ជាតិ
សេដ្ឋកិច្ច
ម៉ាឡេស៊ី ដាក់ទុនវិនិយោគនៅកម្ពុជា ជាង៣ពាន់លានដុល្លារ គិតត្រឹមដើមឆ្នាំ២០២២
29, Apr 2022 , 9:59 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ថតរូបជាមួយក្រុមធុរជនមកពីប្រទេសម៉ាឡេស៊ី នៅមុខទីស្តីការក្រសួង កាលពីថ្ងៃទី២៧ មេសា ២០២២។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ថតរូបជាមួយក្រុមធុរជនមកពីប្រទេសម៉ាឡេស៊ី នៅមុខទីស្តីការក្រសួង កាលពីថ្ងៃទី២៧ មេសា ២០២២។
ភ្នំពេញ៖ ម៉ាឡេស៊ី ជាប្រទេសឈរនៅលំដាប់ទីបីក្នុងតំបន់អាស៊ាន បន្ទាប់ពី វៀតណាម និងសិង្ហបុរី ដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាទទួលបានលំហូរទុនវិនិយោគដោយផ្ទាល់ពីប្រទេសម៉ាឡេស៊ី ប្រមាណ ៣,២ពាន់លានអាម៉េរិក។ នេះយោងបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

 
វិនិយោគិនពីប្រទេសម៉ាឡេស៊ី បានបោះទុននៅកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាន កសិកម្ម និងសំណង់ ចំនួន១៦២គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៣,២ពាន់លានដុល្លារ។ តួលេខនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបរវាងលោក ប្រាក់​ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយគណៈប្រតិភូសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SMEs) ចំនួន៥៣នាក់ នាក្នុង​ឱកាសដំណើរ​បំពេញ​បេសកកម្មធុរកិច្ច​នៅ​កម្ពុជា កាលពីថ្ងៃទី២៧មេសា។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស គោលដៅដែលក្រុមធុរជនម៉ាឡេស៊ីមកបំពេញ​បេសកកម្មនៅ​កម្ពុជានេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយផ្តោតសំខាន់លើទំនុកចិត្ត និងផលប្រយោជន៍រួម។ 
 
លោកប្រាក់ សាខុន វាយតម្លៃខ្ពស់ចំពោះកំណើននៃរំហូរវិនិយោគរបស់ម៉ាឡេស៊ីមកកម្ពុជា ជាមួយនឹងការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរគួរឱ្យកត់សម្គាល់។ លោក​ បានបញ្ជាក់ថា៖ «ប្រទេសទាំងពីរប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលដៅសម្របសម្រួល និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩»។
 
សូមជម្រាបថា កាលឆ្នាំ២០២១ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​គឺមានប្រមាណ៥០០ លាន​ដុល្លារ​។ ទំហំនេះ បានកើន១៣ភាគរយ ​ធៀប​នឹង​ឆ្នាំ២០២០។ ដោយឡែក ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២  ពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានប្រមាណ ១៤៧លានដុល្លារ ដែលកើនក្នុងរង្វង់១៥ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២១។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ 
 

Tag:
 វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com