ជាតិ
សេដ្ឋកិច្ច
កម្ពុជា កំពុងជំរុញចលនាភូមិ១ ផលិតផល១ នៅរាជធានី-ខេត្តចំនួន១១
29, Apr 2022 , 8:59 pm        
រូបភាព
លោកយឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ កំពុងថតរូបជាមួយក្រុមការងារ (រាប់ពីសាំ្តទី៤) ដោយឈរនៅជាប់នឹងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
លោកយឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ កំពុងថតរូបជាមួយក្រុមការងារ (រាប់ពីសាំ្តទី៤) ដោយឈរនៅជាប់នឹងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
ដោយ ៖ ធន់ សេងហុង 
 
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ ផលិតផល១ សហការជាមួយអង្គការ និងវិស័យឯកជន កំពុងជំរុញចលនាភូមិ១ ផលិតផល១ នៅក្នុងរាជធានី-ខេត្តចំនួន១១។ ចលនាជំរុញនេះ គឺមានរយៈពេល៨ខែ ដែលអនុវត្តចាប់ពីថ្ងៃទី២៨មេសា ឆ្នាំ២០២២ តទៅ។ ​

 
គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក សហគ្រាសមីក្រូ និងសហគ្រាសធុនតូច និងមធ្យម(SME) ត្រូវបានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១(គ.ជ.ភ១.ផ១.) សហការជាមួយអង្គការ ស្ថាប័ន ក្រុមហ៊ុន ដើម្បីអនុវត្តនៅខេត្តចំនួន១១។  បើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម គម្រោងនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការជួយរកទីផ្សារលក់ផលិតផលខ្មែរ ជួយពង្រឹងគុណភាព សោភ័ណភាព និងឧត្តមភាពផលិតផលខ្មែរ ដើម្បីលក់ និងប្រកួតប្រជែង ក្នុងទីផ្សារក្នុងស្រុក និងនៅបរទេស។
 
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គ.ជ.ភ១.ផ១. សហការជាមួយអង្គការ Oxfarm ក្នុងរយៈពេល៨ខែ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍអាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក សហគ្រាសមីក្រូ និងសហគ្រាសធុនតូចនិងមធ្យម នៅខេត្តគោលដៅ  ដូចជា ខេត្តកំពត, តាកែវ, ព្រះសីហនុ, សៀមរាប, បាត់ដំបង,បន្ទាយមានជ័យ, កំពង់ចាម និងរាជធានីភ្នំពេញ។  គម្រោងនេះ អនុវត្តចាប់ពីថ្ងៃទី២៨មេសា​ ឆ្នាំ២០២២ ត ទៅ។ ក្រៅពីនេះ គ.ជ.ភ១.ផ១. ក៏ពិភាក្សាជាមួយអង្គការ និងក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីពង្រីកគម្រោងនេះ ទៅដល់ខេត្តស្វាយរៀង, កំពង់ឆ្នាំង និងឧត្តរមានជ័យផងដែរ។ 
 

លោកយឹម ឆៃលី កំពុងដឹកនាំកិច្ចប្រជុំ គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក សហគ្រាសមីក្រូ និងសហគ្រាសធុនតូច និងមធ្យម នៅទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៨មេសា​។ រូបថត៖ MoC

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានប្តេជ្ញានឹងបង្កើនប្រសិទ្ធភាពការងារក្នុងក្រុមការងារ ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។  លោក បន្តមានប្រសាសន៍ដោយមានភាពជឿជាក់យ៉ាងដូច្នេះ៖ «យើងនឹងបង្កើតបាននូវវប្បធម៌សាមគ្គីភាពមួយ ដើម្បីជំរុញ និងគាំទ្រដល់កសិករ ផលិតករ សិប្បករ និងសេវាករខ្មែរ ក្នុងគោលដៅកែលម្អជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ»។
 
សូមជម្រាបថា ក្រៅពីអង្គការ និងស្ថាប័នខាងលើហើយនោះ  បច្ចុប្បន្ន គ.ជ.ភ១.ផ១. ក៏កំពុងសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្មព្រែកលាប ដើម្បីផលិតផលមួយចំនួន ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ជាផលិតផលភូមិ១ ផលិតផល១ ដែលមាន១២១មុខ នៅក្នុងខេត្ត១០។ លើសពីនេះ គ.ជ.ភ១.ផ១. ក៏សហការជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងរករូបមន្តអភិវឌ្ឍផលិតផលក្នុងស្រុក ឱ្យកាន់តែមានតម្លៃបន្ថែម និងមានគ្រប់សក្តានុពល សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុង និងក្រៅប្រទេសដែរ៕ 
 
 
 

Tag:
 ​ ពាណិជ្ជកម្ម
  ភូមិ១ ផលិតផល១
  កសិកម្ម
 កសិផល
© រក្សាសិទ្ធិដោយ thmeythmey.com