិតនៃសិល្បៈខ្មែរ ដែលទាមទារឱ្យមានការសង្គ្រោះបន្ទាន់ដើម្បីរក្សាឱ្យបាននូវគុណតម្លៃ នៃស្ថាបត្យកម្មដ៏ល្អឯកនេះ។

 
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកុដិឈើ២ខ្នង ក្នុងបរិវេណវត្តព្រះព្រហ្មរ័ត្ន ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ផ្នែកខាងលិច ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ តាមរយៈទំព័រហ្វេសប៊ុកខ្លួនអាជ្ញាធរជាតិអប្សរា បានសរសេរថា វត្តព្រះព្រហ្មរ័ត្ន ជាអារាមមួយដ៏ចំណាស់ ហើយនៅក្នុងអារាមមួយនេះ មានសំណង់កុដិឈើទាំង២ខ្នងនេះ សង់ខ្ពស់ផុតពីដី ដំបូលប្រក់ក្បឿង ដែលមានទម្រង់ស្ថាបត្យកម្មពីរផ្សេងគ្នា មួយជាទម្រង់កុដិដំបូលខ្មែរ និងមួយទៀតជាទម្រង់កុដិប៉ិត។ តាមដីកាព្រះមហាវិមលធម្ម ពិន សែម ចៅអធិការវត្តរាជបូណ៍ កុដិដែលមានដំបូលខ្មែរ ឬកឹង ត្រូវបានសាងសង់ក្នុងអំឡុងឆ្នាំ១៩៤០ ហើយកុដិដែលមានដំបូលប៉ិត ត្រូវបានសាងសង់ក្នុងអំឡុងឆ្នាំ១៩៥០។ 
 
សព្វថ្ងៃកុដិទាំង២នេះ មានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ព្រោះអាយុកាលផង គុណភាពសំណង់មួយផ្នែកផង និងមានការបំផ្លាញដោយសត្វល្អិតផង។ ទោះបីជាវាមានសភាពទ្រុឌទ្រោមយ៉ាងណា អ្នកបច្ចេកទេស របស់អាជ្ញាធរជាតិអប្សរា នឹងប្រឹងប្រែងសង្រ្គោះសំណង់ឈើនេះ ដោយប្រើបច្ចេកទេស និងសម្ភារដូចដើមទាំងស្រុង ដើម្បីឱ្យសំណង់នេះស្ថិតស្ថិរទៅមុខទៀត និងរក្សាឱ្យបាននូវគុណតម្លៃនៃស្ថាបត្យកម្មដ៏ល្អឯកនេះ។ អាជ្ញាធរជាតិអប្សរា បញ្ជាក់ដូច្នេះ រួចបន្តថា៖ «ស្ថាបត្យកម្មនៃសំណង់ឈើនេះ មានគុណតម្លៃដ៏ពិសិដ្ឋ និងយ៉ាងល្អឯក ទាំងរូបរាង បច្ចេកទេស និងភាពប្រណិតនៃសិល្បៈ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្មមួយនេះ»។ 
 
សម្រាប់ស្ថាប័នជំនាញមួយនេះ ប្រសិនបើសំណង់ឈើនេះបាត់បង់រូបរាង នោះមិនត្រឹមតែបច្ចេកទេសសាងសង់ ដូចជាការភ្ជាប់គ្រឿងបង្គុំ រវាងឈើ និងឈើត្រូវបាត់បង់ទេ ប៉ុន្តែភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈ ជំនឿ ទំនៀមទម្លាប់មួយចំនួនទៀត ដែលស្តែងឡើងតាមរយៈសំណង់ឈើនេះ នឹងត្រូវបាត់បង់ទៅជាមួយដែរ។ 
 
អាជ្ញាធរជាតិអប្សរា ជឿជាក់ថា ក្រោយពីការជួសជុលរួច សំណង់ឈើមួយនេះនឹងបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត នឹងរក្សាបាននូវគុណតម្លៃសិល្បៈ និងជំនឿនានា ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងរៀនសូត្រ សម្រាប់អ្នកជំនាន់ក្រោយ។ លើសនេះទៀត វត្តមាននៃស្ថាបត្យកម្មឈើទាំង២ខ្នង ក៏ចូលរួមចំណែករក្សានូវមរតកពីបុរាណ និងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរ មកទស្សនាស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណក្នុងរមណីយដ្ឋានអង្គរដែរ៕
 
ប្រភពរូបភាព៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ៖
 











 

Tag:
 កុដិឈើ
  ស្ថាបត្យកម្ម
  វត្តព្រះព្រហ្មរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com