ពីនេះ ពីនោះ
«ស្ថានបាល» មានន័យថា អ្នក​ចាំទី, ឆ្មាំទី, អ្នក​ចាំប៉ែក
11, Oct 2022 , 7:29 am        
រូបភាព
វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត លើកឡើង​ពីសទិសន័យ​មួយដែលស្មើនឹងពាក្យ «អ្នកចាំទី»។ ពាក្យនោះ គឺ «ស្ថានបាល»។ សារព័ត៌មាន​ថ្មីៗ គ្រាន់តែចង់​លើកយកពាក្យនេះ មក​បង្ហាញប៉ុណ្ណោះ គ្មាន​បំណង​ចង់កែប្រែទម្លាប់​នៃការសរសេរនោះឡើយ។ 

 
«ស្ថានបាល» ត្រូវបាន​លើកយកមក​បង្ហាញបន្ថែម ក្នុងនិយមន័យ​ពាក្យ «ស្ថាន»។ ស្ថាន មានន័យ​ថា ឋាន, ដោយស្ថាន, ដោយកន្លែង, ដោយឡែក។ ស្ថានការណ៍ ស្ថានភាព; ទីតាំងនៅពិតប្រាកដ; អាកប្បកិរិយា, ហេតុភេទ, ដំណើរទំនង, បែបបទ, ជើងការ, ដំណើរការណ៍ដែលប្រព្រឹត្តទៅ; ជំហរ, ស្ថានទោស ថ្នាក់ទោស, កម្រិតទោស ។ 
 
ត្រង់ពាក្យ «ស្ថានបាល» វចនានុក្រម បង្ហាញន័យ​ស្មើនឹងពាក្យ អ្នកចាំទី, ឆ្មាំទី; អ្នកចាំប៉ែក ។ 
 
ពាក្យ​ «បាល» ដាច់ដោយឡែក មិន​ត្រូវបាន​លើកយកមក​ពន្យល់ឡើយ ប៉ុន្តែ​បើតាមអត្ថន័យពាក្យមួយចំនួន អាចឲ្យយើងយល់បាន​ថា «បាល» មានន័យ​ស្មើពាក្យ ឆ្មាំ, អ្នក​រក្សា, អ្នកការពារ។
 
ទ្វារបាល គឺ អ្នករក្សាទ្វារ, អ្នកចាំទ្វារ (ឆ្មាំទ្វារ )។ នគរបាល គឺអ្នករក្សានគរ ( ហៅក្លាយជា អង្គរបាល ក៏មាន )។ មន្ទីរបាល មានន័យថា អ្នកចាំមន្ទីរ, ឆ្មាំមន្ទីរ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com